ទីក្រុងប៉ារីស, ប្រទេសបារាំង៖ មានហេតុការណ៍ដែលគួរឱ្យសោកស្ដាយមួយកើតឡើងនៅក្នុងហាងលក់ចំណីអាហារនៃតំបន់ជាយក្រុងប៉ារីស ប្រទេសបារាំង។ អតិថិជនម្នាក់ដែលចូលញ៉ាំអាហារនៅក្នុងហាងលក់ភីហ្សា និងសេនវិច ដោយសារតែការឃ្នើសចិត្តនឹងសេវាលើកអាហារមិនទាន់ចិត្តរបស់គាត់, គាត់ក៏លើកកាំភ្លើងបាញ់អ្នករត់តុម្នាក់នៅក្នុងហាងតែម្ដង។
![Picture]()
ហេតុការណ៍បាញ់សម្លាប់នោះកើតឡើងនៅវេលាម៉ោង៩:១៥យប់នៅក្នុងហាងលក់ភីហ្សា និងសេនវិច ដែលមានម៉ាកយីហោឡឺមីសស្ត្រាល់ (Le Mistral)។ សាក្សីនិយាយថាជនសង្ស័យរូបនោះដើរចូលទៅក្នុងហាង និងកុម្ម៉ង់សេនវិច។
![Picture]()
តាមពិត, ភ្ញៀវដែលជាជនដៃដល់រូបនោះ ក្រោយពេលកុម្ម៉ង់នំរួច គាត់មិនមែនរង់ចាំយូរដល់ថ្នាក់រាប់ម៉ោងទេ។ កុម្ម៉ង់រួចតែប៉ុន្មាននាទីប៉ុណ្ណោះ, នំក៏លើកទៅដល់ដៃគាត់។ ប៉ុន្តែមនុស្សហ្នឹងចេញមករបៀបជាមនុស្សសន្សំរឿង។ គាត់អាចនឹងមានរឿងមួរម៉ៅពីខាងក្រៅ ឬគាត់អាចមានរឿងសន្សំទុកនៅក្នុងហាងហ្នឹងបណ្ដើរៗតាំងពីមុនមក។ ម៉្លោះហើយ, គាត់ចង់ជម្រះបញ្ជីចេញម្ដងក៏អាចថាបាន។
![Picture]()
មានន័យថាគាត់នេះសង្គ្រឺតធ្មេញបន់ឱ្យតែមានអ្វីសម្រាប់ធ្វើជាលេស នឹងអាលបកស្បែកមនុស្សនៅក្នុងហាងតែម្ដង។ នៅពេលអ្នករត់តុលើកសេនវិចទៅឱ្យគាត់, គាត់ស្ដីឱ្យឡើងបោរមុខ។ គាត់លែងឃ្លាននំ បែរជាឃ្លានយកជីវិតមនុស្សទៅវិញ។ គាត់ក៏លើកកាំភ្លើងខ្លី៩មិល្លីម៉ែត្របាញ់ផូងតែម្ដង ដែលធ្វើឱ្យអ្នករត់តុត្រូវរបួសធ្ងន់នៅត្រង់ស្មា។ នៅពេលប្រព្រឹត្តអំពើនេះរួច, ជនសង្ស័យក៏រត់ផាសក្រញាំបាត់ស្រមោល។ គាត់លែងហ៊ានចិត្តសឿងដូចមុនទៀតហើយ ព្រោះខ្លាចគេចាប់ញាត់គុកដែរ។
![Picture]()
បុគ្គលិកនៅក្នុងហាងក៏ប្រញាប់ទាក់ទងទៅសមត្ថកិច្ចដើម្បីស្នើសុំអន្តរាគមន៍ជាបន្ទាន់។ មិនយូរប៉ុន្មាន, ក្រុមអ្នកជួយសង្គ្រោះក៏ចុះទៅដល់កន្លែងកើតហេតុ និងព្យាយាមធ្វើចលនាឱ្យជនរងគ្រោះ។ ប៉ុន្តែគួរឱ្យស្ដាយ គាត់លាចាកលោកនេះដោយគ្មានបានផ្ដែផ្ដាំពាក្យពេចន៍ចុងក្រោយសូម្បីតែមួយម៉ាត់។ ក្រោយៗមកទៀត, ទោះបីមានភ្ញៀវចូលញ៉ាំនំនៅក្នុងហាងជាហូរហែ។ ប៉ុន្តែពួកគាត់ចូលទៅទាំងញញើតញញើម និងភ្នែកនៅកញ្ចឹងក ព្រោះខ្លាចមានជោគវាសនាដូចអ្នករត់តុដែលមានជីវិតផុយស្រួយដូចនំក្រៀប។
![Picture]()
ភ្ញៀវម្នាក់ គ្រាន់តែស្ដាប់ឮដំណឹងដ៏សោកសៅនេះ គាត់លាន់មាត់តែម្ដង។ «ចុម! គ្រាន់តែលើកសេនវិចមកយឺត បាញ់សម្លាប់ចោល? រឿងនេះស្ដាប់ទៅសឹងតែមិនគួរឱ្យជឿ!»។ ស្ត្រីម្នាក់វ័យ២៩ឆ្នាំប្រាប់ថា «រឿងនេះស្ដាប់ទៅគួរឱ្យកម្សត់ណាស់! ហាងមួយកន្លែងនេះធ្លាប់តែមានភាពសុខដុមរមនា និងពុំដែលមានរឱសឋានទេពីមុនមក។ ហាងនេះទើបតែបើកបានពីរបីខែមុននេះតែប៉ុណ្ណោះ»។
![Picture]()
ប៉ុន្តែអ្នករស់នៅម្ដុំនោះនិយាយថាហាងនេះបើគេសម្លឹងមើលពីសម្បកក្រៅហាក់ដូចជាមានសេចក្ដីសុខក្សេមក្សាន្តខ្លាំងណាស់។ ប៉ុន្តែមិនមែនបានសេចក្ដីថាទីណាស្ងប់ស្ងាត់, ទីនោះគ្មានរឿងកើតឡើងទេ។ ប្រៀបបាននឹងទឹកបឹងដែលមានសភាពស្ងប់ស្ងាត់ មិនមែនមានន័យថាគ្មានត្រីនៅខាងក្រោមនោះទេ។
![Picture]()
នៅក្នុងហាងនេះកាលពីពេលកន្លងមក, គេឃើញមានការទាស់ពាក់សម្ដីគ្នា ឬឈ្លោះកាប់ចាក់គ្នាជាហូរហែ។ ពេលខ្លះ មនុស្សស្រវឹងស្រាក៏ឧស្សាហ៍ចូលញ៉ាំអាហារនៅក្នុងហាងនេះផងដែរ។ អ្នកខ្លះទៀតប្រាប់ថាម្ដុំនេះសម្បូរបទល្មើសកើតឡើងណាស់។ ជាពិសេស, សម្បូរអ្នករកស៊ីគ្រឿងញៀន និងអ្នកទទួលទានគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេង។
![Picture]()
សូមជម្រាបថានៅតំបន់ជាយក្រុងប៉ារីសសម្បូរបំផុតប្រភេទហាងលក់អាហារសម្រន់ (ហ្វាស់ហ៊្វូត -fast food)។ អ្នករត់តុត្រូវធ្វើការហាត់នឿយណាស់។ ពួកគាត់ត្រូវដុតដៃដុតជើងដើម្បីលើកអាហារជូនភ្ញៀវ និងខិតខំផ្គាប់ផ្គន់ មិនឱ្យទាស់ចិត្តភ្ញៀវ។ ប៉ះភ្ញៀវណាស្រួលក៏ស្រួលទៅតាមនោះ។ ប៉ុន្តែប៉ះភ្ញៀវខ្លះមានរឿងមួរម៉ៅក្ដៅក្រហាយមកពីខាងក្រៅស្រាប់ផង។ ដល់ពេលមានអ្វីទើសចិត្តតែប៉ិនសរសៃសក់, ពួកគេក៏បូកសរុបនៅក្នុងហាងតែម្ដង៕
ប្រភព៖ The Guardian, News Week, BBC
ចែករំលែកព័តមាននេះ