ទីក្រុងបាងកក, ប្រទេសថៃ៖ ដើម្បីបង្ហាញពីការតម្កល់ផលប្រយោជន៍ជាតិជាធំ និងកិច្ចការជាតិជាធំ, លោកប្រាយុទ្ធចាន់អូចាសុខចិត្តទៅធ្វើការទាំងឈឺកាលពីព្រឹកមិញ និងធ្វើជាអធិបតីនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាល។ លោកប្រាប់ថា២អាទិត្យទៀត មុខរបួសនៅដៃខាងស្ដាំនឹងជាសះស្បើយទាំងស្រុង។ គេឃើញដៃស្ដាំរបស់លោករុំប៉ង់ស៊ីម៉ង់ជាច្រើនជាន់យ៉ាងក្រាស់ឃ្មឹក, ហើយហាក់ដូចជាមានបន្តោកសេរ៉ូមខ្នាតតូច១ប្លោកផងដែរនៅនឹងខ្នងដៃខាងឆ្វេង។ គួររម្លឹកថា លោកប្រាយុទ្ធចាន់អូចាកំពុងតែធ្លាក់ខ្លួនឈឺ, សម្រាកនៅមន្ទីរពេទ្យ

ក្រោយពេលប្រជុំគណៈរដ្ឋមន្ត្រីរួច, លោកឆ្លៀតផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពជំងឺរបស់លោក។ លោកប្រាប់ថាជំងឺនេះមិនទាន់ជាសះស្បើយនៅឡើយទេ។ លោកត្រូវបន្តអនុវត្តវិធានការបង្ការ ដើម្បីធ្វើយ៉ាងណាថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន។ ដោយហេតុថានៅទីកន្លែងមួយចំនួនដែលលោកត្រូវធ្វើដំណើរទៅនោះ មានល្អងធូលី មានដីហុយច្រើន។ ម៉្យាងទៀត លោកអាចនឹងចាប់កាន់របស់របរផ្សេងៗដោយមិនដឹងខ្លួន។ នេះជាអ្វីដែលលោកត្រូវគិតគូរ។
ដៃដែលត្រូវចុះហត្ថលេខាលើសំណុំឯកសារ ឬលិខិតបទដ្ឋានផ្សេងៗ ជាដៃខាងស្ដាំដែលកំពុងតែហើមលោកប្រាប់ថាលោកត្រូវប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចជាប់ជាប្រចាំ។ គ្រូពេទ្យផ្ដល់ដំបូន្មានថា «គួរកុំធ្វើការច្រើនពេក ឬកម្រើកដៃច្រើនពេក»។ លោកប្រាប់ថាឥឡូវនេះ អាការៈហើមដៃបានស្រកទៅវិញបន្តិចហើយ។ ប៉ុន្តែលោកហាក់ដូចជាអស់កម្លាំង ដោយសារគេងពុំសូវបាន។

សូមជម្រាបថារហូតមកដល់ពេលនេះ ជំងឺរបស់លោកប្រាយុទ្ធចាន់អូចាស្ថិតនៅជាអាថ៌កំបាំងនៅឡើយទេ។ គេមិនដឹងថាលោកកំពុងមានជំងឺអ្វីខ្លះនៅក្នុងខ្លួន ដែលនាំទៅដល់ការហើមដៃខាងស្ដាំ។ ទាំងខាងមន្ទីរពេទ្យ, វិមានរដ្ឋាភិបាល, ខុទ្ទកាល័យរបស់លោក និងមន្ត្រីដែលជិតស្និទ្ធនឹងរូបលោក មិនបានប្រកាសជាសាធារណៈថាជាជំងឺអ្វីនោះទេ។

ការហើមដៃនេះកើតឡើងចំពេលដែលគណបក្សនយោបាយនានាកំពុងតែប្រញឹកដៃចុះជួបសំណេះសំណាលជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមមូលដ្ឋាន។ នៅបាំងមិនដល់២ខែទៀតទេនឹងឈានដល់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនាដើមខែឧសភា។ ដូច្នេះ លោកប្រាយុទ្ធចាន់អូចា ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ «គណបក្សរួមថៃសាងជាតិ» លោកក៏កំពុងខិតខំចុះមូលដ្ឋានទាំងឈឺ ទាំងជា។ តាមគម្រោង, លោកនឹងចុះមូលដ្ឋាននៅថ្ងៃសៅរ៍សប្ដាហ៍នេះទៀត៕
អត្ថបទដែលពាក់ព័ន្ធ លោកប្រាយុទ្ធចាន់អូចាកំពុងតែធ្លាក់ខ្លួនឈឺ, សម្រាកនៅមន្ទីរពេទ្យ!

ចែករំលែកព័តមាននេះ