ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា TikTok ឥណ្ឌូណេស៊ី​មាន​រឿង​ធំ​បន្ទាប់​ពី​ធ្វើ​ prank បរិភោគ​​ស្បែក​ជ្រូក​​

10 ខែ មុន

តារា​​ទីកតុក​ឥណ្ឌូណេស៊ី​ម្នាក់​​​អាច​​នឹង​​​ជាប់​ពន្ធ​នា​គារ​​ច្រើន​ឆ្នាំ​​បន្ទាប់​ពី​​នាង​ធ្វើ​វីឌីអូ​​និយាយ​ពី​ការ​​ញ៉ាំ​​​​សាច់​ជ្រូក​ជា​លក្ខណៈ​ព្រែង​​(prank)​ដោយ​មាន​ពោល​ពាក្យ​លែប​ខាយ​នៅ​ក្នុង​វីឌីអូ​​​​​ថា​ «​​​ក្នុង​​នាម​ព្រះ​អាឡោះ​​​»​។ ​នាង​លីណា លូតហ្វៀវ៉ាទី (Lina Lutfiawati) មិន​មាន​ជាប់​សែ​ស្រឡាយ​​ជន​ជាតិ​ឥណ្ឌា​ទេ​។ ប៉ុន្តែ​នាង​ចូល​ចិត្ត​យក​ស្ទីល​តាម​បែប​តារា​​បូលីវូត (Bollywood)​។ កាល​ពី​ថ្ងៃ​ទី​៩…

តារា​​ទីកតុក​ឥណ្ឌូណេស៊ី​ម្នាក់​​​អាច​​នឹង​​​ជាប់​ពន្ធ​នា​គារ​​ច្រើន​ឆ្នាំ​​បន្ទាប់​ពី​​នាង​ធ្វើ​វីឌីអូ​​និយាយ​ពី​ការ​​ញ៉ាំ​​​​សាច់​ជ្រូក​ជា​លក្ខណៈ​ព្រែង​​(prank)​ដោយ​មាន​ពោល​ពាក្យ​លែប​ខាយ​នៅ​ក្នុង​វីឌីអូ​​​​​ថា​ «​​​ក្នុង​​នាម​ព្រះ​អាឡោះ​​​»​។ ​នាង​លីណា លូតហ្វៀវ៉ាទី (Lina Lutfiawati) មិន​មាន​ជាប់​សែ​ស្រឡាយ​​ជន​ជាតិ​ឥណ្ឌា​ទេ​។ ប៉ុន្តែ​នាង​ចូល​ចិត្ត​យក​ស្ទីល​តាម​បែប​តារា​​បូលីវូត (Bollywood)​។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា​, នាង​បាន​បង្ហោះ​វីឌីអូ​​ឃ្លីប​១​ឈុត​ ​បង្ហាញ​​ពី​ការ​​​​ញ៉ាំ​សាច់​ជ្រូក​​។​​ ​នាង​និយាយ​នៅ​ក្នុង​វីឌីអូ​ថា​ក្នុង​១​ជី​វិត​នេះ​មិន​ដែល​ប៉ះ​សាច់​ជ្រូក​សោះ​។ នេះ​​ជា​លើក​ដំបូង​បង្អស់​​ដែល​នាង​សាក​រស​ជាតិ​ស្បែក​ជ្រូក​នៅ​ពេល​​ធ្វើ​ដំណើរ​​នៅ​លើ​កោះ​បាលី​ ​​ជា​តំបន់​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​របស់​ឥណ្ឌូណេស៊ី​ និង​មាន​មនុស្ស​ភាគ​ច្រើន​​​នៅ​ទីនោះ​កាន់​សាសនា​ហិណ្ឌូ​។​

នាង​លីណា ដែល​​មាន​ឈ្មោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​លីណា​មូក​ខឺជី​ “Lina Mukherjee” មាន​អ្នក​​តាម​ដាន​​(follower)​ជាង​​៤​លាន ២​សែន​នាក់​​ទាំង​អ៊ីនស្តាក្រាម និង​ទីក​តុក​។ ​វីឌីអូ​​​​​និយាយ​ពី​ការ​ញ៉ាំ​សាច់​ជ្រូក​​​ទទួល​បាន​១៣​លាន​ ៤​សែនវ្យូ​(view)​​។

«​ក្នុ​ងនាម​ព្រះ​អាឡោះ​! ថ្ងៃ​នេះ ខ្ញុំ​​អាច​នឹង​ត្រូវ​​គ្រួសារ​កាត់​កាល់​ចោល​​ហើយ​មើល​ទៅ​​​។ ប៉ុន្តែ​​ខ្ញុំ​​​ទ្រាំ​មិន​បាន​ទេ, ចង់​សាក​រស​ជាតិ​ស្បែក​ជ្រូក​​នេះ​ណាស់​។ ថ្ងៃ​នេះ​ ខ្ញុំ​សូម​ល្មើស​នឹង​ច្បាប់​ឥស្លាម​ម្ដង​ហើយ​»​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​តារា​ទីកតុក​វ័យ​៣២​ឆ្នាំ​​​និយាយ​នៅ​ក្នុ​ងវីឌីអូ​។ នាង​និយាយ​បន្ត​ទៀត​ថា​គ្រាន់​តែ​នឹក​ មិន​ទាន់​បាន​ញ៉ាំ​ផង​ ធ្វើ​ឱ្យ​មាន​អារម្មណ៍​ភ័យ​ឡើង​ញ័រ​ខ្លួន​។​

នាង​និយាយ​ថា​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​នាង​ភ្លក្ស​រស​ជាតិ​សាច់​ជ្រូក​។ នាង​ទើប​តែ​ញ៉ាំ​សាច់​ជ្រូក​កាល​ពី​១​ថ្ងៃ​មុន​នេះ​​។ ក្រោយ​ពេល​ញ៉ាំ​រួច, នាង​​ហាក់​ដូច​ជា​គ្មាន​អ្វី​ចម្លែក​ផង​!​ នាង​ប្រាប់​ថា​នាង​ញ៉ាំ​សាច់​ជ្រូក​ជា​លើក​ដំបូង​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​​កាន់​ប្រទេស​ស្រី​លង្កា​កាល​ពី​​នាង​មាន​អាយុ​២៤​ឆ្នាំ​។ កាល​នោះ នាង​មិន​ទាន់​ចេះ​និយាយ​ភាសា​អង់គ្លេស​នៅ​ឡើយ​ទេ​។​

ប៉ុន្តែ​ពេល​នេះ​នាង​អាច​ស្គាល់​ខ្លួន​ឯង​បាន​ច្បាស់​។ បន្ទាប់​ពី​ញ៉ាំ​ស្បែក​ជ្រូក​រួច​, នាង​ធ្វើ​អាកប្ប​កិរិយា​ហាក់​ដូច​ជា​រអើម​បន្តិច​​។ នាង​ថា​ស្បែក​ជ្រូក​មាន​រស​ជាតិ​ដូច​សាច់​គោ​បំពង​, ហើយ​មិន​ឆ្ងាញ់​ដូច​គេ​ថា​ទាល់​​តែ​សោះ​។ ប៉ុន្តែ​មិន​ថ្វី​ទេ,​ ប៉ុណ្ណឹង​ក៏​គ្រាន់​បើ​ដែរ​។​ នៅ​ទី​បញ្ចប់​នៃវីឌីអូ​, នាង​សូម​​ទោស​ពី​លោក​ប៉ា​ អ្នក​ម៉ាក់​ និង​បង​ប្អូន​។ នាង​សម្ដែង​​នេះ​ដើម្បី​ទទួល​បាន​វ្យូ​តែ​ប៉ុណ្ណោះ​​។​

​​អ្វី​ដែល​​នាង​ធ្វើ​គ្រាន់​តែ​ជា​ការ​លេង​សើច​ ​​វា​បាន​បង្ក​​ជា​បញ្ហា​ធំ​ដល់​​ឡើង​តុលាការ​។​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២៣​, គ្រូ​ប្រដៅ​សាសនា​ឥស្លាម​១​​​​អង្គ​នៃ​ខេត្ត​ស៊ូម៉ាត្រា​ខាង​ត្បូង​បានដាក់​ពាក្យ​​​ប្ដឹង​​ទៅ​​​សមត្ថកិច្ច​ ដោយ​ចោទ​ប្រកាន់​​ថា​​នាង​​​ប្រមាថ​សាសនា​ឥស្លាម​​។ ​​​ក្រុម​​ប្រឹក្សា​បញ្ញវ័ន្ត​​​ឥស្លាម​​ក៏​ចេញ​សេចក្ដី​សម្រេច​​១ ​កំណត់​ថា​ទង្វើ​របស់​នាង​​បាន​​ប្រមាថ​សាសនា​ឥស្លាម​។​

​ព្រះ​គ្រូ​​ស៊ីយ៉ារីហ្វ ហ៊ីដាយ៉ាត (Syarif Hidayat) ​ថ្លែង​ថា​នាង​ហាក់​ដូច​ជា​​ជួយ​បន្ទរ​​ និងបរិភោគ​​ពេញ​ៗ​មាត់​នូវអ្វី​ដែល​សាសនា​ឥស្លាម​ហាម​ឃាត់​។ នោះ​គឺ​សាច់​ជ្រូក​​។​ «​យើង​មិន​ត្រូ​វអនុញ្ញាត​​ឱ្យ​ទង្វើ​​​នេះ​កើត​ឡើង​​ទេ​។ យូរ​ៗ​ទៅ, ​វា​នឹង​ក្លាយ​ទៅ​​ជា​ទម្លាប់​​។ ក្មេង​ៗ​នឹង​មើល​វីឌីអូ​នេះ​ ហើយ​ពួក​គេ​នឹង​យក​តម្រាប់​តាម​»​។​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​, សមត្ថកិច្ច​បាន​ដាក់​បញ្ចូល​ឈ្មោះ​នាង​​​លីណា​​ជា​​​សង្ស័យ​​។ ប៉ុន្តែ​សមត្ថកិច្ច​មិន​​ទាន់​ចាប់​​ខ្លួន​នាង​នៅ​ឡើយ​ទេ​ព្រោះ​នាង​មាន​ជំងឺ​ឡើង​ជាតិ​ហ្គាស​នៅ​ក្នុង​ក្រពះ។

​​​នាង​បាន​​សូម​ទោស​ចំពោះ​​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង​អស់ និង​សន្យា​ថា​​ទៅ​ថ្ងៃមុខ​ នាង​នឹង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដើម្បី​បង្ហោះ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​សាធារណ​ជន​។​ ​ទោះ​បី​នាង​សូម​ទោស​​ជា​សាធាណៈ​ក៏​ដោយ​, ក៏​​បញ្ហា​មិន​អាច​បញ្ចប់​ត្រឹម​នេះ​ទេ​។ ​​សមត្ថ​កិច្ច​គ្រោង​​​ចោទ​ប្រកាន់ទៅ​តុលាការ​ចំនួន​២​ករណី។ ១​ករណី​​​ពាក់​ព័ន្ធ​នឹង​ការ​​​ប្រមាថ​សាសនា​ឥស្លាម និង​១​ករណី​ទៀត​​ពាក់​ព័ន្ធ​នឹង​​ការ​​ផ្សព្វ​ផ្សាយ​​វីឌីអូ​ដែល​នាំ​ឱ្យ​មាន​កំហឹង​។ ទោស​នេះ​​​អាច​ជាប់​ពន្ធ​នា​គារ​៥​ឆ្នាំ​ជា​​​អតិបរមា​៕​​

ប្រភព៖ South China Morning Post


អត្ថ​បទ​ដែល​ទាក់​ទង

តារា​យូធូប​ថៃ​អួត​ពី​ការ​ចាញ់​ល្បែង​២៥​លាន​បាត, ត្រូវ​សមត្ថកិច្ច​សួរ​នាំ

ចាប់​ខ្លួន YouTuber ធ្វើ Prank បា.ញ់ទឹក​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដាក់​សមត្ថ​កិច្ច

បុរស​​ជប៉ុន​ម្នាក់​​​ត្រូវ​ចាប់​ខ្លួន​ឡើង​តុលា​ការ​ដោយសារ​​លិឍ​​​ដប​ទឹក​ស៊ីអ៊ីវ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ