ខេត្តបន្ទាយមានជ័យ ៖ ពេលនេះ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ឈ្មួញដែលនាំសាច់ជ្រូកបង្កកទម្ងន់ជាងកន្លះតោនតាមរថយន្តក្រុងនោះ ប៉ុន្តែសាច់ជ្រូកបង្កកទាំងនេះត្រូវសមត្ថកិច្ចយកទៅដុតចោលហើយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្រុងសិរីសោភ័ណ។ ចំណែកស៊ុតមាន់ជាង៣ម៉ឺនគ្រាប់ដែលព្រួយបារម្ភថា មានជំងឺឆ្លងផ្តាសាយបក្សី(H5N1)វិញ ក៏ត្រូវយកសំណាក់ទៅពិនិត្យផងដែរ តែបើអវត្តមាន គឺត្រូវធ្វើការផាកវិន័យចាប់ពី១០ទៅ១៥លានរៀល។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានប្រាប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ឱ្យដឹងថា រយៈពេល៣ថ្ងៃមកហើយ ដែលមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីឈានដល់ឃាត់ខ្លួនឈ្មួញដែលនាំចូលសាច់ជ្រូកបង្កកជាងកន្លះតោន និងស៊ុតមាន់ជាង៣ម៉ឺនគ្រាប់ ចូលមកខេត្តបន្ទាយមានជ័យ តាមព្រំប្រទល់កម្ពុជា-ថៃ ដែលត្រូវបង្ក្រាបបាន។

លោកបានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ដែលជាទិសដៅទៅក្រុងប៉ោយប៉ែតជាយដែន ត្រូវបានមន្ត្រីការិយាល័យផលិតកម្ម និងសបុព្យាបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់រថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ3A.9889 រួចធ្វើការឆែកឆេររកកឃើញមានសាច់ជ្រូកបង្កកទម្ងន់៥៣០គីឡូក្រាម និងស៊ុតមាន់១២០ដុំ ស្មើនឹង៣៦.០០០គ្រាប់ ព្រមទាំងឃាត់អ្នកបើកបររថយន្តម្នាក់ ហើយត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញផងដែរ។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា ក្រោយពេលឃាត់រថយន្តក្រុងដឹកអ្នកដំណើរដែលលួចដឹកសាច់ជ្រូកបង្កក និងស៊ុតមាន់នោះរួចមក គេបានស្គាល់ម្ចាស់មានឈ្មោះ ឆយ ដា (ជាអ្នកមើលថែរក្សា) ដែលទិញស៊ុតមាន់ជាង៣ម៉ឺនគ្រាប់ តម្លៃជាង៧លានរៀល។ ដោយឡែកអ្នកបើកបររថយន្តវិញ ក្រោយឃាត់ខ្លួនសាកសួរ ទើបដឹងថា ត្រឹមតែជាអ្នកស៊ីឈ្នួលបើកបរក្រុងតែប៉ុណ្ណោះ បន្ទាប់មកត្រូវបានឱ្យធ្វើកិច្ចសន្យាណែនាំ រួចដោះលែងវិញ ចំណែករថយន្តដឹកទំនិញល្មើសច្បាប់ ត្រូវយកទៅរក្សាទុក ដើម្បីអនុវត្តតាមច្បាប់។

លោកបញ្ជាក់ទៀតថា ចំពោះទំនិញសាច់ជ្រូកបង្កកជាងកន្លះតោននោះ ត្រូវបានយកទៅដុតកម្ទេចចោល និងស៊ុតមាន់ជាង៣ម៉ឺនគ្រាប់ ដែលព្រួយបារម្ភថា មានជំងឺឆ្លងផ្តាសាយបក្សី(H5N1) ក៏ត្រូវបានយកសំណាក់ទៅពិនិត្យ និងរង់ចាំលទ្ធផលពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតផលសត្វ ហើយបើអវត្តមាន នឹងធ្វើការផាកវិន័យចាប់ពី១០ទៅ១៥លានរៀល។
គួររំលឹកថា ៖ ចាប់បានប្រហិតនិងសាច់សត្វលួចនាំមកពីថៃនិងវៀតណាម៕









ចែករំលែកព័តមាននេះ