ខេត្តបាត់ដំបង ៖ គិតត្រិមម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៣ ធ្នូ ម្សិលមិញ ពួកទាហានឈ្លានពានថៃបានបាញ់កាំភ្លើងត្បាល់ផ្លោងជ្រុំចូលក្នុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក ប្រមាណជា៦០គ្រាប់ ជាពិសេស ចូលនៅតំបន់«ភ្នំ៥៣»រហូតធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋមួយចំនួនផង ។

របាយការណ៍បឋមនេះ គិតត្រឹមតែស្រុកភ្នំព្រឹកមួយប៉ុណ្ណោះ មិនរាប់បញ្ចូលគ្រាប់ផ្លោងស្ទើររាប់ភ្លេចទៀត ដែលពួកទាហានឈ្លានពានបាញ់ផ្តក់ចូលស្រុកសំពៅលូនក្នុងថ្ងៃតែមួយឡើយ ។ បើតាមសេចក្ដីរាយការណ៍ពីមន្ត្រីបានឲ្យដឹងថា ក្នុងចំនួនគ្រាប់កាំភ្លើងត្បាល់ដែលពួកសត្រូវបាញ់ផ្លោងចូលស្រុកភ្នំព្រឹកខាងលើនេះ បានកើតឡើងចំនួន០៣លើកជាបន្តបន្ទាប់ ។
របាយការណ៍បានឲ្យដឹងថា លើកទី១-វេលាម៉ោង៩ និង២៥នាទី ដល់ម៉ោង២០និង២០នាទីព្រឹក ពួកឈ្លានពានបានបាញ់ផ្លោងចូលទឹកដីកម្ពុជាត្រង់ចំណុច«ភ្នំ53»ចំនួន២៣គ្រាប់ក្នុងទឹកដី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ហើយក៏ស្ងាត់បាត់ឈឹងទៅ ដោយភាគីកម្ពុជាមិនតបតឡើយ ។

ប៉ុន្តែលុះដល់វេលាម៉ោង១និង០៥នាទីរសៀលពួកបច្ចារមិត្តក៏ចាប់ផ្ដើមបាញ់ផ្លោងទៀត ចូលក្នុងតំបន់«ភ្នំ៥៣»រហូតដល់ម៉ោង២និង០៥នាទី (១ម៉ោង) ទើបពួកសត្រូវឈ្លានពាននេះសម្រាកដៃ ក្រោយចំណាយអស់ចំនួន១៤គ្រាប់បន្ថែមទទៅលើតំបន់«ភ្នំ53»។
មិនទាន់បាត់ហុយផ្សែងពីរណ្ដៅចាស់ផង ស្នូរផ្ទុះលាន់កក្រើកភ្នំជាលើកទី៣ ក្រោមស្នាដៃពួកទាហានចង្រៃនេះ ក៏ចាប់ផ្ដើមទៀត នៅវេលាម៉ោង២ និង២៤នាទីរសៀល ។ បើតាមសេចក្ដីរាយការពីមន្ត្រីព្រំដែន៖ លើកទី៣នេះ ពួកសត្រូវឈ្លានពានបានបាញ់ផ្លោងជាង២០គ្រាប់ ជ្រកតំបន់«ភ្នំ៥៣»ដដែល ប៉ុន្តែមានគ្រាប់មួយចំនួនហោះធ្លាក់ចូលក្នុងភូមិ ធ្វើឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ខណៈដែលអ្នកភូមិរត់ភៀសសឹកឡើងស្ងាត់អស់ទៅហើយ ។

បើតាមប្រភពព័ត៌មានដដែលបាននិយាយថា លើកទី៣នៃចលនាបាញ់ផ្លោងរបស់ពួកឈ្លានពាននេះបានបាញ់ផ្តក់ចូលទឹកដីកម្ពុជា ត្រង់តំបន់ដដែលរហូតដល់ម៉ោង៣ និង៤៥នាទីរសៀលថ្ងៃដដែលនេះ ទើបស្ងប់ស្ងាត់សម្លេងគ្រាប់ ។
យោងលើរបាយការណ៍បឋមដែលពួកទាហានថៃបាញ់ផ្លោងចូលទឹកដីកម្ពុជាក្នុងភូមិសាស្ត្រ ស្រុកភ្នំព្រឹក កាលពីថ្ងៃទី២៣ ធ្នូ ប្រមាណជា៦០គ្រាប់ ។ ប៉ុន្តែពុំមានសេចក្ដីរបាយការណ៍ពីការរងគ្រោះថ្នាក់ដល់ពលរដ្ឋ ឬកម្លាំងកងទ័ពកម្ពុជាទេ គឺខូចខាតតែផ្ទះសម្បែងប្រពលរដ្ឋ។

ដំណាលគ្នានឹងការបាញ់ផ្លោងរបស់ពួកទាហានឈ្លានពានរាប់សិបគ្រាប់ចូលទឹកដីស្រុកភ្នំព្រឹក នៅថ្ងៃទី២៣ ធ្នូ នេះ នៅក្នុងស្រុកសំពៅលូនឯណោះវិញ ក៏ពួកទាហានឈ្លានពានបាញ់ផ្លោងចូលលាន់កក្រើកមិនធម្មតាដែរ តែគេពុំទាន់ទទួលបានសេចក្ដីរាយការណ៍ជាក់លាក់ឡើយ ៕

ចែករំលែកព័តមាននេះ