ខេត្តកណ្តាល ៖ ឆ្លងចរន្តអគ្គិសនី លេបត្របាក់ឃ្លាំងស្តុកកម្ទេចក្រដាស យ៉ាងសន្ធោសន្ធៅ ខណៈដែលកម្មកររត់ចែកជើងគ្នា ផ្អើលឈុលទាំងព្រឹក។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតទ្បើងវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិស្តុកវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
បើយោងតាមប្រភពព័ត៌មានពីកម្មករដែលធ្វើការនៅឃ្លាំងខាងលើ បានឱ្យដឹងថា ពួកគាត់បានធ្វើការដូចសព្វដង ខណៈនោះ ក៏បានឮសំឡេងផ្ទុះ ចំនួន០១ដង ចេញពីឃ្លាំងស្តុកកម្ទេចក្រដាស ក្រុមហ៊ុន (ម៉េង ហ្វឹង ភែកឃេជីង ខេមបូឌា ឯ.ក) ភ្លាមៗ កម្មករជាច្រើននាក់ បានរត់ស្ទុះចេញទៅមើល ក៏បានឃើញមានផ្សែងហ៊ុយ និងមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ ។ ស្របពេលនោះ ពួកគាត់បាននាំគ្នា យកទុយោទឹក ដើម្បីជួយបាញ់ តែទប់ទល់មិនបាន ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច អោយជួយចុះមកអន្តរាគមន៍ ។
បន្ទាប់ពីទទួលបានដំណឹងថា មានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកកម្ទេចក្រដាស ភ្លាមៗលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យរថយន្តបង្ការអគ្គិភ័យ ពន្លត់ និងសង្គ្រោះ ចេញរថយន្តទៅជួយអន្តរាគមន៍ពន្លត់អគ្គិភ័យផងដែរ ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាក់ថា ម្ចាស់ទីតាំងឃ្លាំងមានឈ្មោះ ទី សុភី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានផ្ទះ៣៦V ភូមិ ដំណាក់ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះខូចខាតសម្ភារៈ ៖ ឃ្លាំងស្តុកកម្ទេចក្រដាស់ចំនួន០១ឃ្លាំង ទទំហំ៦ម៉ែត្រ x ៥ម៉ែត្រ ធ្វើពីជញ្ជាំងថ្ម ប្រកស័ង្កសី និងម៉ាស៊ីន គ្រីបកម្ទេចក្រដាសចំនួន០១គ្រឿង ។
ដោយក្នុងនោះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន០១គ្រឿង រថយន្តពន្លត់អគ្គិភ័យក្រុងឧដ្គុងម៉ែជ័យ ចំនួន០១គ្រឿង រថយន្តពន្លត់អគ្គិភ័យ ស្រុកសាមគ្គីមុនីជ័យ ចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ម្ចាស់ទីតាំង ចំនួន០១គ្រឿង សរុបទាំងអស់ចំនួន០៤រថយន្តទើប ធ្វើការគ្រប់គ្រងបាន និងរលត់ជាស្ថាពរនៅវេលាម៉ោង១២ និង០៥នាទីរសៀល ។ ចំពោះមូលហេតុសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ៕



ចែករំលែកព័តមាននេះ