ខេត្តសៀមរាប ៖ កម្លាំងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនបានប្រុសស្រីចំនួន២នាក់បន្ថែមទៀត សរុបគឺឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន១៣នាក់ហើយ ពាក់ព័ន្ធករណីចូលរួមអ្នករំដោះជនជាតិចិនម្នាក់ ដែលជាមេខ្លោងជួញដូរគ្រឿ.ងញៀ.នដ៏ធំ។

លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហានេះថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំជំនាញនៃនគរបាលអគ្គស្នងការនគបាលជាតិ ដោយមានការសម្របសម្រួលនិតិវិធីពីលោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ទើបកម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន១៣នាក់ ពាក់ព័ន្ធករណីចូលរួមអ្នករំដោះជនជាតិចិនម្នាក់ ដែលជាមេខ្លោងជួញដូរគ្រឿ.ងញៀ.នដ៏ធំ។

លោកបន្តថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះអនុវត្តន៍ដីកាបញ្ជាឱ្យចូលខ្លួនជនសង្ស័យឈ្មោះ ប្រាក់ ចំរើន ភេទស្រី អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុ.ធ ដើម្បីរំដោះអ្នកទោសជាមេខ្លោងដ៏ធំ ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចគ្លីនិចពេទ្យធ្មេញ «ជុំ ចិន្ថា» ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប តាមការអនុវត្តន៍ដីកាបញ្ជាឱ្យចូលខ្លួន លេខ៤០១ អ.យ.ឆ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ចេញដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកបន្តទៀតថា ក្នុងពេលចុះអនុវត្តន៍ដីបញ្ជាឱ្យខ្លួនខាងលើហើយ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ខាន់ សុខា ហៅតឿ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប យកមកសាកសួរ។

ក្រោយពីកម្លាំងសមត្ថកិច្ចយើងធ្វើការសាកសួរ ឈ្មោះ ខាន់ សុខា ហៅតឿ បានឆ្លើយសារភាពថា «នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រូបខ្លួនបានចូលរួមរំដោះជនជាតិចិនឈ្មោះ Chen Hsin Han ដោយឈ្មោះ ស៊ឹម សឿម (ត្រូវជាពូថ្លៃ) បានឱ្យខ្លួនបើកម៉ូតូចំនួន១គ្រឿង ម៉ាក Click ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាក់លេខ សៀមរាប1AX-2307 មកឱ្យចាំយកជនជាតិចិន នៅចំណុចគ្លីនិចពេទ្យធ្មេញ «ជុំ ចិន្ថា» ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប»។

ឈ្មោះ ខាន់ សុខា ហៅតឿ បានសារភាពបន្តថា «ហើយឈ្មោះ ស៊ឹម សឿម បានឱ្យប្រាក់ចំនួន៥០០ដុល្លារ និងសន្យាថា ពេលការងារចប់ នឹងឱ្យម៉ូតូដែលខ្ញុំជិះទៅឌុបជនជាតិចិននោះ មកខ្ញុំជាកម្មសិទ្ធិ រួមទាំងប្រាក់ចំនួន១០០០ដុល្លារបន្ថែមទៀត»។

បន្ទាប់ពីឃាត់ខ្លួនហើយ សមត្ថកិច្ចក៏បានធ្វើការដកហូតវត្ថុតាង រួមមាន ៖ ម៉ូតូចំនួន២គ្រឿង ម៉ាក Click ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ សៀមរាប1AX-2307 (ផ្លាកលេខក្លែងក្លាយ) និងមួយគ្រឿងម៉ាក Click ពណ៌ស ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ សៀមរាប1AX- 3223 (ផ្លាកលេខក្លែងក្លាយ)។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កំពុងតែរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់តុលាការ នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

មហាជន និងអ្នកតាមដានបណ្ដាញសង្គម បានធ្វើការកោតសរសើរចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៃខេត្តសៀមរាប ក៏ដូចជា កម្លាំងជំនាញនៃអគ្គស្នងការនគរបាលជាតិ ដែលបានប្រឹងប្រែងស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យ ពាក់ព័ន្ធករណីរំដោះអ្នកទោស ដែលជាមេខ្លោងគ្រឿ.ងញៀ.នដ៏ធំ រហូតដល់ទៅ១៣នាក់នេះ។
គួររំលឹកថា ៖ ខ្មា.ន់កាំភ្លើ.ង៦នាក់ភ្ជ.ង់សមត្ថកិច្ចអនុរក្សពន្ធនាគារ រំដោះអ្នកទោសជាមេខ្លោងយកទៅបាត់(វីដេអូ) ។ គួររំលឹកបន្តថា ៖ ចាប់មេខ្លោងគ្រឿងញៀ.នបានវិញហើយ ក្រោយក្រុមឧក្រិដ្ឋជនសម្រុកចូលរំដោះពីខេត្តសៀមរាប ។ គួររំលឹកទៀតថា ៖ បង្ហាញមុខនិងដឹងពីក្រុមជនសង្ស័យប្លន់ទណ្ឌិតម្នាក់ចេញពីគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប៕





ចែករំលែកព័តមាននេះ