អភិបាលខេត្តប៉ៃលិនពិនិត្យការដាំដុះ និងកសិផលក្នុងស្រុកធានាតម្លៃ និងគុណភាពទោះបីព្រំដែនកម្ពុជាថៃបិទរយៈពេលយូរថ្ងៃ
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ…
ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ…
ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះពិនិត្យមើលប្រជាកសិករដាំដុះបន្លែសរីរាង្គ និងកសិផល នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលធានាបាននូវតម្លៃ និងគុណភាពល្អ បើទោះបីជាច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា.ថៃ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ត្រូវបានបិទទ្វារអស់រយៈពេលយូរថ្ងៃក៏ដោយ ខណៈដែលបន្លែ និងផ្លែឈើ នៅតែមានការផ្គត់ផ្គង់គ្រប់គ្រាន់ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ បច្ចុប្បន្នរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាល ដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលខ្ពស់ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជា អ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ។
លោកជំទាវអភិបាលខេត្ត បានរំលឹកថា ៖ កន្លងមកក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បានផ្តល់ថវិកាឧបត្ថម្ភ និងជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋានតាមរយៈការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងពូជពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើឡើង។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បន្តថា ៖ នៅខេត្តប៉ៃលិន ក្រសួងពាណិជ្ជកម្ម តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា អេមស៍ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុកតាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករយើងបង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀតក្នុងការផ្គត់ផ្គង់អោយបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារក្នុងតម្លៃមួយសមរម្យ ជៀសវាងការផលិតដែលគ្មានគុណភាព និងមិនមានទីផ្សារ ។
ហើយជាក់ស្តែង បច្ចុប្បន្ននេះ ខេត្តប៉ៃលិន បើទោះបីជាច្រកទ្វារព្រំអន្តរជាតិកម្ពុជា-ថៃ ត្រូវបានបិទ តែមានក្រុមហ៊ុនជាច្រើនកំពុងទទួលទិញបន្លែផ្លែឈើ និងកសិផលផ្សេងៗទៀត ដើម្បីធ្វើការវេចខ្ចប់ និងសម្ងួតសម្រាប់នាំចេញយកទៅលក់នៅក្រៅប្រទេសដូចជា ប្រទេសចិន និងប្រទេសវៀតណាមជាដើម ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា៖ ដោយសារគុណភាពនៃការផលិត បច្ចុប្បន្នទីផ្សារបន្លែផ្លែឈើ នៅខេត្តប៉ៃលិន មានស្ថានភាពល្អប្រសើ ព្រោះពេលដែលកសិករផលិតបាន គឺមានឈ្មួញកណ្តាលមកប្រមូលទិញយកអស់ៗមានពេលខ្លះប្រជាកសិករ សឹងតែផលិតមិនទាន់សម្រាប់បំពេញតម្រូវការទីផ្សារថែមទៀតផង ដោយក្នុងនោះបន្លែផ្លែឈើ ដែលផលិតបានក្រៅតែពីលក់ក្នុងមូលដ្ឋាន គឺមួយចំនួនធំ ត្រូវនាំចេញទៅផ្គត់ផ្គង់ទីផ្សារនៅឯខេត្តនានា ជាប់ព្រំប្រទល់ខេត្តប៉ៃលិន និងមានទៅដល់រាជធានីភ្នំពេញ ពិសេសនៅតាមផ្សារទំនើបនានាផងដែរ ។
នៅក្នុងឱកាសនោះផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែ លោកជំទាវ អភិបាលខេត្តប៉ៃលិន ក៏បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជំរុញអោយពួកគាត់បង្កើនការដាំដុះបន្លែ សរីរាង្គអោយបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណីបន្លែគ្មានទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារលោកជំទាវនឹងជួយរកទីផ្សារជូនបងប្អូន ៕
ចែករំលែកព័តមាននេះ