រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅមាត់មសុទ្រនឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។
យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកជម្រាបអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានលើកឡើងថា របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជាមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។
ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម២ម៉ែត្រវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តកំពង់ ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ ។
ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រ/វិនាទី ។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី១៥%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ ៕
ចែករំលែកព័តមាននេះ