ទីក្រុងតូក្យូ, ប្រទេសជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ពីបទលិឍដបទឹកស៊ីអ៊ីវនៅក្នុងហាងស៊ូស៊ីនៃទីក្រុងណាហ្គោយ៉ា(Nagoya)។ នៅពេលលិឍដបទឹកស៊ីអ៊ីវនោះ, គាត់ឆ្លៀតថតសកម្មភាព រួចបង្ហោះនៅលើបណ្ដាញសង្គម។ សាមីខ្លួនធ្វើបែបនេះដើម្បីជាការលេងសើច ឬព្រែង (prank)។ ប៉ុន្តែគាត់មិននឹកស្មានថាទង្វើនេះនាំមកនូវផលវិបាកធ្ងន់ធ្ងរ។
![Picture]()
សំណុំរឿងបុរសវ័យ២១ឆ្នាំឈ្មោះរីយ៉ូហ្កា យ៉ូស៊ីណូ (Ryoga Yoshino) ជាករណីដំបូងដែលឈានដល់ការចោទប្រកាន់ឡើងទៅតុលាការ។ នៅក្នុងសំណុំរឿងដាច់ដោយឡែកកាលពីដើមខែកុម្ភៈ សមត្ថកិច្ចជប៉ុនចាប់ខ្លួនបុរស២នាក់ដែលសម្ដែងព្រែងលិឍដបទឹកស៊ីអ៊ីវនៅក្នុងហាងស៊ូស៊ីមួយកន្លែង យីហោគូរ៉ា ស៊ូស៊ី អាយអឹនស៊ី (Kura Sushi Inc)។ នៅក្នុងចំណោមអ្នកទាំង២នោះ, ម្នាក់ត្រូវសមត្ថកិច្ចដោះលែងមកវិញដើម្បីស៊ើបអង្កេតបន្ថែមទៀត។ ចំណែកម្នាក់ទៀតបង់ប្រាក់សូមនៅក្រៅឃុំ។
![Picture]()
បន្ទាប់ពីឃើញអ្នកដទៃធ្វើព្រែងលិឍដបទឹកស៊ីអ៊ីវបែបនេះ, យ៉ូស៊ីណូក៏ធ្វើត្រាប់តាមអ្នកដទៃ។ គាត់មិនមែនលិឍដបស៊ីអ៊ីវនៅផ្ទះខ្លួនឯងទេ, បែរជាលិឍនៅក្នុងហាងរបស់គេ។ មេធាវីរបស់ជនជាប់ចោទប្រាប់ថាកូនក្ដីរបស់ខ្លួនឈ្មោះយ៉ូស៊ីណូម្នាក់នេះទំនងជាគិតថាមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេត្រឹមម៉ាលិឍដបទឹកស៊ីអ៊ីវដើម្បីថតវីឌីអូព្រែងបង្ហោះនៅលើបណ្ដាញសង្គមចែកគ្នាមើល។
![Picture]()
វីឌីអូឃ្លីបនេះត្រូវគេចែករំលែកតគ្នាយ៉ាងគគ្រឹកគគ្រេង។ ទីបំផុត, ទង្វើរបស់គាត់ក្លាយជាកាំបិតចិតដងឯងទៅវិញ។ យ៉ូស៊ីណូទទួលស្គាល់ថាទង្វើរបស់ខ្លួនហាក់ដូចជារាងជ្រុលជ្រួសបន្តិច។ ប៉ុន្តែគាត់មិននឹកស្មានថាដល់ថ្នាក់ចាប់ខ្លួនបញ្ជូនទៅតុលាការបែបនេះទេ។ នេះជាការប្រព្រឹត្តបទល្មើសយ៉ាងពិតប្រាកដ ដោយយោងទៅតាមពាក្យបណ្ដឹងរបស់ម្ចាស់ហាងស៊ូស៊ីដែលមានម៉ាកយីហោគូរ៉ា ស៊ូស៊ី អាយអឹនស៊ី (Kura Sushi Inc)។
![Picture]()
បុរសរូបនេះសង្ឃឹមថាបើតុលាការអនុញ្ញាតឱ្យគាត់នៅក្រៅឃុំ, គាត់នឹងកែចរិតឡើងវិញ និងសូមអភ័យទោសនៅចំពោះមុខគណៈគ្រប់គ្រងហាងស៊ូស៊ី។ នេះបើយោងតាមមេធាវីជនជាប់ចោទ។ ក្រុមហ៊ុនគូរ៉ា ស៊ូស៊ី ថ្លែងថាខ្លួនគ្មានអ្វីដែលត្រូវនិយាយច្រើនទេ។ ខ្លួនគ្រាន់តែសូមឱ្យអតិថិជនគិតថាទង្វើខ្លះដែលសាមីខ្លួនគិតថាមិនអីទេ តាមពិតវាជាការប្រព្រឹត្តបទល្មើស។ ក្រុមហ៊ុនសង្ឃឹមថាភ្ញៀវដទៃទៀតនឹងជៀសវាងទង្វើនេះ។
![Picture]()
នៅក្នុងសំណុំរឿងនេះ, យ៉ូស៊ីណូយល់ថាគាត់គ្មានបំណងអាក្រក់ទេ។ ប៉ុន្តែម្ចាស់ហាងទទួលអារម្មណ៍ថាទង្វើបែបនេះធ្វើឱ្យប៉ះពាល់មុខមាត់ហាងរបស់គេ ហើយអាចធ្វើឱ្យខាតបង់ធ្ងន់ធ្ងរចំពោះមុខរបរ និងប្រាក់ចំណេញរបស់ហាងគេ។ នៅពេលមើលវីឌីអូឃ្លីបឃើញគាត់យកអណ្ដាតលិឍដបទឹកស៊ីអ៊ីវបែបនេះ, ភ្ញៀវដែលចូលញ៉ាំអាហារនៅក្នុងហាងស៊ូស៊ីក្រោយៗទៀតអាចនឹងមានអារម្មណ៍ខ្ពើមឆ្អើមយ៉ាងខ្លាំង។ យូរៗទៅអាចនឹងអស់ភ្ញៀវចូលបរិភោគ ហើយអាចនឹងធ្វើឱ្យហាងដាច់ម៉ូយក៏អាចថាបាន។
![Picture]()
ពេលខ្លះ ភ្ញៀវគ្រាន់តែក្រឡេកឃើញដបទឹកស៊ីអ៊ីវ, ពួកគេអាចនឹងនឹកឃើញដល់វីឌីអូព្រែង។ ពួកគេអាចនឹងគិតក្នុងចិត្តថា «ចុម! តិចលោដបទឹកស៊ីអ៊ីវហ្នឹងមាននរណាយកអណ្ដាតលិឍរួចហើយទេដឹង?» ចុះឡើងៗ, មនុស្សលែងមានអារម្មណ៍ចង់ប្រើទឹកស៊ីអ៊ីវ។ ដូច្នេះ ទង្វើរបស់គាត់ប៉ះពាល់ធ្ងន់ណាស់ចំពោះមុខរបររបស់គេ។ មិនមែនប៉ះពាល់ត្រឹមតែហាងប៉ុណ្ណោះទេ, ប៉ុន្តែប៉ះពាល់ទាំងទឹកស៊ីអ៊ីវថែមទៀតដោយសារព្រែង៕
ប្រភព៖ Kyodo, Business Insider
អត្ថបទដែលពាក់ព័ន្ធ ភ្ញៀវដៃឆៅម្នាក់បា.ញ់សម្លា.ប់អ្នក់រត់តុ ព្រោះលើកអាហារទៅយឺត
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ