ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ហាម​ខ្មែរ​កាត់​ចិន​មិន​ឱ្យ​ដុត​ផាវ កាំជ្រួចក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន ​និងវៀត​ណាម

7 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ដើម្បី​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ មន្ត្រី​គ្រប់ស្ថាប័នរដ្ឋ តាម​បណ្ដា​ស្រុក ក្រុង និង​សមត្ថកិច្ច ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ…

ខេត្តបាត់ដំបង ៖ ដើម្បី​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ មន្ត្រី​គ្រប់ស្ថាប័នរដ្ឋ តាម​បណ្ដា​ស្រុក ក្រុង និង​សមត្ថកិច្ច ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ និង​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ឬ​អា​ជី​វិករ​លក់ដូរ មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​និង​វៀតណាម ចូល​មក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដោយ​ហាម​មិន​ឲ្យ​មានការ «​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​រំខាន ព្រមទាំង​ប្រព្រឹត្ត​ល្បែង​ស៊ី​ង​សងគ្រប់​រូបភាព​» ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត ដែល​បាន​ប្រកាស​ជា​សាធារណៈ កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ ។

កម្លាំង​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង បាន​ចុះ​អនុវត្ត​នូវ​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ដល់​អាជីវករ​លក់ដូរ​នៅ​តាម​បណ្ដា​ផ្សារ និង​ទីប្រជុំជន​នានា ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត ។

កម្លាំង​ជាដំបូង​នេះ សមត្ថ​កិច្ច​បាន​ចុះ​ណែនាំ​ដល់​អាជីវករ​តាម​បណ្ដា​ផ្សារ​នានា ហាម​មិន​ដាក់​តាំង​លក់ «​ផាវ ឬ​កាំជ្រួច​» សម្រាប់​​​ដុត​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ឡើយ ។ ហើយ​ក៏​មិន​ឲ្យ​មានការ​ដុត​បំផ្ទុះ​បន្លឺ​សំឡេង​​​នៅ​តាម​លំនៅ​ឋាន នៅ​កន្លែង​លក់ដូរ ឬ​នៅ​តាម​ទីតាំង​ផ្សេង​ៗ​ដែរ ដែល​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​មូលដ្ឋាន ។

កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ រដ្ឋបាល​ខេត្ត​បាន​ចេញ​សេចក្ដីណែនាំ​ស្ដី​ពី​«​ការ​រៀបចំ​រក្សា​សន្តិសុខ សុវត្ថិ​ភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​»​ក្នុង​ខេត្តបាត់ដំបង ។ សេចក្ដីណែនាំ​នេះ មាន​គោលដៅ​ទូលំទូលាយ មិន​ថា បណ្ដា​អង្គភាព​រដ្ឋ ឯកជន ឬ​អង្គការ​នានា​ឡើយ គឺ​ត្រូវ​ចូលរួម​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្លាប់​សាធារណៈ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ កុម្ភៈ​។

បំរាម​៖ ទី​១-​មិន​ឱ្យ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សំឡេង​រំខាន ព្រមទាំង​ការ​ប្រព្រឹត្ត​រាល់​ល្បែងស៊ីសង​គ្រប់​រូបភាព ។ ទី​២-​បណ្ដា​គ្រឹះស្ថានសាធារណៈ រោងចក្រ សហគ្រាស ក្រុមហ៊ុន តាម​លំនៅ​ឋាន និង​គ្រប់​ទីកន្លែង​កម្សាន្ត​នានា ត្រូវ​រក្សា​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្លាប់​សារ​ធារ​ណៈ និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​អុច​ធូប ទៀន ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ ឬ​គ្រោះថ្នាក់​ផ្សេង​ៗដោ​យថាហេតុ ។

រដ្ឋបាល​ក្រុង និង​ស្រុក​ទាំង​១៤ ឬ​បណ្ដា​អង្គភាព​រដ្ឋ​នានា ត្រូវ​ចាប់ផ្ដើម​អនុវត្ត​នូវ​សេចក្ដីណែនាំ​នេះ តាម​រយៈ​ផ្សព្វផ្សាយ​បន្ត​ឲ្យ​បាន​ទូលំទូលាយ និង​ចុះ​ណែនាំ​ផ្ទាល់​ដល់​អាជីវករ​លក់ដូរ ឬ​តាម​ទីផ្សារ​នានា ព្រមទាំង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​ចូលរួម​គោរព និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ។

បើ​តាម​មន្ត្រី​ជំនាញ​នៃ​អធិការ​ក្រុង​បាត់ដំបង ដែល​បាន​ចុះ​ផ្សព្វផ្សាយ​ស្ដី​ពី​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត​នេះ បាន​និយាយ​ថា ជាដំបូង មន្ត្រី​ជំនាញ​បាន​ចុះ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ក្រុង​បាត់ដំបង ជា​ពិសេស ទីតាំង​ដែល​មាន​លក់​គ្រឿងផ្ទុះ «​ផាវ និង​កាំជ្រួច​» ។

មិន​អនុញ្ញាត​ឲ្យ​ដាក់​តាំង​លក់ «​ផាវ កាំជ្រួច ឬ​គ្រឿង​លំអរ​ផ្សេង​ៗ ដែល​មាន​ជាតិ​ផ្ទុះ​» និង ជម្រុញ​ឲ្យ​បងប្អូន​អាជីវករ​នានា ត្រូវ​ចូលរួម​សហការ ដើម្បី​បង្ការ និង​ទប់ស្កាត់​រាល់​ហានិ​ភ័យ​នានា​ដែល​បាន​កើតឡើង​ដោយ​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ