ទីក្រុងបាងកក, ប្រទេសថៃ៖ នៅទីបំផុត ព្រះមហាក្សត្រថៃត្រាស់បង្គាប់រំលាយរដ្ឋសភាជាស្ថាពរ ដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនាខែឧសភាខាងមុខនេះ។ ការរំលាយរដ្ឋសភានេះត្រូវបានផ្សព្វផ្សាយនៅលើព្រឹត្តិបត្រជាផ្លូវការរបស់ព្រះបរមរាជវាំង។ ព្រះរាជក្រឹត្យដែលត្រាស់បង្គាប់កាលពីថ្ងៃទី១៧ ខែមីនាត្រូវចូលជាធរមានកាលពីថ្ងៃចន្ទម្សិលមិញ។
![Picture]()
រដ្ឋធម្មនុញ្ញថៃកំណត់ថាក្រោយការរំលាយរដ្ឋសភាចន្លោះ៤៥-៦០ថ្ងៃ ត្រូវរៀបចំការបោះឆ្នោតអាណត្តិថ្មី។ ដូចនេះ បើគេបកស្រាយមិនច្រឡំទេ, ការបោះឆ្នោតអាណត្តិថ្មីអាចនឹងរៀបចំនៅចន្លោះថ្ងៃទី៤ – ១៩ ខែឧសភា ឆ្នាំ២០២៣។ កាលបរិច្ឆេទជាក់លាក់នៃការបោះឆ្នោតនឹងកំណត់ដោយគណៈកម្មការរៀបចំការបោះឆ្នោតនៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយនឹងប្រកាសនៅលើព្រឹត្តិបត្រព្រះបរមរាជវាំង។
![Picture]()
លោកប្រាយុទ្ធចាន់អូចាបានដាក់សំណើថ្វាយព្រះមហាក្សត្រកាលពីសប្ដាហ៍មុនដើម្បីរំលាយរដ្ឋសភា, ខណៈដែលរាជរដ្ឋាភិបាលនៅសល់ពេលត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់អាណត្តិរយៈពេល៤ឆ្នាំរបស់ខ្លួននាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ សូមជម្រាបថាដំណើរការនៃការជ្រើសរើសនាយករដ្ឋមន្ត្រីសម្រាប់ប្រទេសថៃរាងខុសប្លែកពីប្រទេសសភានិយមដទៃទៀត។ ឧទាហរណ៍ នៅប្រទេសដទៃ, សមាសភាពនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីត្រូវឆ្លងកាត់ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភាជាការស្រេច។
![Picture]()
ម៉្យាងទៀត គណបក្សនយោបាយដែលទទួលបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាអាចរំពឹងទុកសឹងតែ១០០%ថានឹងដឹកនាំរដ្ឋាភិបាលនៅអាណត្តិថ្មី។ ផ្ទុយទៅវិញ, នៅប្រទេសថៃបើយោងតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន គណបក្សនយោបាយដែលទទួលបានអាសនៈច្រើនជាងគេ ជួនកាលអត់មានឱកាសឡើងកាន់អំណាចទេ ព្រោះសមាសភាពគណៈរដ្ឋមន្ត្រីត្រូវឆ្លងកាត់ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភាផង និងព្រឹទ្ធសភាផង។
![Picture]()
ជាក់ស្ដែង កាលពីពេលបោះឆ្នោតឆ្នាំ២០១៩ គណបក្សភឿថៃទទួលបានអាសនៈច្រើនជាងគេ១៣៦អាសនៈ, ចំណែកគណបក្សពលំប្រជារាស្ត្ររបស់លោកប្រាយុទ្ធចាន់អូចាទទួលបាន១១៦អាសនៈ។ ប៉ុន្តែសម្រេចសម្រួចនៅទីបញ្ចប់, បែរជាគណបក្សលោកប្រាយុទ្ធជាអ្នកដឹកនាំរាជរដ្ឋាភិបាលទៅវិញ ព្រោះបានសំឡេងឆ្នោតពីខាងព្រឹទ្ធសភាជួយ។ រដ្ឋធម្មនុញ្ញកំណត់ថាបេក្ខជននាយករដ្ឋមន្ត្រីត្រូវការការគាំទ្រយ៉ាងតិច៣៧៦សំឡេងពីរដ្ឋសភា និងព្រឹទ្ធសភា ដែលមានសមាជិកសរុបចូលគ្នាស្មើនឹង៧៥០រូប៕
ប្រភព៖ Channel News Asia
អត្ថបទដែលពាក់ព័ន្ធ
លោកប្រាយុទ្ធដាក់សំណើថ្វាយព្រះមហាក្សត្រដើម្បីរំលាយរដ្ឋសភា
ភឿថៃសន្យាឡើងប្រាក់ខែជាង៧រយដុល្លារ បើខ្លួនជាប់ឆ្នោតអាណត្តិថ្មី
ការស្ទង់មតិថ្មី កូនស្រីលោកថាក់ស៊ីន នៅតែទទួលបានការគាំទ្រខ្ពស់សម្រាប់តំណែងនាយករដ្ឋមន្ត្រី
លោកប្រាយុទ្ធចាន់អូចាកំពុងតែធ្លាក់ខ្លួនឈឺ, សម្រាកនៅមន្ទីរពេទ្យ!
មិនធម្មតា! លោកប្រាយុទ្ធចាន់អូចាសុខចិត្តទៅធ្វើការទាំងឈឺដើម្បីជាតិ!
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ