ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់លែងបន្តទំនាក់ទំនងជាមួយក្រុមប្រទេសអន្តរការីដែលជួយសម្របសម្រួលបញ្ហាដើម្បីបន្តសុពលភាពនៃបទឈប់បាញ់រវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានពាក់កណ្ដាលផ្លូវការចំនួន២របស់អ៊ីរ៉ង់។ ទោះជាបែបនេះក្ដី លោកដូណាល់ត្រាំជំទាស់នឹងការចុះផ្សាយនេះ និងអះអាងថាដំណើរការចរចានៅតែបន្ត។ ទីភ្នាក់ងារព័ត៌មានហ្វាស់ (Fars) និងថាស់នីម (Tasnim) មានទំនាក់ទំនងជិតស្និទ្ធជាមួយឆ្មាំបដិវត្តឥស្លាម។

ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានទាំង២នេះកើតមានឡើងចំពេលដែលមានស្ថានការណ៍វិវត្តថ្មីពាក់ព័ន្ធនឹងអ៊ីស្រាអែល។ អ៊ីស្រាអែលនៅតែបន្តវាយប្រហារក្រុមហេសបូឡានៅប្រទេសលីបង់ដែលហេសបូឡានេះគាំទ្រដោយអ៊ីរ៉ង់។ មន្ត្រីរដ្ឋាភិបាលម្នាក់របស់ប្រទេសនៅតំបន់មជ្ឈិមបូព៌ាដែលជាអ្នកចូលរួមនៅក្នុងការសម្របសម្រួលការចរចាបានថ្លែងដោយស្នើសុំមិនបញ្ចេញឈ្មោះថាអ៊ីរ៉ង់នៅសុខៗស្រាប់តែផ្ដាច់ការទាក់ទងគ្នាទាំងស្រុងកាលពីថ្ងៃអង្គារ។

មុននោះបន្តិច អ៊ីរ៉ង់ថ្លែងថាបើចង់ឱ្យខ្លួនចរចាគ្នាជាបន្តទៀតលុះត្រាតែបូកបញ្ចូលទាំងប្រទេសលីបង់ផងដែរ។ ចង់មានន័យថាត្រូវដាក់បញ្ហាសង្គ្រាមរវាងហេសបូឡា និងអ៊ីស្រាអែលចូលទៅក្នុងកញ្ចប់ចរចាផងដែរ។ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត យោធាអាមេរិកថ្លែងថាខ្លួនបានបាញ់មីស៊ីលមួយគ្រាប់សំដៅទៅរកកប៉ាល់ដឹកប្រេងមួយគ្រឿងដើម្បីបញ្ឈប់សកម្មភាពមិនឱ្យបន្តដំណើរទៅកំពង់ផែប្រទេសអ៊ីរ៉ង់។

អាមេរិកអះអាងថានាវានោះរំលោភលើការបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់។ នោះជាកប៉ាល់ទី៧ដែលត្រូវបានបញ្ឈប់សកម្មភាពដោយយោធាអាមេរិក ខណៈដែលអាមេរិកព្យាយាមពង្រឹងវិធានការបិទខ្ទប់របស់ខ្លួន។ នាវាដែលដោតទង់ជាតិប្រទេសបត់ស្វាណា (Botswana) ឈ្មោះឡិចស៊ី (Lexie) ត្រូវទច់មួយកន្លែងបន្ទាប់ពីយន្តហោះអាមេរិកបាញ់មីស៊ីលម៉ាកហឹលហ្វាយអឺ (Hellfire) ចំបន្ទប់ដាក់ម៉ាស៊ីនរបស់នាវា៕ ប្រភព៖ AP
ចែករំលែកព័តមាននេះ