ខេត្តព្រៃវែង ៖ មនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាមភ្លាមៗ ដោយសារតែត្រូវក្របីឈ្មោលឡើងក១ក្បាលដេញវ័ធនៅលើផ្លូវ រហូតចូលដល់ក្នុងផ្ទះ ដោយមិនដឹងថា ក្របី១ក្បាលនេះ មកពីណានោះទេ ។ សូមបញ្ជាក់ថា ៖ សត្វក្របីមួយក្បាលឡើង.កដេញវ័ធប្រជាពលរដ្ឋផ្អើលភូមិ ធ្វើឱ្យមនុស្ស៣រងគ្រោះ(វីដេអូ)
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣កញ្ញា នៅចំណុចភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង នៅខណៈពេលដែលជនរងគ្រោះកំពុងដើរហាត់ប្រាណនៅតាមផ្លូវ និងម្នាក់ទៀតកំពុងអង្គុយនៅក្នុងផ្ទះ ។

ជនរងគ្រោះដែលត្រូវក្របីឈ្មោលឡើងកវ័ធបណ្តាលឱ្យរបួសធ្ងន់មានចំនួន៣នាក់ ក្នុងនោះមាន១-ឈ្មោះ ង្វៀង យ៉ាំងវ៉េ ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិវៀតណាម ។ ២-ឈ្មោះ លូ ប៊ុនញឺ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម ។ និង៣-ឈ្មោះ គឹម ភឿង ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិវៀតណាម អ្នកទាំង៣មានទីលំនៅក្នុងភូមិកើតហេតុ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅប្រទេសវៀតណាមភ្លាមៗក្រោយកើតហេតុ ដើម្បីសង្គ្រោះបន្ទាន់ដោយសាររបួសធ្ងន់ ។

លោកវរសេនីយឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៌ បានឱ្យដឹងថា ក្របីឡើងក១ក្បាលនេះមិនដឹងថា ម្ចាស់ជានរណានោះទេ តែគេដឹងថា វាបានហែលទឹកឆ្លងទន្លេមេគង្គពីត្រើយខាងលិច មកដល់ត្រើយខាងកើត ចូលដេកក្រោមផ្ទះអ្នកស្រុកនៅមាត់ទន្លេ កាលពីវេលាម៉ោង៣ទៀបភ្លឺ ។ បន្ទាប់មកម្ចាស់ផ្ទះបានចូលទៅពិនិត្យមើល ក៏ធ្វើឱ្យក្របីនេះផ្អើលរត់ចេញមកលើផ្លូវបេតុង ហើយទំនងជាវាខឹងនឹងមនុស្ស ទើបរត់ដេញវ័ធត្រូវជនរងគ្រោះ២នាក់ប្តីប្រពន្ធដែលកំពុងដើរហាត់ប្រាណនៅតាមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ដេកដួលលើដី ។ បន្ទាប់មក វាបានបោលចូលក្នុងផ្ទះជនរងគ្រោះឈ្មោះ លូ ប៊ុនញឺ ជល់វ័ធជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ទៀត ទើបក្របីនេះរត់ចេញមកក្រៅបោលទៅទិសខាងត្បូងបាត់ ។

លោកអធិការបានបន្តទៀតថា ក្រោយកើតហេតុភ្លាម បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក នាំគ្នារាយការណ៍មកសមត្ថកិច្ច ចេញតាមរកក្របីដ៏កាចសាហាវនេះរហូតបានជួប ក៏ដេញកៀងវាឱ្យចូលក្នុងបន្ទាយអា៣ ហើយធ្វើការព័ទ្ធចាប់ ។

ពីដំបូងបានប្រើវិធីសាស្ត្រឆក់ខ្សែភ្លើង តែត្រូវបរាជ័យ ដោយសារសត្វក្របីនេះ បានរត់ចូលសម្ងំនៅក្នុងព្រៃបន្លាសង្គ្រាមមិនអាចឆក់ដល់ ។ បន្ទាប់មក សមត្ថកិច្ចក៏ប្តូរវិធីសាស្ត្រមកប្រើខ្សែពួរធ្វើអន្ទាក់វិញ តែក៏ត្រូវបរាជ័យទៀត ។ ទើបចុងក្រោយទាំងសមត្ថកិច្ចនិងអ្នកស្រុក បាននាំគ្នាដេញបង្អើលក្របីនេះឱ្យផ្អើលរត់ចេញមកក្រៅ រួចដេញកៀងរហូតក្របីរត់ទៅធ្លាក់ចូលក្នុងស្រះទឹកមួយ ទើបប្រើខ្សែភ្លើងឆក់រហូតដល់ងាប់នៅក្នុងស្រះ នៅវេលាម៉ោង២រសៀលថ្ងៃទី៣ កញ្ញានេះតែម្តង។

ដោយឡែកប្រជាពលរដ្ឋនៅក្នុងតំបន់អ្នកលឿងនេះបាននិយាយថា សត្វក្របីឡើងក១ក្បាលនេះមានខ្សែវែងនៅជាប់ក្រឡូសរបស់វាដែលមានន័យថាក្របីនេះមានម្ចាស់ត្រឹមត្រូវ ។ ប៉ុន្តែដោយសារវាឡើងកបានវ័ធត្រូវមនុស្សបណ្តាលឱ្យរងរបួសធ្ងន់ដល់ទៅ៣នាក់ ដូច្នេះហើយទើបម្ចាស់វាមិនហ៊ានចេញមុខទទួលស្គាល់វា ។ ដោយសាររកម្ចាស់មិនឃើញ ក្រោយពីសម្លាប់ក្របីនេះបានហើយ អាជ្ញាធរនិងសមត្ថកិច្ចបានសម្រេចគ្នា លក់សត្វក្របីនេះទៅឱ្យឈ្មួញបានតម្លៃ១លាន២សែនរៀល ហើយយកប្រាក់នេះទុកចាត់ចែងជាមួយជនរងគ្រោះ ព្រោះរកម្ចាស់ក្របីមកទទួលខុសត្រូវមិនទាន់ឃើញ ៕





ចែករំលែកព័តមាននេះ