ខេត្តមណ្ឌលគីរី ៖ ខេត្តមណ្ឌលគីរីជាខេត្តមួយស្ថិតនៅភូមិភាគឦសាន ជាតំបន់ខ្ពង់រាបសម្បូរទៅដោយដងភ្នំលាតសន្ធឹងល្វឹងល្វើយ ដែលទាក់ទាញដល់ភ្លៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្ត គយគន់ព្រៃព្រឹក្សា ជ្រលងភ្នំដងអូរ និងទេសភាពវាលស្មៅដ៏ខៀវខ្ចីវែងអន្លាយ មើលដាច់កន្ទុយភ្នែក។
អ្វីដែលរឹតតែចាប់អារម្មណ៍ខេត្តមណ្ឌលគីរីសម្បូរទៅដោយតំបន់ទេសចរណ៍ ដ៏មានសក្តានុពលមានទឹកជ្រោះប៊ូស្រា ភ្នំដោះក្រមុំ , សមុទ្រឈើ,ផ្លូវអក្សរS, វាលស្មៅប្រែពណ៌ ចម្ការតែ ,ចម្ការកាហ្វេ និងវង្វង់មូលគោព្រៃ ដែលជានិម្មិតរូបនៃខេត្តមណ្ឌលគីរី ព្រមទាំងសួនច្បារក្រុងសែនមនោរម្យជាដើម ។ ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់តំបន់ខ្ពស់រាបនេះភាគច្រើននៅរដូវវស្សា ដើម្បីគយគន់មើលទេសភាពព្រៃភ្នំពេញ និងស្មៅខៀវខ្ចី ។
នៅក្នុងរដូវវស្សានេះ ខេត្តមណ្ឌលគីរី បានគ្របដណ្តប់ទៅដោយភ្លៀងធ្លាក់រាល់ថ្ងៃ និងចុះអ័ព្ទ ហើយនៅតែ មានភ្ញៀវមកមើលកម្សាន្ត ។ ជាក់ស្តែងនៅរសៀលថ្ងៃទី២០ និងព្រឹកថ្ងៃទី២១ ខែកក្កដា ខេត្តមណ្ឌលគីរីបានគ្របដណ្តប់ទៅដោយភ្លៀងនឹងអ័ព្ទ គេសង្កេតឃើញ មានភ្ញៀវទេសចរជាច្រើនបានមកកម្សាន្តនៅរម្មណីយដ្ឋានទឹកជ្រោះប៊ូស្រា និងឡើងភ្នំដោះក្រមុំទាំងភ្ញៀង ដើម្បីបន់ស្រន់ដល់លោកតាស្រុះ ដើម្បីសុំសេចក្កីសុខ ដែលប្រជាពលរដ្ឋខ្មែរលើ និងខ្មែរក្រោមបានចាត់ទុកថា ជាកន្លែងទីសក្ការៈ និងមណ្ឌលវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ។
តាមអាជ្ញាធរក្រុងសែនមនោរម្យ បានអោយកោះសន្តិភាពដឹងថា ខេត្តមណ្ឌលគីរី ភ្លៀងបានបង្អុរធ្លាក់តិចនិងច្រើនរយៈពេលប្រមាណជិត១ខែ មកតែខេត្តមណ្ឌលគីរី នៅតែមានភ្ញៀវទេសចរធ្វើដំណើរទៅកម្សាន្តជាប់មិនដាច់ និងមកថតរូបនៅរង្វង់មូលគោព្រៃ និងសួនច្បារក្រុងសែនមនោរម្យ ទុកជាអនុស្សាវរីយ៍ព្រមទាំងឡើងទៅលើភ្នំដោះក្រមុំ គយគន់ទេសភាពទេសភាពទីរួមខេត្ត,ថតរូប និងដុតធូបបែរបន់ដល់លោកតាស្រុះ ដើម្បីសុំសេចក្តីសុខ ។
គួរបញ្ជាក់ថា ភ្នំដោះក្រមុំស្ថិតនៅ ទៅរួមខេត្តមណ្ឌលគីរី ដោយជំរាលភ្នំខាងត្បូងទល់នឹងព្រលានយន្តហោះ ភ្នំនេះគ្របដណ្តប់ដោយវាលស្មៅពីចង្កេះភ្នំរហូតដល់កំពូលភ្នំ ។ ភ្នំដោះក្រមុំស្រដៀងនឹងភ្នំជាច្រើនទៀត ដែលមាននៅក្នុងក្រុងសែនមនោរម្យ និងស្រុកអូរាំងនៃខេត្តមណ្ឌលគីរី ។ ភ្នំដោះក្រមុំជាកន្លែងសក្ការៈ និងជាមណ្ឌលរប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ។
តាមប្រវត្តិ ការដោះឈ្មោះភ្នំដោះក្រមុំ តាមការហៅរបស់មន្ត្រី រាជរដ្ឋាភិបាលដែលបានចុះទៅរៀបចំដែនដីក្បែរតំបន់ភ្នំនោះ កាលពីចុងទស្សវត្សឆ្នាំ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ១៩៦០ដើម្បីបង្កើតខេត្តថ្មីមួយទៀតគីខេត្តមណ្ឌលគីរី ។ ដើមឡើងទឹកដីខេត្តនេះ ជាតំបន់ឆ្លូវលើនៃខេត្តក្រចេះ ។
ការប្រសិទ្ធិនាមភ្នំដោះក្រមុំយោងតាមរូបរាង ភ្នំមានសភាពដូចសុដ.ន់នារីក្រមុំព្រហ្មចារី កំពុងតែដេកផ្ញារឈ្មោះនោះបានជ្រោះជ្រាបដល់បងប្អូនខ្មែរ និងជនជាតិភ្នង ដែលរស់នៅក្នុងខេត្តនេះ ។ ដោយមានជំនឿយ៉ាងខ្លាំងពីភាពស័ក្តសិទ្ធិរបស់ភ្នំនេះបងប្អូនខ្មែរលើ និងខ្មែរកណ្តាលដែលរស់នៅក្នុងខេត្តមណ្ឌលគីរីក៏បានសង់ខ្ទមដែលមានដាក់ដុំថ្មជានិម្មិតរូប ក្រោយមកមានការរុះរើជាបន្តបន្ទាប់ និងបានសាងរូបជារោង រឹងមាំ និងឆ្លាក់រូបបរិមា ធ្វើពីថ្មកែវមកតម្កល់លើភ្នំកាលពីខែមិថុនា ឆ្នាំ២០០៤ ដែលគេហៅថា លោកតាស្រុះភ្នំដោះក្រមុំ ហើយប្រជាពលរដ្ឋក៏បានគោរពបូជារហូតមក ៕
ចែករំលែកព័តមាននេះ