រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកជាថ្មីដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកកម្ចីប្រាក់អនឡាញ ។ ទោះបីជាមានការផ្សព្វផ្សាយកន្លងមកក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនបន្តចាញ់បោកក្រុមជនអនាមិកតាមរយៈបណ្តាញសង្គម Facebook និង Telegram ។
ជាក់ស្តែងបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាស នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមជម្រាបជូនសារធារណជនមេត្តាជ្រាបថា កន្លងមកនាយកដ្ឋានបានធ្វើការផ្សព្វផ្សាយនូវការឆបោបោកក្រោមរូមភាពផ្តល់ប្រាក់កម្ចីអនឡាញ ប៉ុន្តែនាយកដ្ឋានសង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋមួយចំនួនបានចាញ់បោកជនអនាមិកក្រោមរូបភាពការផ្តល់កច្ចីអនឡាញ ។
ជាថ្មីម្តងទៀត នាយកដ្ឋានសូមក្រើនរំលឹកដល់សារធារណជន ជាពិសេស អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម សូមមានការប្រុងប្រយ័ត្នចំពោះការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការផ្តល់ប្រាក់កម្ចីអនទ្បាញ តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនានា ជាពិសេសតាមទំព័រហ្វេសប៊ុក និងតេលេក្រាម ដែលបានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ ក្រោមល័ក្ខខ័ណ្ឌដាក់ស្នើកម្ចីងាយស្រួលក្នុងគោលបំណងទាក់ទាញអោយប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ និងដាក់ស្នើកម្ចីអនឡាញ ។
នៅពេលដែលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅតាមរយៈគណនីហ្វេសប៊ុក (Messenger) ជនអនាមិកនឹងតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមវិញ ។
ក្រោយពួកគាត់ជជែកព្រមព្រៀង តាមតំលៃស្នើប្រាក់កម្ចីរួច ជនអនាមិកតម្រូវអោយថតផ្ញើឯកសារមួយចំនួនមានដូចជា ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកាន់អត្តសញ្ញាណប័ណ្ណ និងថតរូបកន្លែងធ្វើការជាដើម បន្ទាប់មកជនអនាមិកបានផ្ញើ QR Code មកឱ្យពួកគាត់ ដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាល ជាដើម និងបន្តឱ្យវេរលុយជាបន្តបន្ទាប់ក្រោមមូលហេតុផ្សេងៗ រហូតផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិកមិនបានផ្តល់ប្រាក់កម្ចីដល់ជនរងគ្រោះឡើយ ថែមទាំងអាចយកឯកសារដែលជនរងគ្រោះផ្ញើឱ្យ ធ្វើការគំរាម និងយករូបថតមិត្តភក្កិ បងប្អូន របស់ជនរងគ្រោះនៅក្នុងប្រព័ន្ធសង្គមហ្វេសប៊ុកយកទៅបង្ហោះ បរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង៕
ចែករំលែកព័តមាននេះ