រាជធានីភ្នំពេញ ៖ នារីម្នាក់ ត្រូវបានរងរបួសបាក់ជើងខាងស្តាំ ខណៈកំពុងជិះម៉ូតូនៅតាមផ្លូវសុខៗ ក៏ត្រូវរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីស៣៣០មួយគ្រឿង (ឡានដែលឆេះនៅសង្កាត់ដង្កោ) បើកលឿនដូចហោះបុកពេញទំហឹង កើតឡើងកាលពីវេលាម៉ោង០៩ និង១៥នាទីព្រឹកថ្ងៃទី០៥ តុលា ស្ថិតនៅចំណុចផ្លូវលេខ៦៣ (ផ្លូវត្រសក់ផ្អែម) កែងនិងផ្លូវលេខ៣៩៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ខណៈរថយន្តនេះបានព្យាយាមបើកគេចពីកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើននាក់ ដែលនាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ។ ដឹងមូលហេតុហើយ រថយន្តដែលត្រូវប៉ូលិសដេញហើយឆាបឆេះព្រឹកមិញ
ប្រភពឱ្យដឹងថា នារីរងគ្រោះឈ្មោះតារា ភួងនិមល អាយុ២៩ឆ្មាំ ជាបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ ៨A ផ្លូវលេខ ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ដោយឡែក ជនបង្កបានឃាត់ខ្លួនឈ្មោះគឹម រតនា អាយុ៣៨ឆ្នាំ បើករថយន្តឡិចស៊ីសRX330 ពាក់ស្លាកលេខ2AK-2331 ដែលជាកម្មសិទ្ធិរបស់ឈ្មោះគឹម ហឹង អាយុ៥៦ឆ្នាំ ដែលជាបងប្រុសបង្កើតរបស់ជនបង្កតែម្តង ។
គួររំលឹកថា កាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃដដែល ជនសង្ស័យបានលួចបើករថយន្តឡិចស៊ីសRX-330នេះ ចេញពីផ្ទះនៅបុរីពិភពថ្មី ទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ក្រោយមក បងប្រុសដែលជាម្ចាស់រថយន្តបានដឹងថាបាត់រថយន្ត ក៏មានការភ្ញាក់ផ្អើលឆោឡោ បានប្ដឹងនគរបាល និងកងរាជអាវុធហត្ថឱ្យជួយអន្តរាគមន៍ ។ ពេលនោះសមត្ថកិច្ចបានចេញពួនស្ទាក់គ្រប់ទីកន្លែង ក្រោយមកកងរាជអាវុធហត្ថប្រទះឃើញរថយន្ត ដែលមានភិនភាគដូចការប្ដឹងនោះ កំពុងបើកបរនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថបានដេញតាមឃាត់ឲ្យឈប់ ប៉ុន្តែជនសង្ស័យមិនឈប់ទេ បានបើករត់ និងបុកមន្ត្រីកងរាជអាវុធហត្ថនៅក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលឱ្យរងរបួសស្រាល៣នាក់ រួចជននេះបានបន្តបើករថយន្តរត់ចូលមកភ្នំពេញវិញ ។
ប្រភពដដែលបន្តថា លុះចូលដល់ក្នុងភូមិសាស្ត្រខណ្ឌចំការមន ជ្រុលទៅបុកម៉ូតូរ៉ឺម៉កកង់បី១គ្រឿង បណ្ដាលនារីម្នាក់ខាងលើ របួស ព្រមទាំងជ្រុលទៅកៀររថយន្ត១គ្រឿងផ្សេងទៀត ។ បន្ទាប់មក មិនបានឈប់ស្ងៀមទេបន្តដំណើរទៅមុខ ហើយពេលទៅដល់ត្រង់ចំណុចបឹងតាម៉ាត ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏បានបានជ្រុលទៅបុកជាមួយម៉ូតូរ៉ឺម៉កកង់បី១គ្រឿងទៀត ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា មានដឹកប្រេងម៉ាហ្ស៊ូតទៅចាក់ម៉ាស៊ីនបូមទឹកដាក់ស្រែនៅភូមិប្រកា សង្កាត់ព្រៃ.ស ខណ្ឌដង្កោ បណ្ដាលឱ្យបុរសអ្នកបើកម៉ូតូរ៉ឺកដឹកប្រងរងរបួស ហើយប្រេងបានកំពប់ខ្ទាតទៅលើរថយន្តដែលកំពុងមានកម្ដៅខ្លាំងទើបបង្កឱ្យរថយន្តនេះ បានផ្ទុះឆេះយ៉ាងសន្ធោរសន្ធៅតែម្ដង។ ឃើញប៉ូលិសដេញតាមឡានឡិចស៊ីស330នេះ រហូតដល់ឆាបឆេះ
ចែករំលែកព័តមាននេះ