ចម្ការទុរេនចំនួន១១២ ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនជាផ្លូវការ ។ នេះបើតាមសម្តីរបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី៦ ខែកក្កដានេះ ។

លោកបាននិយាយតាមហ្វេសប៊ុកផេករបស់លោកបន្ថែមទៀតថា «សូមចូលរួមអបអរសាទរដល់ម្ចាស់ចម្ការទុរេនខ្មែរយើង ទាំងអស់គ្នាផង» ។

ក្រសួងកសិកម្ម ក៏បានចេញសេចក្តីប្រកាសថា កម្ពុជាទទួលបានការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ។

តាមសេចក្តីប្រកាសនោះ ក្រសួងក៏បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ទាំងអស់ គោរពអោយបានលក្ខខណ្ឌសុវត្ថិភាព សុខភាព ដោយមិនត្រូវមានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬ សារធាតុគីមីហាមឃាត់ ៕
ចែករំលែកព័តមាននេះ