ប្រទេសឥណ្ឌូណេស៊ី ៖ ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីលើកទឹកចិត្តឱ្យមន្ត្រីរាជការបង្កើនប្រសិទ្ធភាពការធ្វើដំណើរ និងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដោយសារតែផលរំខានលើការផ្គត់ផ្គង់បណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ានោះ ស្រាប់តែគ្រូបង្រៀនអប់រំកាយម្នាក់នៅកោះ Sempu ខេត្តជ្វាខាងកើត (East Java) បានឆ្លើយតបនឹងគោលនយោបាយនេះ ដោយរត់ទៅធ្វើការ ដែលបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកលើបណ្តាញសង្គម។
លោក Ahmad Zaki កាលពីថ្មីៗនេះបានបង្ហោះវីដេអូរយៈពេល៣៦វិនាទី លើគណនី Instagram ផ្ទាល់ខ្លួន ដោយបង្ហាញអំពីការរត់ទៅបំពេញការងារជាមួយឈុតគ្រូបង្រៀនរបស់គាត់។ គ្រូអប់រំកាយវ័យ៣៤ឆ្នាំរូបនេះ រត់ប្រហែល ៤ គីឡូម៉ែត្រទៅសាលារៀនជារៀងរាល់ថ្ងៃ ដោយជាធម្មតាអាចចំណាយពេលប្រហែល ១៥នាទី និង ៤០វិនាទី ហើយសម្រាប់លោក Ahmad Zaki វាមិនមែនជារឿងពិបាកនោះទេ ដោយសារតែគាត់ឆ្លងកាត់ការហ្វឹកហាត់ និងធ្លាប់រត់រយៈចម្ងាយឆ្ងាយរួចហើយ។
លោកបានថ្លែងថា ការរត់ទៅធ្វើការមិនមែនសម្រាប់ចង់បានការទាក់ទាញ និងចំណាប់អារម្មណ៍អ្វីនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺដើម្បីគាំទ្រគោលនយោបាយសន្សំសំចៃថាមពលរបស់រដ្ឋាភិបាលជាមួយសកម្មភាពជាក់ស្តែង ហើយក៏បានបង្កើតគំរូដ៏ល្អសម្រាប់សិស្សផងដែរ ព្រោះការរត់ក៏ជាទម្រង់នៃការហាត់ប្រាណមួយអាចធ្វើបាននៅតាមផ្លូវទៅធ្វើការ ហើយក៏អាចបង្ហាញសិស្សអំពីសារៈសំខាន់នៃការរក្សាសុខភាពរាយកាយមាំមួន។
លោក Ahmad Zaki គឺជាគ្រូបង្រៀនអប់រំកាយនៅវិទ្យាល័យក្នុងស្រុក និងជាអ្នកចូលចិត្តរត់ជាយូរមកហើយ ដោយបានទទួលការបណ្តុះបណ្តាលផ្នែករត់ប្រណាំងជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០០៦។ លោកក៏បានចូលរួមក្នុងព្រឹត្តិការណ៍រត់ជាច្រើន និងបានឈ្នះមេដាយប្រហែល៧៥គ្រឿង ហើយជាប្រចាំលោកតែងតែចាប់ផ្តើមហ្វឹកហាត់រត់ បន្ទាប់ពីការអធិស្ឋានពេលព្រឹកមុនពេលទៅសាលាដើម្បីបង្រៀន៕ ប្រភព ៖ China Press


ចែករំលែកព័តមាននេះ