រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានចាត់ទុកការប្រមាថព្រះមហាក្សត្រខ្មែរពីសំណាក់អតីតតារាភាពយន្តជើងចាស់អ្នកនាង សុខ ស្រីមុំ គឺជាសកម្មភាពលើសខ្លាំង ក្នុងពេលដែលអង្គព្រះមហាក្សត្រ គឺត្រូវបានប្រជារាស្ត្រខ្មែរទូទាំងប្រទេសគោរពយ៉ាងខ្លាំង ។

តារាចម្រៀងរូបនេះយល់ឃើញថា ការជេរប្រមាថមកលើព្រះមហាក្សត្រពីអ្នកនាង សុខ ស្រីមុំ គឺដោយសារមិនបានដឹងរឿងច្បាស់លាស់ ហើយសកម្មភាពមួយនេះមិនអាចទទួលយកបានឡើយ បើសូម្បីតែអ្នកនាងក៏មិនអាចនៅស្ងៀមបាននោះដែរ ។
តាមរយៈសំណេរដែលបានសរសេរបង្ហោះលើបណ្តាញសង្គមអ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា ហេតុអីក៏បងមុំប្រែប្រួលដល់ម្លឹង ? ធ្លាប់តែឃើញបងថតវីដេអូ និយាយឡិកឡក់ ហើយឃើញមហាជនជាច្រើនគេចូលទៅដៀលបងថា ដូចមនុស្សមិនគ្រប់ ក៏ប្អូនមិនដែលចូលទៅទើសបងដូចគេដែរ មានតែអាណិតព្រោះគិតថា នោះសិទ្ធិជាសេរីភាពបង ។ ប៉ុន្តែរឿងថ្មីមួយនេះ បងមុំលើសហើយ លើសខ្លាំងដែលប្អូនមិនអាចស្ងៀមបាន ។

អ្នកនាងបញ្ជាក់ថា បងដឹងមកពីណាថា ព្រះអង្គមិនរវល់កូនចៅលោក?បើបងមិនដឹងអីទេ ឈប់ទៅបង បាបណាស់ ។ នេះស្តេចខ្មែរទេបងដែលលោកស្លូតបូត តែបើស្តេចសៀម វិញ បើបងប្រមាថជាសាធារណៈដល់ម្លឹងហើយ គឺគុគអត់ថ្ងៃចេញទេបងមុំ ។
បើតាមអ្នកនាង ម៉េង កែវពេជ្ជតា បងត្រូវចាំកូនណាដែលជេរឪពុកម្តាយខ្លួនឯង កូននោះគ្មានកំណើត និងគ្មាននរណាហ៊ានយកខ្លួនបៀតទេ ! ។ ជាការកត់សម្គាល់ ការចេញមុខប្រឆាំងតបពីអ្នកនាង ម៉េង កែវពេជ្ជតា នាពេលនេះគឺធ្វើឡើងស្របគ្នាផងដែរ ជាមួយតារាសម្តែងអ្នកនាង ឌួង ហ្សូរីដា ក៏បានចេញមុខឆ្លើយតប និងរិះគន់ចំពោះទង្វើរបស់អ្នកនាង សុខ ស្រីមុំ នាពេលនេះផងដែរ ។

មិនត្រឹមអ្នកសិល្បៈប៉ុណ្ណោះទេ ពោលក៏មានមហាជនជាច្រើនក៏បានចេញមុខថ្កោលទោសចំពោះការប្រមាថព្រះមហាក្សត្រពីសំណាក់អ្នកនាង សុខ ស្រីមុំ នេះដូចគ្នា ។ គួរបញ្ជាក់ថា អតីតតារាភាពយន្តជើងចាស់អ្នកនាង សុខ ស្រីមុំ បានប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនដោយបានបង្ហោះនូវវីដេអូឃ្លីបខ្លីមួយដោយនិយាយពីបញ្ហាការឈ្លានពានរបស់សៀមមកលើទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែន ។

ទន្ទឹមនឹងការនិយាយនោះអ្នកនាង ក៏បាននិយាយនូវពាក្យពេចន៍មួយចំនួនដែលរិះគន់ និងប្រមាថមកលើព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរថា មិនបានជួយអ្វីទាំងអស់ក្នុងពេលដែលប្រទេសជួបបញ្ហាសង្គ្រាមនាពេលនេះ ។
យ៉ាងណា ក្រោយបញ្ចេញនូវវីដេអូខាងលើនេះមិនទាន់ទាំងបានប៉ុន្មានផងអ្នកនាង សុខ ស្រីមុំ ក៏បានលុបវីដេអូនោះចោលវិញ ដោយទំនងជាអ្នកនាងគិតថា ជាការខុសឆ្គងខ្លាំង ខណៈពេលមហាជនជាច្រើនបានចូលទៅធ្វើការខមិនសម្តែងការមិនសប្បាយចិត្ត និងថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់នាងនាពេលនេះ ៕
ចែករំលែកព័តមាននេះ