ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gates សន្យា​បរិច្ចាគ​ទ្រព្យ៩៩% ដល់​សកម្មភាព​មនុស្សធម៌ ព្រោះ​មិន​ចង់​ស្លា.ប់មាន​​ឈ្មោះជា​អ្នកមាន

1 នាទី មុន

សហរដ្ឋអាមេរិក ៖ លោក Bill Gates សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៥…

សហរដ្ឋអាមេរិក ៖ លោក Bill Gates សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៥ ថា លោក​មាន​បំណង​បរិច្ចាគ​ទ្រព្យសម្បត្តិ ៩៩% របស់​លោក​ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ២០០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ជួយ​ដល់​ប្រជាជន​ក្រីក្រ​នៅ​លើ​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ពី CNBC, CNN និង The Guardian​។

លោក Bill Gates បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​នឹង​ព​ន្លឿ​ន​ការ​បរិច្ចាគ​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងអស់​តាម​រយៈ​មូលនិធិ​ផ្ទាល់​របស់​លោក ជាមួយ​ផែនការ​បញ្ចប់​ប្រតិបត្តិការ​មូលនិធិ​ដ៏​សំខាន់​នេះ នៅ​ត្រឹម​ឆ្នាំ ២០៤៥​។ មហាសេដ្ឋី​អា​មេ​រិ​ក​វ័យ​៦៩​ឆ្នាំ​រូប​នេះ បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​នៅ​ក្នុង​ប្លុក​របស់​លោក​ដូច្នេះ​ថា «​មនុស្ស​គ្រប់​គ្នា​នឹង​និយាយ​រឿង​ជា​ច្រើន​អំពីខ្ញុំ​នៅ​ពេល​ខ្ញុំ​ស្លាប់​ទៅ ប៉ុន្តែ​ខ្ញុំ​តាំងចិត្ត​មិន​ចង់​ឮ​ពាក្យ​ថា គាត់​បាន​ស្លាប់​ទៅ​ក្នុង​នាម​ជា​អ្នកមាន​ជាមួយ​ទ្រព្យ​ដ៏​ច្រើន នឹង​មិនមែន​ស្លាប់​ដូច​ជា​ពួក​គេ​នោះ​ទេ​»​។

លោក Bill Gates បាន​និយាយ​ថា មូលនិធិ​ដែល​មានឈ្មោះ​របស់​លោក​បាន​បរិច្ចាគ​ប្រាក់​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ​រួច​ហើយ ដល់​គម្រោង​សុខភាព និង​ការ​អភិវឌ្ឍន៍ ហើយ​លោក​រំពឹង​ថា​នឹង​បរិច្ចាគ ២០០​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត ប៉ុន្តែ​អាស្រ័យ​លើ​ទីផ្សារ និង​អតិផរណា​ក្នុង​រយៈពេល​២​ទសវត្សរ៍​ខាង​មុខ​។

សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ដែល​បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក ត្រូវ​បាន​រាយការណ៍​ដោយ Bloomberg ថា​មាន​ប្រមាណ​១៦៨​ពាន់​លាន​ដុល្លារ ធ្លាប់​បាន​សន្យា​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​លះបង់​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​លោក​ទៅ​ដល់​មូលនិធិ​សប្បុរសធម៌​របស់​លោក​ផ្ទាល់ខ្លួន ហើយ​គោលដៅ​ចុង​ក្រោយ​របស់​លោក គឺ​មិន​ចង់​មានឈ្មោះ​ក្នុង​បញ្ជី​បុគ្គល​មាន​បំផុត​របស់​ពិភពលោក​។

ចាប់តាំងពី​បង្កើត​នៅ​ក្នុង​ឆ្នាំ ២០០០ មូលនិធិ​របស់​លោក Bill Gates បាន​រួមចំណែក​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ​ដល់​បុព្វហេតុ​សកលលោក ពិសេស​ដើម្បី​លុប​បំបាត់​ជំងឺឆ្លង និង​ភាព​ក្រីក្រ ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ពង្រីក​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខភាព និង​ការ​អប់រំ​។

ក្រៅពី​ការ​ប្រកាស​អំពី​បំណង​បរិច្ចាគ​ទ្រព្យសម្បត្តិ ៩៩% របស់​លោក​ហើយ​នោះ លោក Bill Gates ថែម​ទាំង​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​លោក Elon Musk ចំពោះ​ការ​កាត់​បន្ថយ​ការ​ផ្តល់​មូលនិធិ​ដល់ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ដោយ​ចោទប្រកាន់​មហាសេដ្ឋី​សញ្ជាតិ​អា​មេ​រិ​ក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla និង​ជា​បុគ្គល​មាន​បំផុត​នៅ​លើ​ពិភពលោក​រូប​នេះ​ចំ​ៗ​ថា កំពុង​សម្លាប់​កុមារ​ក្រីក្រ​ជា​ច្រើន​នៅ​លើ​ពិភពលោក​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត Financial Times ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា លោក Bill Gates បាន​ថ្កោលទោស​ដល់​ការ​កាត់​បន្ថយ​ការ​ផ្តល់​មូលនិធិ​ភ្លាម​ៗ​ដល់​អង្គការ USAID ពី​សំណាក់​លោក Elon Musk តាម​រយៈ​តួនាទី​នាយកដ្ឋាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក (Doge) ដោយ​លោក​អះអាង​ថា ការ​កាត់​បន្ថយ​នេះ​បាន​នាំ​ឱ្យ​ស្បៀងអាហារ និង​ថ្នាំ​សង្គ្រោះ​ជីវិត​ផុតកំណត់​ក្នុង​ឃ្លាំង ហើយ​អាច​បណ្តាល​ឱ្យ​មានការ​កើតឡើង​វិញ​នៃ​ជំងឺ​ដូច​ជា កញ្ជ្រឹល អេ​ដស៍ និង​ជំងឺ​ស្វិតដៃជើង​។

លោក Gates បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា «​រូបភាព​បុរស​មាន​បំផុត​លើ​ពិភពលោក​ដែល​កំពុង​សម្លាប់​កុមារ​ក្រីក្រ​បំផុត​របស់​ពិភពលោក គឺជា​រឿង​មិនល្អ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ