ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​រក​ឃើញ​ផ្លូវ​ក្រោម​ដី​ដែល​ឈ្មួ.ញ​គ្រឿ.ង​ញៀ.ន​ប្រើ​សម្រាប់​រត់​ពន្ធ​ទំនិញ​របស់​ពួក​គេ

3 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្មី​ៗ​នេះ អាជ្ញា​ធរ​អាមេរិក​រក​ឃើញ​រូង​ក្រោម​ដី​​១​​កន្លែង​ថ្មី​ទៀត​ដែល​ក្រុម​​ទុច្ច​រិត​ប្រើ​ប្រាស់​សម្រាប់​រត់​ពន្ធ​គ្រឿង​ញៀន​។ ផ្លូវ​ក្រោម​ដី​នេះ​លាត​សន្ធឹង​ចាប់​ពី​ទី​ក្រុង​ទី​ជូ​អាណា​ (Tijuana) នៃ​ប្រទេស​ម៉ិក​ស៊ីកូ​ ដល់​ច្រក​ចេញ​ចូល​កំពង់​ផែ​អូ​តៃ មេសា (Otay Mesa) គិត​ទៅ​មាន​​បណ្ដោយ​​ប្រវែង​៥៩០​ម៉ែត្រ, ​ជម្រៅ​​១៦,៨​ម៉ែត្រ​ទៅ​ក្រោម​ដី​ និង​កម្ពស់​​១,៤​ម៉ែត្រ​។ សមត្ថ​កិច្ច​ខាង​ស៊ើប​អង្កេត​របស់​អាមេរិក​ថ្លែង​ថា​រូង​ក្រោម​ដី​នេះ​មាន​រៀប​ជញ្ជាំង​ទប់​ដី​យ៉ាង​រឹង​មាំ មាន​ផ្លូវ​ដែក​ ​​មាន​ប្រព័ន្ធ​ខ្យល់​អុក​ស៊ី​ហ្សែន​គ្រប់​គ្រាន់​ មាន​បណ្ដាញ​អគ្គិសនី ហើយ​អាច​ចេញ​ចូល​ដោយ​ប្រើ​ប្រាស់​ជណ្ដើរ​យន្ត​​។

វីឌីអូ​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​យុត្តិ​ធម៌​​អាមេរិក​បង្ហាញ​ជណ្ដើរ​ចាក់​បេតុង​យ៉ាង​មាំ​ទាំ​ដែល​នាំ​ឆ្ពោះ​ទៅ​រក​ច្រក​ក្រោម​ដី​នោះ​។ ច្រក​នោះ​​មាន​ផ្ទាំង​សិលា និង​ជញ្ជាំង​បេតុង​សម្រាប់​ទប់​ដី​មិន​ឱ្យ​បាក់​​។ ក្រុម​អ្នក​ស៊ើប​អង្កេត​​របស់​ក្រសួង​សន្តិ​សុខ​មាតុភូមិ​អាមេរិក​បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​​ដើម្បី​តាម​ដាន​ដំណើរ​ចេញ​ចូល​របស់​មនុស្ស​នៅ​ម្ដុំ​ហាង​លក់​ទំនិញ​​១​​​កន្លែង​​ក្បែរ​ព្រំ​ដែន​អាមេរិក-​ម៉ិកស៊ីកូ​។ នៅ​ពេល​ពួក​គេ​វាយឆ្មក់​ចូល​ទៅ​ក្នុង​រូង​នោះ គេ​រក​ឃើញ​គ្រឿ​ងញៀន​កូកាអ៊ីន​ទម្ងន់​ជាង​មួយ​តោន​។

គេ​ជឿ​ជាក់​ថា​គ្រឿង​​ញៀន​ទាំង​នោះ​ត្រូវ​បាន​ដឹក​ជញ្ជូន​​ឆ្លង​កាត់​​​រូង​ក្រោម​ដី​នោះ រួច​ហើយ​លើក​​ដាក់​ទៅ​លើ​ឡាន​ទ្រុង​ធំ​ៗ​។ ​សមត្ថ​កិច្ច​ថ្លែង​ថា​ក្រុម​ឧក្រិដ្ឋ​ជន​នៅតែ​រិះ​រក​វិធី​​ប្រើ​ប្រាស់​ព្រំ​ដែន​​ដើម្បី​បម្រើ​ឱ្យម​ហិច្ឆតា​ទុច្ចរិត​​​របស់​ពួក​គេ​។ ប៉ុន្តែ​ពួក​គេ​មើល​ស្រាល​ការ​ប្ដេជ្ញា​ចិត្ត​របស់​បុរស​-​ស្ត្រី​ដែល​ការ​ពារ​ព្រំ​ដែន​នេះ​ពេក​ហើយ​។ ការ​រក​ឃើញ​ផ្លូវ​ក្រោម​ដី​នេះ​គឺ​ជា​សក្ខី​ភាព​បង្ហាញ​អំពី​ការ​ចាប់​ដៃ​គូ​សហ​ការ​ និង​ការ​ប្ដេជ្ញា​ចិត្ត​ដោយ​​ឥត​ងាក​រេ​នៃ​​ភ្នាក់​ងារ​អនុ​វត្ត​ច្បាប់របស់​ប្រទេស​ទាំង​ពីរ​។


មនុស្ស​បួន​នាក់​ (ក្នុង​នោះ​២​នាក់​មក​ពី​ទី​ក្រុង​សាន់​ឌី​អេ​ហ្គោ (San Diego) និង​២​នាក់​ទៀត​មក​ពី​ប្រទេស​ម៉ិក​ស៊ី​កូ)​ ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​រួច​ហើយ​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​នាំ​គ្រឿង​ញៀន​ចូល​អាមេរិក​។ ​ក្រសួង​យុត្តិ​ធម៌​អាមេរិក​ឱ្យ​ដឹង​ថា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក សមត្ថ​កិច្ច​រក​ឃើញ​ច្រក​ផ្លូវ​ក្រោម​ដី​ចំនួន​៩៩​ខ្សែ​នៅ​សង្កាត់​ខាង​ត្បូង (South District) រដ្ឋ​កាលី​ហ្វ័រញ៉ា​។ នៅ​ក្នុង​ចំណោម​នោះ ច្រក​ផ្លូវ​ក្រោម​ដី​ចំនួន​២៨​ខ្សែ​ត្រូវ​គេ​ចាត់​ទុក​ថា​មាន​លក្ខណៈ​ទំនើប​។ រូង​ក្រោម​ដី​សម្រាប់​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ដែល​សមត្ថ​កិច្ច​រក​ឃើញ​លើក​ចុង​ក្រោយ​កាល​ពី​មុន​នេះ​គឺ​នៅ​ឆ្នាំ​២០២២​៕ ប្រភព៖ France 24