ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនទស្សនកិច្ចទីតាំងអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅខេត្តបន្ទាយមានជ័យ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក្នុង​ការ​ទទួល​ស្វាគមន៍​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ROMEO…

រាជធានី​ភ្នំពេញ ៖ ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក្នុង​ការ​ទទួល​ស្វាគមន៍​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ​នៃ​កងទ័ព​ហ្វី​លី​ពី​ន ក្នុង​ឱកាស​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ ។

ជាក់ស្តែង​ក្រសួងការពារជាតិ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ​ថា ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ៖ នៅ​ថ្ងៃ​សុក្រ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ក្រុម​សម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ទទួល​ស្វាគមន៍ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃ​កងទ័ព​ហ្វី​លី​ពី​ន ដែល​អញ្ជើញ​មក​ទស្សនកិច្ច​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ។

ដោយនៅ​វេលា​ម៉ោង ១០:០០​នាទី​ព្រឹក គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ស្នាក់​ការ​២ ស្ថិត​នៅ​ក្រុង​សិរី​សោភ័ណ ដោយ​ក្នុង​ឱកាស​នោះ វរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ប្រចាំ​កម្ពុជា​ក៏​បាន​ធ្វើ​បទ​បង្ហាញ​ជូន​ឯកឧត្តម អគ្គមេបញ្ជាការ និង​គណៈប្រតិភូ ស្តី​ពី​វឌ្ឍនភាព​ការងារ​របស់​ខ្លួន​ផង​ដែរ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃ​កងទ័ព​ហ្វី​លី​ពី​ន បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល ៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃ​កងទ័ព​ហ្វី​លី​ពី​ន មក​កាន់​ព្រះរាជាណាចក្រ​នា​ពេល​នេះ គឺ​ដើម្បី​ចុះ​មក​ពិនិត្យ និង​សិក្សា​ស្វែង​យល់​ក្នុង​ការ​ត្រៀមលក្ខណៈ​ទទួល និង​បំពេញ​តួនាទី​ជា​ប្រធាន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក្នុង​ឆ្នាំ​២០២៦ បន្ត​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា កម្ពុជា​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​យន្តការ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ