រាជធានីភ្នំពេញ៖ ជំងឺរលាកសាច់បំពង់កស្រួចស្រាវ គឺជាការឆ្លងមេរោគទូទៅ ប៉ុន្តែបើមិនព្យាបាលទាន់ពេល អាចឈានដល់ផលវិបាកធ្ងន់ធ្ងរ។ យោងតាមការផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបង្ហាញយ៉ាងលម្អិតអំពីសញ្ញាណសំខាន់ៗដែលអ្នកត្រូវតាមដាន៖
រោគសញ្ញាទូទៅដែលកើតឡើងភ្លាមៗ
នៅពេលមានការរលាកសាច់បំពង់កស្រួចស្រាវ អ្នកជំងឺនឹងមានរោគសញ្ញាសំខាន់ៗទាំងនេះ៖
- ឈឺបំពង់កខ្លាំង: ជាពិសេសនៅពេលលេបទឹកមាត់ ឬលេបអាហារ។
- ពិបាកលេប: មានអារម្មណ៍ថាទើស ឬស្ទះនៅបំពង់កពេលទទួលទាន។
- គ្រុនក្ដៅ: កម្ដៅខ្លួនឡើងខ្ពស់។
- ស្អក ឬបាត់បង់សំឡេង: បណ្តាលមកពីការរលាករាលដាលដល់ប្រអប់សំឡេង។
- អស់កម្លាំង: រាងកាយចុះខ្សោយដោយសារការឆ្លងមេរោគ។
ប្រយ័ត្ន! សញ្ញាណធ្ងន់ធ្ងរដែលទាមទារការពិនិត្យបន្ទាន់
ក្នុងករណីដែលជំងឺវិវត្តន៍ទៅជាធ្ងន់ធ្ងរ អ្នកជំងឺអាចនឹងជួបប្រទះផលវិបាកដែលត្រូវការការព្យាបាលជាបន្ទាន់៖
- ពិបាកដកដង្ហើម: ដោយសារតែសាច់បំពង់កហើមខ្លាំង ស្ទះផ្លូវដង្ហើម។
- ការឈឺចាប់រាលដាលដល់ត្រចៀក: ជាសញ្ញាបង្ហាញថាការរលាកមានភាពខ្លាំងក្លា។
- អាប់សែ: ការដុះខ្ទុះនៅជុំវិញសាច់បំពង់ក ដែលជាផលវិបាកធ្ងន់ធ្ងរ និងត្រូវការការវះកាត់តូចមួយដើម្បីបង្ហូរខ្ទុះចេញ។
អនុសាសន៍៖ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយខាងលើនេះ ជាពិសេសករណីធ្ងន់ធ្ងរ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ