រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង សុភ័ក្រ កុសុម៉ា និងស្វាមី បានបង្ហាញក្តីរំភើបរីករាយ បន្ទាប់ពីអ្នកទាំងពីរបានទទួលដំណឹងពីការមានកូនលើកដំបូង បន្ទាប់ពីអ្នកទាំងពីរបានរៀបអាពាហ៍ពីពាហ៍ជាមួយគ្នា អស់រយៈពេលប្រមាណជិតមួយឆ្នាំកន្លងមកនេះ ។

ដំណឹងពីការពពោះនេះ ត្រូវបានសុភ័ក្រ កុសុម៉ា បញ្ចេញឲ្យមហាជន និងអ្នកគាំទ្ររបស់នាងបានដឹងតាមរយៈបណ្តាញសង្គម ដោយនាងបានបង្ហោះរូបភាពពីការធ្វើតេស្តទឹកនោម ដើម្បីឲ្យដឹងពីភាពប្រាកដ ពីការមានកូនជាលើកដំបូងនេះ ។

ជាមួយនឹងការបង្ហាញរូបភាពមួយនេះ កុសុម៉ា បានភ្ជាប់ជាមួយនឹងសំណេរខ្លីថា «អ៊ីម៉ាតូច coming ដែលនោះបញ្ជាក់ថា នាងកំពុងពពោះកូនដំបូង ដែលគេអាចសន្និដ្ឋានថា កូននៅក្នុងផ្ទៃរបស់នាងទំនងកូនស្រីថែមទៀតផង ។

យ៉ាងណា តាមរយៈការប្រកាសពីការមានកូនលើកដំបូងពីសំណាក់ សុភ័ក្ត្រ កុសុម៉ា នាពេលនេះ គេបានឃើញមហាជន ជាពិសេសបណ្តាអ្នកសិល្បៈ និងអ្នកគាំទ្ររូបនាងជាច្រើនបាននាំគ្នាចូលរួមសម្តែងការអបអរសាទរដល់រូបនាង និងស្វាមីផងដែរ ។
គួរបញ្ជាក់ថា តារាចម្រៀងអ្នកនាង សុភ័ក្រ កុសុម៉ា បានដឹកដៃគូស្នេហ៍របស់ខ្លួនចូលរោងការជាផ្លូវការកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាទៅវិញទៅមកអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ស្វាមីរបស់ សុភ័ក្រ កុសុម៉ា គឺលោក ផល្លា ធ្លាប់បានរៀបរាប់ពីទំនាក់ទំនងស្នេហ៍របស់ពួកគេថា អ្នកទាំងពីរបានស្គាល់គ្នាក្នុងឆ្នាំ២០១៧ ក្នុងនាមជា Fan សុំថតរូបជាមួយ Idol។ ក្រោយមកលោកបានផ្ញើរូបនោះទៅកាន់ កុសុម៉ា និងបាននិយាយលេងឆ្លើយឆ្លងគ្នាទៅវិញទៅមក ហាក់ស៊ីចង្វាក់គ្នាយ៉ាងខ្លាំងរហូតដល់ឆ្នាំ២០២២ អ្នកទាំងពីរបានក្លាយជាដៃគូស្នេហ៍ជាផ្លូវការតែម្ដង ។
ទន្ទឹមនឹងនោះ លោកផល្លា បានទម្លាយខ្លះៗពីអត្តចរិករបស់កុសុម៉ា ថា៖ «នាងមនុស្សស្រីម្នាក់ដ៏រ៉ូមែនទិច ត្រូវការយកចិត្តទុកដាក់ថ្នាក់ថ្មម នាងគួរឱ្យស្រឡាញ់ ហើយនាងជាមនុស្សនិយាយត្រង់ទៅត្រង់មក គ្រប់ពេលដែលខ្ញុំនៅជាមួយគាត់ ខ្ញុំតែងតែសើចរហូត យើងកម្រឈ្លោះគ្នាណាស់ ហើយកុសុម៉ា ជាមនុស្សស្រីម្នាក់ឆ្លាតស្អាតពូកែ រហ័សរហួន ទាំងការងារ ការគិត ប៉ុន្តែពេលខ្លះនាងដូចក្មេងតូចអញ្ចឹង ញ៉ិញ៉ក់ តែក្បាលរឹងដែរពេលខ្លះ» ។
ក្រោយពីរៀបការហើយ កុសុម៉ា និងស្វាមី តែងតែបង្ហាញរូបភាពសកម្មភាពនានាបង្ហោះលើបណ្តាញសង្គមជាបន្តបន្ទាប់ បង្ហាញពីជីវិតរស់នៅជាប្តីប្រពន្ធរបស់ពួកគេយ៉ាងមានសេចក្តីសុខ និងសុភមង្គល ខណៈពេលចំណងដៃកូនលើកដំបូងនាពេលនេះ នឹងធ្វើឲ្យចំណងស្នេហ៍របស់ពួកគាត់កាន់តែរឹងមាំ និងស្អិតរមួតថែមទៀត ៕



ចែករំលែកព័តមាននេះ