អតីតតារាសម្តែង និងកំប្លែងអ្នកនាង ស៊ុនណារី ម៉ូនីកា នៅតែសន្សំចិត្តនឹងវិលមកអាជីពសិល្បៈពេញដៃឡើងវិញនៅក្នុងអំឡុងពេលសមស្របណាមួយ បន្ទាប់ពីតារាស្រីរូបនេះបានខកខានមិនបានបង្ហាញវត្តក្នុងសិល្បៈអស់ជាច្រើនឆ្នាំ ។

ដ្បិតកំពុងរស់នៅក្នុងស្រុក ក្រោយវិលពីប្រទេសបារាំងអស់រយៈពេលប្រមាណ១០ឆ្នាំមកនេះ អ្នកនាង ស៊ុនណារី ម៉ូនីកា ហាក់មិនបានចេញមុខចេញមាត់ច្រើនក្នុងអាជីពសិល្បៈឡើយ បើទោះបីជាបច្ចុប្បន្ននាងនៅតែអាចសម្តែង និងច្រៀងបានដូចដើមក៏ដោយ ។

យ៉ាងណា អ្នកនាងបញ្ជាក់ថា រហូតមកទល់នាពេលនេះ នាងមិនមានគោលបំណងណាមួយចាកចេញពីអាជីពសិល្បៈនាពេលនេះឡើយ ពោលអ្នកនាងនៅតែស្រឡាញ់អាជីពមួយនេះដដែល ព្រោះសិល្បៈបានធ្វើឲ្យអ្នកនាងមានមុខមានមាត់ និងមានអ្វីគ្រប់យ៉ាងរហូតមកដល់សព្វថ្ងៃនេះ ។
អ្នកនាង ស៊ុនណារី ម៉ូនីកា បានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិចថា អំឡុងពេលដែលអ្នកនាងបានវិលមកពីប្រទេសបារាំងវិញ នាងក៏មានអ្នកហៅឲ្យសម្តែង និងច្រៀងដែរ ប៉ុន្តែចាប់តាំងពីកូនស្រីអ្នកនាងចាប់ផ្តើមឈឺនោះ អ្នកនាងក៏បានខកខានទៅវិញ ។

អ្នកនាងបន្តថា បច្ចុប្បន្ន អ្នកនាងនៅតែអាចសម្តែង និងច្រៀងបានដដែល ប៉ុន្តែដោយសារមួយរយៈកន្លងមកនេះ គឺអ្នកនាងមិនបានបញ្ចេញឲ្យគេឯងដឹងច្រើនថា អ្នកនាងបានវិលមករស់នៅស្រុកខ្មែរវិញ ហើយណាមួយអ្នកនាងក៏ជាប់មើលថែកូនឈឺផងនោះ ទើបមិនមានអ្នកហៅឡើងសម្តែង ។ ជាងនេះទៅទៀតអំឡុងពេលអ្នកនាងវិលពីស្រុកបារាំងវិញ គឺអ្នកនាងបានឡើងគីឡូខ្លាំង ដោយសារតែអ្នកនាងបានលេបថ្នាំផ្សះច្រើន ក្រោយជួបឧបទ្ទហេតុចោរឆក់បណ្តាលអោយអ្នកនាងដួលបាក់ដៃ ។

អ្នកនាងថា បញ្ហានេះ បានធ្វើឲ្យអ្នកនាងសំងំមិនសូវដើរទៅណាឆ្ងាយ ទោះបីមានមិត្តភក្តិ បងប្អូនហៅទៅចូលរួមកម្មវិធីផ្សេងៗក៏អ្នកនាងមិនបានទៅដែរ ព្រោះយល់ថា ខ្លួនឯងធាត់ខ្លាំងស្លៀកពាក់អ្វីមិនសម ហើយថតទៅក៏មិនស្អាតដែរ ។

យ៉ាងណា បើតាមអ្នកនាង ស៊ុនណារី ម៉ូនីកា បន្ទាប់ពីនាងបានសម្រកគីឡូមកសមរម្យវិញនោះ អ្នកនាងក៏មានឱកាសត្រូវបានគេហៅចូលរួមកម្មវិធី 3 For Fun ដើម្បីធ្វើការសម្ភាសន៍ពីជីវប្រវត្តិ និងស្ថានភាពបច្ចុប្បន្នរបស់អ្នកនាងឡើងវិញ ។ ចាប់តាំងពីពេលនោះមក ក៏មានខាងស្ថានីយទូរទស្សន៍បានហៅឲ្យចូលរួមកម្មវិធីកំសាន្តជាបន្តបន្ទាប់ ខណៈពេលដែលនាងក៏នឹងត្រៀមខ្លួនចូលរួមកម្មវិធីកំសាន្តមួយរបស់ស្ថានីយទូរទស្សន៍បាយ័ននាពេលឆាប់ៗខាងមុខនេះផងដែរ ។

អ្នកនាង ស៊ុនណារី ម៉ូនីកា បានលើកឡើងបន្ថែមថា សម្រាប់ការសម្តែងភាពយន្តវិញ កន្លងមកអ្នកនាងក៏ធ្លាប់ត្រូវបានផលិតករលោក កៅ ស៊ីហា ហៅឲ្យចូលរួមថតផងដែរ ប៉ុន្តែអ្នកនាងបានបដិសេធដោយសារអ្នកនាងត្រូវជាប់ដៃមើលកូនឈឺខ្លាចមិនមានពេលវេលាគ្រប់គ្រាន់ ។

អ្នកនាងបញ្ជាក់ថា សម្រាប់រូបនាងក្នុងអាជីពសិល្បៈ គឺនាងពេញចិត្តការឡើងច្រៀងតាមខនសឺតជាងការសម្តែងកុន ព្រោះការទៅសម្តែងខនសឺត គឺមានតែម្នាក់ឯង ដោយយើងអាចរៀបចំខ្លួន និងស្លៀកពាក់បានឆាប់រហ័ស និងងាយស្រួល ។

ទោះជាយ៉ាងណា បច្ចុប្បន្នអ្នកនាងនៅតែអាចសម្តែង និងច្រៀងបានដូចដើម ហេតុនេះអ្នកនាងនៅតែសន្សំចិត្តប្រឡូកក្នុងអាជីពសិល្បៈនេះដដែល ដោយអ្នកនាងមិនមានបំណងចង់បោះបង់ចោលឡើយ ព្រោះតាំងពីដើមរហូតមកអ្នកនាងមានឈ្មោះបោះសម្លេង និងមានអ្វីៗដោយសារអាជីពនេះ ជាពិសេសគឺ ការគាំទ្រពីបងប្អូនទស្សនិកជនតាំងពីដើមរហូតមក ៕




ចែករំលែកព័តមាននេះ