ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​យូធូប​ថៃ​អួត​ពី​ការ​ចាញ់​ល្បែង​២៥​លាន​បាត, ត្រូវ​សមត្ថកិច្ច​សួរ​នាំ​​

1 ឆ្នាំ មុន

តារា​យូធូប​ថៃ​​នៃ​បណ្ដាញ​សូដ័រស៉្ទាយ (สอดอ Style) ដែល​មាន​អ្នក​ចុច​ជាវ (subscriber) ជាង​៤,៣លាន​នាក់​​ ត្រូវ​សមត្ថកិច្ច​​នៃ​នាយក​ដ្ឋាន​ប្រឆាំង​នឹង​បទ​ល្មើស​បច្ចេកវិទ្យា​​អញ្ជើញ​ទៅ​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​វីឌីអូ​ឃ្លីប​ដែល​នាង​ប្រកាស​ថា​ចាញ់​ល្បែង​។​ អ្នក​នាង​​ភីមឡាដា វេវ​វិតសង (Pimlada…

តារា​យូធូប​ថៃ​​នៃ​បណ្ដាញ​សូដ័រស៉្ទាយ (สอดอ Style) ដែល​មាន​អ្នក​ចុច​ជាវ (subscriber) ជាង​៤,៣លាន​នាក់​​ ត្រូវ​សមត្ថកិច្ច​​នៃ​នាយក​ដ្ឋាន​ប្រឆាំង​នឹង​បទ​ល្មើស​បច្ចេកវិទ្យា​​អញ្ជើញ​ទៅ​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​វីឌីអូ​ឃ្លីប​ដែល​នាង​ប្រកាស​ថា​ចាញ់​ល្បែង​។​ អ្នក​នាង​​ភីមឡាដា វេវ​វិតសង (Pimlada Wewvitsong) ​​​បាន​ចូល​​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​​ការ​បង្ហោះ​វីឌីអូ​នៅ​លើ​ទីកតុក​ដែល​ថា​រយៈ​ពេល​​ជាង​បីខែ​នេះ​​,​ នាង​​លេង​ល្បែង​ស៊ីសង​តាម​អនឡាញ​​​​ចាញ់​អស់​លុយ​​ជាង​២៥​លាន​បាត​ ឬ​​ស្មើ​នឹង​៧៣​ម៉ឺន​ដុល្លារ​​។

​នាង​​ចាប់​​ផ្ដើម​​វក់​នឹង​ល្បែង​​អន​ឡាញ​កាល​​​​ពី​ខែ​មករា ឆ្នាំ​២០២៣​ និង​បន្ត​ចាញ់​ល្បែង​ជា​ហូរ​ហែ​។ ​​​នាង​ប្រាប់​ថា​មាន​ពេល​១​នោះ ​​នាង​ហ៊ាន​​​ចាក់​១​​ក្ដារ​​​៣​សែន​បាត ​ឬ​ស្មើ​នឹង​ជាង​៨ពាន់​​ដុល្លារ​ ហើយ​ក៏​ចាញ់​ហ្មត់​​តែ​ម្ដង​។​​ ​នាង​ធ្លាប់​ចាក់​ក្ដារ​ធំៗ​ចំនួន​បី​​ដង​​ចាញ់​អស់​៩សែន​បាត​។ ក្រោយ​មក​​​, នាង​ធ្វើ​វីឌីអូ​​និយាយ​ពី​ការចាក់​​​បាល់​តាម​អន​ឡាញ​​ចាញ់​អស់​​លុយ​រាប់​លាន​បាត​។

​នាង​ប្រាប់​ថា​​​ត្រឹម​លុយ​ប៉ុណ្ណឹង​គ្មាន​​អ្វី​​អស្ចារ្យ​​ទេ​។ នៅ​ពេល​នាង​ចាញ់​ល្បែង​កាន់​តែ​ច្រើន,​ នាង​​​លេង​កាន់​តែ​ខ្លាំង​ថែម​ទៀត​​​ ដូច​​ពាក្យ​ចាស់​ថា​​ «​សេះ​ដាច់​ យក​សេះ​តាម​»​​​។ ​ពេល​ខ្លះ​យី​អ៊ុន​របស់​នាង​មាន​ឡើង​ មាន​ចុះ​។ នៅ​ពេល​ណា​យី​អ៊ុន​របស់​នាង​ឡើង​​,​ នាង​អាច​ឈ្នះ​ល្បែង​បាន​លុយ​មក​វិញ ហើយ​​អាច​ស្ដារ​ដើម​បាន​​​ខ្លះ​ត្រឹម​តែ​១​ប៉​ប្រិច​ភ្នែក​។​ នៅ​ពេល​ចាក់​១​ក្ដារ​ៗ​ច្រើនៗ​​​​​​ និង​លេង​ល្បែង​ញឹក​ញាប់​​​​​បែប​នេះ​​ ធ្វើ​ឱ្យ​វេប​សាយ​ល្បែង​ធំៗ​ស្គាល់​នាង​កាន់​តែ​ច្បាស់​ និង​ចាត់​ទុក​នាង​ជា​ម៉ូយ​ដុំ​របស់​ពួក​គេ​​។​​

​ពាក់​ព័ន្ធ​នឹង​​សមត្ថកិច្ច​​ហៅ​ទៅ​សួរ​នាំ​នោះ​, នាង​ប្រាប់​ថា​​​នេះ​ជា​ការ​ចូល​រួម​ធ្វើ​ជា​សាក្សី​​។ មុន​ដំបូង​, នាង​ក៏​មិន​ទាន់​យល់​ឱ្យ​បាន​ស៊ី​ជម្រៅ​ថា​តើ​សមត្ថកិច្ច​អញ្ជើញ​នាង​ទៅ​នេះ​ទៅ ទៅ​ដើម្បី​​គោល​បំណង​អ្វី​ទេ​។ ប៉ុន្តែ​នាង​​បាន​សហ​ការ​​យ៉ាង​ល្អ​​​ជា​មួយ​សមត្ថកិច្ច និង​ព្យាយាម​ឆ្លើយ​​សំណួរ​យ៉ាង​អស់​ពី​ចិត្ត​ពី​ថ្លើម​។ នាង​​សហការ​ដោយ​រីក​រាយ​ជា​និច្ច​នៅ​ក្នុង​ការ​សាក​សួរ​​នេះ​។​​

​​សមត្ថកិច្ច​ចង់​ដឹង​​​​បទ​ពិសោធ​ដែល​​​តារា​យូធូប​​រូប​នេះ​​ប្រឡូក​នៅ​ក្នុង​​​ល្បែង​អន​ឡាញ​​ដើម្បី​​ងាយ​ស្រួល​​​ស៊ើប​អង្កេត​ និង​ស្រាវ​ជ្រាវ​កាន់​តែ​​ស៊ី​ជម្រៅ​​​, ងាយ​ស្រួល​កំណត់​ថា​​វេប​សាយ​ណា​ខ្លះ​ដែល​បើក​រក​ស៊ី​មាន​អាជ្ញាប័ណ្ណ​​ និង​វេប​សាយ​ណា​ខ្លះរក​ស៊ី​ខុស​ច្បាប់​​។ សមត្ថកិច្ច​ចង់​ដឹង​ថា​អ្នក​ណា​​ខ្លះ​ជា​​ម្ចាស់​វេបសាយ​​ទាំង​នោះ​, នាង​​លេង​ល្បែង​​អន​ឡាញ​ញឹក​ញាប់​កម្រិត​ណា, ​​នាង​វេរ​​លុយ​ចូល​វេប​សាយ​ល្បែង​​ប៉ុន្មាន​ដង,​ ម្ដង​ៗ​​​ចំនួន​ប៉ុន្មាន​​។ ព័ត៌មាន​ទាំង​នេះ​​មាន​​​ប្រយោជន៍​សម្រាប់​ការ​​​ស្រាវ​ជ្រាវ​។​

​​សមត្ថកិច្ច​​​​​​ចង់​​ផ្ដោត​សំខាន់​ថា​តារាយូធូប​​រូប​នេះ​មាន​ទំនាក់​ទំនងកម្រិត​ណា​​​ជា​មួយ​​​​ក្រុម​​ចម្រៀង​​ថាន​ថៃ​(Than Tai) និង​បុរស​​​ឈ្មោះ​ណុត ផាន់ថាវ៉ាត ណាខាវិសុទ្ធ (Not Pantawat Nakhawisut)។ សមត្ថកិច្ច​​​ចង់​ដឹង​ថា​ពេល​លេង​ល្បែង​នោះ នាង​អន​ឡាញ​នៅ​កន្លែង​ណា​​​, នាង​លេង​ជា​មួយ​អ្នក​ណា​, នាង​វេរ​លុយ​ចូល​ក្នុង​ខ្ទង់​គណនី​ល្បែង​​តាម​​ណា​ ​និង​បើក​លុយ​​តាម​​​ណា​។​

បន្ថែមពី​លើ​នេះ, សមត្ថកិច្ច​ចាប់​អារម្មណ៍​ទៅ​លើ​​ចំណុច​២​យ៉ាង​ ទី​១- កា​រ​ស្រាវ​ជ្រាវ​អំ​ពី​​មូល​ហេតុ​ដែល​នាំ​ឱ្យ​​កើត​​មាន​ទំនាក់​ទំនង​រវាង​តារា​យូយូប​រូប​នេះ​​​ និង​ជន​សង្ស័យ​១​ចំនួន​ និង​ទី២- សមត្ថកិច្ច​ចង់​​កំណត់​មុខ​សញ្ញា​​ឱ្យ​បាន​ច្បាស់​ថា​តើ​​ពួក​គេ​មាន​ទំនាក់ទំនង​​​ជា​មួយ​​នឹង​​អ្នក​ដទៃ​ទៀត​ដែរ​ឬ​ទេ​​​ដែល​អាច​​​ជា​ក្រុម​មនុស្ស​ដែល​​​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​សកម្ម​ភាព​ខុស​ច្បាប់​៕​​​

ប្រភព៖ The Thaiger

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ