រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺអេដស៍នៅកម្ពុជា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានៃក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។

កម្មវិធីចាប់ពីវេលាម៉ោង៩ព្រឹក ដល់ម៉ោង៩យប់ នៅផ្សារទំនើប ខេ ម៉ល ផ្លូវវេងស្រេង រាជធានីភ្នំពេញ ដែលនឹងនាំមកនូវភាពសប្បាយរីករាយ ការអប់រំ ការលើកកម្ពស់ការប្រើប្រាសស្រោមអនាម័យ ជាមួយនឹងការចែកចាយស្រោមអនាម័យ និងការធ្វើតេស្តដោយឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានលើកឡើងថា ការកើនឡើងនៃអត្រាឆ្លងជំងឺកាមរោគនៅទូទាំងពិភពលោក ជាពិសេសជំងឺស្វាយ មិនមែនជារឿងអាថ៌កំបាំងទេ វាជាអ្វីដែលកើតឡើងនៅពេលដែលមូលនិធិសកលថយចុះ ហើយស្រោមអនាម័យមិនត្រូវបានផ្តល់អាទិភាពសម្រាប់ការបង្ការមេរោគអេដស៍ បើគ្មានការកែតម្រូវជាបន្ទាន់ទេការឆ្លងមេរោគអេដស៍នឹងកើនឡើងក្នុងពេលឆាប់ៗនេះ។

លោកវេជ្ជបណ្ឌិតបានបន្តថា ស្រោមអនាម័យដែលប្រើប្រាស់រាប់ទសវត្សរ៍ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ជាសកល និងមិនចំណាយច្រើន ។ ការរក្សាការបង្ការការឆ្លងមេរោគអេដស៍ និងការទប់ស្កាត ការកើនឡើងនៃការឆ្លងជំងឺកាមរោគមិនតម្រូវឱ្យមានការច្នៃប្រឌិតវិទ្យាសាស្ត្រថ្មីទេ តែតម្រូវឱ្យមានឆន្ទៈគោលនយោបាយ ការវិនិយោគប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តឡើងវិញដើម្បីធានាថាស្រោមអនាម័យគឺឥតគិតថ្លៃ ឬមានតម្លៃសមរម្យ និងអាចរកបានយ៉ាងទូលំទូលាយសម្រាប់អ្នកដែលត្រូវការវាបំផុត។
សូមបញ្ជាក់ដែរថា ទិវាស្រោមអនាម័យអន្តរជាតិ (ថ្ងៃទី១៣ ខែកុម្ភៈ) ត្រូវបានបង្កើតឡើងដោយមូលនិធិថែទាំសុខភាពអេដស៍ ក្នុងឆ្នាំ២០០៩ ដើម្បីអបអរសាទរស្រោមអនាម័យជាជម្រើសដ៏ល្អបំផុតរបស់ពិភពលោក សម្រាប់ការការពារមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដែលមិនបានគ្រោងទុក។

ទិវាស្រោមអនាម័យអន្តរជាតិ រំលឹកយើងថា ស្រោមអនាម័យមានសុវត្ថិភាពជាងទាក់ទាញ និងការបង្កាសម្រាប់ទូទាំងពិភពលោក៖ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ»។
ក្នុងការឆ្លើយតបនឹងមេរោគអេសដ៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នឹងរៀបចំយុទ្ធនាការ នាទិវាស្រោមអនាម័យអន្តរជាតិ ដែលមានការអប់រំ ការធ្វើតេស្ត ការចែកស្រោមអនាម័យពិភាក្សាពីស្រោមអនាម័យ អបអរសាទរ និងរបាំកំសាន្តសប្បាយ ជាមួយតន្ត្រី សម័យ បុរាណ ផងដែរ ៕
ចែករំលែកព័តមាននេះ