ខេត្តបន្ទាយមានជ័យ ៖ ក្រសួងការពារជាតិ បានប្រកាសនាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ យោធាថៃបានបាញ់ផ្លោង ចំនួន១គ្រាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន២នាក់ ក្នុងភូមិសាស្ត្រកូនត្រី ស្រុកអូរជ្រៅ ។
ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ៖

-នៅវេលាម៉ោង ៩:៤០នាទី យោធាថៃបានបាញ់ផ្លោង ចំនួន១គ្រាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន២នាក់ ក្នុងភូមិសាស្ត្រកូនត្រី ស្រុកអូរជ្រៅ ជិតផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។
កងកម្លាំងកម្ពុជាបានជួយសង្គ្រោះប្រជាពលរដ្ឋដែលបានរងរបួសនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។
សូមបងប្អូនប្រជាពលរដ្ឋតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ