ទីក្រុងតេអេរ៉ង់៖ អាមេរិកបាញ់មីស៊ីលហឹលហ្វាយអឺ (Hellfire) ទៅលើនាវាដឹកប្រេងមួយគ្រឿងដែលបើកតម្រង់ទៅរកប្រទេសអ៊ីរ៉ង់។ នេះជាផ្នែកមួយនៃការអនុវត្តវិធានការបិទខ្ទប់របស់អាមេរិកទៅលើដែនសមុទ្រអ៊ីរ៉ង់ដើម្បីមិនឱ្យកប៉ាល់បើកចេញ-ចូលកំពង់ផែអ៊ីរ៉ង់បានឡើយដើម្បីឆ្លើយតបទៅអ៊ីរ៉ង់ដែលបិទខ្ទប់ច្រកសមុទ្រហ័រម៉ូស។ បញ្ជាការដ្ឋានកណ្ដាលនៃយោធាអាមេរិកបានបង្ហោះវីឌីអូឃ្លីបមួយឈុតបង្ហាញគ្រាប់មីស៊ីលបាញ់សំដៅទៅរកនាវាដឹកប្រេងនោះ។

បញ្ជាការដ្ឋានបានបរិយាយបន្ថែមទៅលើវីឌីអូនោះថាខ្លួនបានបាញ់តម្រង់ទៅរកម៉ាស៊ីននាវាដែលដោតទង់ជាតិប្រទេសបត់ស្វាណា (Botswana) ហើយធ្វើឱ្យម៉ាស៊ីនរបស់នាវានេះត្រូវគាំងនៅមួយលែងដំណើរការតទៅទៀត។ យោងតាមការអះអាងរបស់យោធាអាមេរិក អ្នកបើកកប៉ាល់បានមើលឃើញសញ្ញាព្រមានជាច្រើនដងហើយ។ ប៉ុន្តែពួកគេនៅតែមិនព្រមស្ដាប់ និងមិនព្រមបញ្ឈប់កប៉ាល់នៅមួយកន្លែងទេ។ ពេលនោះ យោធាអាមេរិកបញ្ជាឱ្យកប៉ាល់បង្វែរទៅទិសដៅផ្សេងវិញ។

បញ្ជាការដ្ឋានយោធាអាមេរិកថ្លែងបន្តទៀតថា «យន្តហោះចម្បាំងរបស់អាមេរិកមួយគ្រឿងសម្រេចចិត្តបាញ់មីស៊ីលហឹលហ្វាយអឺ (Hellfire) និងបញ្ឈប់សកម្មភាពរបស់កប៉ាល់ទាំងស្រុង។ ដូច្នេះ កប៉ាល់មិនអាចបើកចូលដែនសមុទ្រអ៊ីរ៉ង់បានឡើយ»។ ឡិចស៊ី (Lexie) ជានាវាទី៦ដែលត្រូវយោធាអាមេរិកបញ្ឈប់សកម្មភាពចាប់តាំងពីខ្លួនចាប់ផ្ដើមអនុវត្តវិធានការបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់កាលពីថ្ងៃទី១៣ ខែមេសា។

យោធាអាមេរិកថ្លែងថាចាប់ពីពេលនោះមក ខ្លួនបានបង្វែរទិសដៅរបស់កប៉ាល់១២២គ្រឿងដែលប្រុងបើកចេញ ឬចូលកំពង់ផែអ៊ីរ៉ង់។ ប្រភពខ្លះអះអាងថានាវាឈ្មោះឡិចស៊ីនោះចង់បើកទៅកោះខាក (Kharg) របស់អ៊ីរ៉ង់ដោយមិនមានដឹកអ្វីនៅលើនោះទេ។ កោះខាកជាកោះផ្កាថ្មនៅឈូងសមុទ្រពែក្សភាគខាងជើង។ ទីនេះជាកន្លែងនាំចេញប្រេងឆៅប្រហែល៩០%របស់អ៊ីរ៉ង់។ ដោយសារទីនេះជាតំបន់ទឹកជ្រៅ ដូចនេះនាវាដឹកប្រេងខ្នាតយក្សក៏អាចចូលចតនៅកំពង់ផែនៃកោះនេះបានដែរ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ