ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ទម្លាក់យោង ២​នាក់​ប្ដី​ប្រពន្ធ ក្នុង​ចំណោម​គ្នា​៥​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យនគរបាល

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ ចោរ​២​នាក់​ប្ដី​ប្រពន្ធ ជំនាញ​ខាង​ទម្លាក់យោង ព្រមទាំង​ជា​មុខសញ្ញា​ជួញ​ដួ​រ​គ្រឿងញៀន​ផង​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់ខ្លួន​បាន ក្រោយ​ពេល​ជនសង្ស័យ​២​នាក់​នេះ រួម​ជាមួយ​បក្ខពួក​ប្រុស​ស្រី​៣​នាក់​ទៀត ធ្វើ​សកម្មភាព​ប្រើ​ល្បិច​ទម្លាក់យោង យក​កាឡៃ​ដូរ​មាស…

រាជធានី​ភ្នំពេញ ៖ ចោរ​២​នាក់​ប្ដី​ប្រពន្ធ ជំនាញ​ខាង​ទម្លាក់យោង ព្រមទាំង​ជា​មុខសញ្ញា​ជួញ​ដួ​រ​គ្រឿងញៀន​ផង​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់ខ្លួន​បាន ក្រោយ​ពេល​ជនសង្ស័យ​២​នាក់​នេះ រួម​ជាមួយ​បក្ខពួក​ប្រុស​ស្រី​៣​នាក់​ទៀត ធ្វើ​សកម្មភាព​ប្រើ​ល្បិច​ទម្លាក់យោង យក​កាឡៃ​ដូរ​មាស ពី​កម្មការិនី​រោងចក្រ​ម្នាក់​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​។ ប៉ុន្តែ​ខណៈនោះ នារី​រង​គ្រោះ​ដឹងខ្លួន​ទាន់ ស្រែ​កថា ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ជួយ​ដេញ​តាម​រហូត​ចោរ​ភ័យ​ដួល​ម៉ូតូ ទើប​ចាប់​បាន​២​នាក់​ខាងលើ រួច​ប្រគល់​ជូន​នគរបាល នាំ​ទៅ​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន​១៦​កញ្ចប់​ទៀត ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​លេខ​១ ភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ ពូន ច​ន្ថា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ជា សុខា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជន​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នេះ មានមុខ​របរ​ដើរ​ទម្លាក់យោង និង​ជួញដូរ​គ្រឿងញៀន​។ សព្វថ្ងៃ​ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​បក្ខពួក​ប្រុស និង​ស្រី​ចំនួន​៣​នាក់​ទៀត បាន​រត់គេច​ខ្លួន​រួច ។

ក្រោយ​ពេល​នាំ​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ នគរបាល​បាន​ដកហូត​ថ្នាំ​ញៀន ចំនួន​១៦​កញ្ចប់​, ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៤ ស្លាក​លេខ បាត់ដំបង 1AT-1802 ទូរ​សព្ទ​ម៉ាក​រៀល​មី​, ទូរ​សព្ទ​ម៉ាក​អូ​ប៉ូ ចំនួន​០៣​គ្រឿង និង​កាបូបស្ពាយ​ចំហៀង​ពណ៌​ខ្មៅ​០១ ។

ចំណែកឯ កម្មការិនី​រង​គ្រោះ ពុំ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ ព្រោះ​បន្ទាប់​ពី​ទទួល​បាន​គ្រឿងអលង្ការ​រួម​មាន​ខ្សែ​ក ១​ខ្សែ និង​ចិញ្ចៀន​២​វង់ របស់​ខ្លួន​មក​វិញ នាង​ពុំ​បាន​ដាក់​ពាក្យ​ប្ដឹង​នោះ​ទេ ។

ប្រជាពលរដ្ឋ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ នាង​កម្មការិនី​ម្នាក់ បាន​ចេញពី​រោងចក្រ ទៅ​រក​ទិញ​អី​វាន់​នៅ​ផ្សារ​ឯករាជ្យ​២ ភូមិ​ព្រៃ​ព្រីង​ជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ហើយ​ក៏​បាន​ជួប​ស្ត្រី ជា​ជនសង្ស័យ​២​នាក់ ធ្វើ​ជា​ជ្រុះ​មាស​១​ថង់ ហើយ​ជន​រង​គ្រោះ ក៏​បាន​រើស​យក​មក​ទុក​។ លុះ​បន្តិច​ក្រោយមក ជនសង្ស័យ​ឈ្មោះ ពូន ច​ន្ថា និង​ឈ្មោះ ជា សុខា ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ ទៅ​សួរនាំ​ជន​ង​គ្រោះ​ថា មាន​រើស​បាន​មាស ឬ​អត់ ? ជន​រង​គ្រោះ ក៏​ប្រាប់​ថា រើស​បាន ហើយ​ជនសង្ស័យ​២​នាក់​នេះ ប្រាប់​ថា ពួក​គេ​បាន​ស្គាល់​ម្ចាស់ និង​ប្រាប់​កុំ​ឲ្យ​មាត់ ចាំ​ចែក​គ្នា រួច​ក៏​បាន​ល្បួង​ដោះ​យក​គ្រឿងអលង្ការ​ពី​នារី​រង​គ្រោះ ។

ប្រជាពលរដ្ឋ​បាន​និយាយ​បន្ត​ទៀត​ថា បន្ទាប់​មក​ទៀត ក៏​មាន​បក្ខពួក​ប្រុស និង​ស្រី​២ ទៅ​៣​នាក់​ទៀត ជិះ​ម៉ូតូ​១​គ្រឿង ទៅ​ដល់ ដឹក​ស្ត្រី​រង​គ្រោះ ដោយ​ប្រាប់​ថា ទៅ​ចែក​មាស​គ្នា ខណៈនោះ ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ ដែល​ដោះ​យក​គ្រឿងអលង្ការ ជន​រង​គ្រោះ​នោះ ព្យាយាម​ជិះ​គេចខ្លួន​។ ប៉ុន្តែ​ជន​រង​គ្រោះ ដឹងខ្លួន​ទាន់ បាន​ប្រាប់​ឲ្យ​ជនសង្ស័យ ដែល​ឌុ​ប​នាង​នោះ ជួយ​ដេញ​តាម ប៉ុន្តែ​ជនសង្ស័យ​នោះ ធ្វើ​ជា​ម៉ូតូ​អស់​សាំង និង​ខូច ព្រមទាំង​ធ្វើ​ជា​ឈ្លោះ​គ្នា ជាមួយ​ស្ត្រី ដែល​ជា​បក្ខពួក​ម្នាក់​ទៀត ទុក​ឱកាស​ឲ្យ​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​នោះ​រត់ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ស្រប​ពេល​នោះ មាន​អ្នកដំណើរ​ជិះ​ម៉ូតូ​ទៅ​ឆ្លងកាត់​ទីនោះ ហើយ​ស្ត្រី​រង​គ្រោះ បាន​ស្រែក​ឲ្យ​ជួយ​បង្ក​ការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ដេញ​តាម​រហូត​ដល់​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជនសង្ស័យ​ក៏​ដួល​ម៉ូតូ ទើប​ចាប់ខ្លួន​បាន​២​នាក់​និង​ដកហូត​យក​បាន​គ្រឿងអលង្ការ​មក​វិញ ចំណែក​៣​នាក់​ទៀត គេចខ្លួន​បាត់​។ បន្ទាប់​មក​បាន​ប្រគល់​ជនសង្ស័យ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ នាំ​យក​ទៅ​សាកសួរ ហើយ​នគរបាល ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១៦​កញ្ចប់ ថែម​ទៀត ។

ក្រោយ​ពេល​សាកសួរ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​កសាង​សំណុំរឿង​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន តែ​មួយ​ករណី​ប៉ុណ្ណោះ ហើយ​បាន​បញ្ជូន​ទៅ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌ​ពោធិ​សែន​ជ័យ ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ