ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន YouTuber ធ្វើ Prank បា.ញ់ទឹក​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដាក់​សមត្ថ​កិច្ច​​

1 ឆ្នាំ មុន

ពូកែ​បាញ់​ទឹក​ដើម្បី​ធ្វើ​​ជា​ព្រែង​ (prank) ជា​លក្ខណៈ​លេង​បន្លំ​មែន មែន​បន្លំ​លេង។ មាន​អី​ប៉ះ​ចំ​សមត្ថ​កិច្ច​​ដែល​​កំពុង​ធ្វើ​ការ​ថែ​រក្សា​សន្តិ​សុខ​ និង​សណ្ដាប់​ធ្នាប់​ ចាប់​វ៉ៃ​ខ្នោះ​តែ​ម្ដង​។ ​ថត​​សម្ដែង​​​ជា​មួយ​គ្នា​ឯង​ដើម្បី​​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​មិន​អី​ទេ​។​ ប៉ុន្តែ​ព្រែង​ប៉ះ​ចំ​អ្នក​ផ្សេង​ប្រយ័ត្ន​បន្តិច​។​ អ្នក​ខ្លះ​គេ​ប្រកាន់។…

ពូកែ​បាញ់​ទឹក​ដើម្បី​ធ្វើ​​ជា​ព្រែង​ (prank) ជា​លក្ខណៈ​លេង​បន្លំ​មែន មែន​បន្លំ​លេង។ មាន​អី​ប៉ះ​ចំ​សមត្ថ​កិច្ច​​ដែល​​កំពុង​ធ្វើ​ការ​ថែ​រក្សា​សន្តិ​សុខ​ និង​សណ្ដាប់​ធ្នាប់​ ចាប់​វ៉ៃ​ខ្នោះ​តែ​ម្ដង​។ ​ថត​​សម្ដែង​​​ជា​មួយ​គ្នា​ឯង​ដើម្បី​​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​មិន​អី​ទេ​។​ ប៉ុន្តែ​ព្រែង​ប៉ះ​ចំ​អ្នក​ផ្សេង​ប្រយ័ត្ន​បន្តិច​។​ អ្នក​ខ្លះ​គេ​ប្រកាន់។ ដូច​ករណី​បុរស​ជន​ជាតិ​ចិន​២​នាក់​នៅ​ទី​ក្រុង​ហុងកុង។

​ឆ្លៀត​ពេល​ដែល​​​ប្រទេស​ថៃ​កំពុង​តែ​សប្បាយ​​ជះ​​ទឹក ឬ​បាញ់​ទឹក​ដាក់​គ្នា​​​​ដើម្បី​អប​អរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​។ ​​បុរស​២នាក់​នៅ​ហុងកុង​ក៏​​​ចូល​រួម​អប​អរ​​​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ពី​ចម្ងាយ​ផង​ដែរ​ ដែល​គេ​រៀប​ចំ​​​​នៅ​​​​​សង្កាត់​​កៅលុន (Kowloon)​។ ពួក​គាត់​យក​កាំភ្លើង​ជ័រ​បាញ់​ទឹក​ឈីត​ៗ​ដាក់​អ្នក​នេះ​បន្តិច​ អ្នក​នោះ​បន្តិច​។ ​​ចុង​ក្រោយ​, ពួក​គេ​បាញ់​ទឹក​ដាក់​សមត្ថកិច្ច​​ដែល​ឈរ​មើល​ការ​ខុស​ត្រូវ​សណ្ដាប់​ធ្នាប់​សារធារណៈ​។​

​មេ​ប៉ុស្តិ៍​នគរបាល​ប្រចាំ​សង្កាត់​​កៅលុន​ប្រាប់​ថា​បុរស​ទាំង​២នាក់​នោះ​ម្នាក់​អាយុ​២៥​ឆ្នាំ និ​ងម្នាក់​ទៀត​អាយុ​២៦​ឆ្នាំ​ បាន​បាញ់​ទឹក​​ដាក់​សមត្ថកិច្ច​​។​ ​លោក​ថា​​នេះ​ជា​កម្ម​វិធី​សប្បាយ​ៗ​សម្រាប់​មនុស្ស​គ្រប់​គ្នា​។​ ប៉ុន្តែ​អ្នក​ខ្លះ​ឆ្លៀត​ឱកាស​លេង​ខូច។ ពួក​គេ​​​បំពាន​ទៅ​លើ​សមត្ថកិច្ច​ដែល​មិន​មែន​ជា​អ្នក​ត្រូវ​ការ​លេង​សើច​បែប​ហ្នឹង​ទេ​​។ សមត្ថកិច្ច​​​ការ​ពារ​សន្តិសុខ​​ជូន​​​ប្រជា​ពល​រដ្ឋ​។​

លោក​អធិការ​ប្រាប់​ថា​​​អ្នក​បាញ់​ទឹក​​​ដាក់​សមត្ថកិច្ច​​នោះ​​ហាក់​ដូច​ជា​បាន​​រៀប​ចំ​ទុក​ជា​មុន​។ ​​លោក​ព្រមាន​ថា​​ឱ្យ​តែ​មាន​អ្នក​​ចូល​ចិត្ត​លេង​ម៉ាក​ៗ​ហ្នឹង​ អាច​នឹង​មាន​ការ​​​ចាប់​ខ្លួន​​ជា​បន្ត​ទៀត​។​ តាម​រយៈ​វីឌីអូ​ឃ្លីប​រយៈ​ពេល​៣​នាទី​ដែល​​​បង្ហោះ​នៅ​លើ​យូធូប​, ​គេ​ឃើញ​​បុរស​ទាំង​២​​​​​បាញ់​ទឹក​ដាក់​សមត្ថ​​កិច្ច​ និង​​​​ក្រុម​ការ​ងារ​ទូរ​ទស្សន៍​​ធីវីប៊ី​ (TVB)​​​ ដែល​​ចុះ​​​​ថត​ព្រឹត្តិការណ៍​សង្ក្រាន្ត​។

ក្រុម​ការ​ងារ​ទូរទស្សន៍ TVB (ពាក់​អាវ​លឿង​) ត្រូវ​អ្នក​រក​ស៊ី​យូធូប​បាញ់​ទឹក​​ពេញ​ខ្លួន​ និង​ពេញ​មុខ រក​តែ​​ធ្វើ​ការ​អី​ក៏​មិន​កើត​

​​​ឥឡូវនេះ គេ​ស៊ើប​ដឹង​​ថា​បុរស​អាយុ​២៥​ឆ្នាំ​នោះ​​​ជា​បុគ្គលិក​សន្តិសុខ​ ​និង​​​ជា​អ្នក​រក​ស៊ី​ខាង​យូធូប​​។ គាត់​ធ្លាប់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​​ខែ​កុម្ភៈ​​។ កាល​នោះ គាត់​​ដើរ​​​​ស្រែក​អាឡេ​អាឡូ ឆោឡោ​ ហាក់​ដូច​ជា​មាន​រឿង​ធំ​​សម្បើមណាស់​​។​ គោល​បំណង​គឺ​ដើម្បី​ព្រែង​ (prank)។​ ជួន​កាល​គាត់​ធ្វើ​ជា​ទៅ​ស្ទាក់​ពី​មុខ​អតិថិជន​ដែល​ដើរ​ទិញ​​ឥវ៉ាន់​នៅ​ហាង​លក់​ចាប់​ភួយ​​​​។

នៅ​ក្នុង​ឈុត​នេះ សមត្ថកិច្ច​ព្យាយាម​បំបែក​អ្នក​រក​ស៊ី​យូធូប និង​ក្រុម​ការងារ​ទូរទស្សន៍​ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​វែង​ឆ្ងាយ​

​​​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​ប្រាប់​ថា​ទង្វើ​របស់​បុរស​ទាំង​២​នាក់​នេះ​ត្រូ​វបាន​គ្នា​គេ​ថត​ និង​យក​ទៅ​បង្ហោះ​នៅ​លើ​អ៊ីនធឺណិត​ និង​ធ្វើ​អត្ថា​ធិប្បាយ​ថែម​ថយ​របៀប​សន្សំ​រឿង​។ បើ​សម្រាប់​ទំនៀម​ទម្លាប់​របស់​ថៃ​ ​គេ​មាន​ជំនឿ​ថា​ការ​ជះ​ទឹក​ សាច​ទឹក ឬ​បាញ់​ទឹក​ដាក់​អ្នក​ដទៃ​​អាច​ជួយ​បណ្ដេញ​ឧបទ្រព​ចង្រៃ​​​។ ប៉ុន្តែ​​បណ្ដេញ​ឧប​ទ្រព​ចង្រៃ​ប៉ះ​ចំ​សមត្ថកិច្ច​​​​ មាន​អីចាប់​ខ្លួន​តែ​ម្ដង​។​

សាក្សី​និយាយ​ថា​​​បុរស​ទាំង​២នាក់​ និង​អ្នក​ថត​រូប​ម្នាក់​ទៀត​​​ដើរ​សំដៅ​ទៅ​ក្រុម​ការ​ងារ​​ទូរទស្សន៍​ធីវីប៊ី (TVB)​ និង​បាញ់​ទឹក​ដាក់​ពួក​គេ​​​​ពេញ​មុខ។​ រក​តែ​គ្នា​ធ្វើ​ការ​អី​មិន​កើត​។​ ក្រុម​ការ​ងារ​ទូរទស្សន៍​ម្នាក់​ប្រាប់​ឱ្យ​បុរស​​បាញ់​ទឹក​នោះ​ឈប់​បាញ់​ទៅ។ ប្រាប់​ហើយ​នៅ​តែ​មិន​ស្ដាប់​​​, គាត់​​​ក៏​​ស្រែក​ហៅ​សមត្ថកិច្ច​នៅ​ក្បែរ​នោះ​ដើម្បី​ជួយ​​​ធ្វើ​អន្តរាគមន៍​​​។ សមត្ថកិច្ច​​ក៏​ចុះ​ទៅ​បំបែក​បុរស​បាញ់​ទឹក​​ ចេញ​​ពី​​ក្រុម​ការ​ងារ​ទូរ​ទស្សន៍​។ បុរស​នោះ​​​​​ក៏​ដើរ​ចេញ​​ទៅ​​កន្លែង​ផ្សេង​​​​ដើម្បី​​ចូល​រួម​ជា​មួយ​នឹង​អ្នក​ដទៃ​ទៀត​។

សូម​បញ្ជាក់​ថា​ការ​ចាប់​ខ្លួន​នោះ​​គឺចាប់​ខ្លួន​ក្រោយ​មក​ទៀត​ទេ បន្ទាប់​ពី​អ្នក​រក​ស៊ី​ខាង​យូធូប​​យក​វីឌីអូ​ឃ្លីប​នោះ​​​ទៅ​បង្ហោះ​​។ ការ​ចាប់​​ខ្លួន​ក៏​ធ្វើ​ឡើង​ដោយ​​​សមត្ថកិច្ច​ផ្សេង​ទៀត​​ មិន​មែន​សមត្ថ​កិច្ច​នៅ​ក្នុង​វីឌីអូ​ឃ្លីប​​នេះ​ទេ​​។ សមត្ថកិច្ច​​យល់​ថា​ជន​សង្ស័យ​​ហាក់​ដូច​ជា​​រៀប​ចំ​សកម្ម​ភាព​នេះ​​ទុក​ជា​មុន​​​។ ​ដូច្នេះ ករណី​​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នោះ​គ្រាន់​តែ​ជា​អ្វី​ដែល​ពួក​គេ​យក​ធ្វើ​ជា​លេស​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ធាតុ​ពិត​ ពួក​គេ​ហាក់​ដូច​ជា​ចង់​យក​ឱកាស​នេះ​ដើម្បី​​ធ្វើ​ផ្គើន​ដាក់​សមត្ថ​កិច្ច​​​៕​​

ប្រភព៖ The Thaiger, South China Moring Post, YouTube

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ