ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ​២​នាក់​​នាំ​បារី​ជាង​១៥ ០០០​កញ្ចប់​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ​ខុសច្បាប់

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ប្រភព​ព័​ត៏​មាន​ពី​តំបន់​ព្រំដែន​ខ្មែរ ថៃ បាន​ឲ្យ​ដឹង​ថា ទាហាន​ព្រំដែន​ថៃ បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​០២​នាក់ ពេល​កំពុង​ព្យាយាម​លី​សែង​«​បារី​»​ជា​ច្រើន​កា​រ៉ុ​ង ឆ្លង​ដែន​ចេញពី​ដី​កម្ពុជា ចូល​ទៅ​ទឹកដី​ថៃ ដោយ​ខុសច្បាប់…

ខេត្តបាត់ដំបង​៖ ប្រភព​ព័​ត៏​មាន​ពី​តំបន់​ព្រំដែន​ខ្មែរ ថៃ បាន​ឲ្យ​ដឹង​ថា ទាហាន​ព្រំដែន​ថៃ បាន​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​០២​នាក់ ពេល​កំពុង​ព្យាយាម​លី​សែង​«​បារី​»​ជា​ច្រើន​កា​រ៉ុ​ង ឆ្លង​ដែន​ចេញពី​ដី​កម្ពុជា ចូល​ទៅ​ទឹកដី​ថៃ ដោយ​ខុសច្បាប់ កាលពី​រសៀល​ថ្ងៃ​ទី ០៥ កក្កដា ត្រង់​ចំណុច​ច្រករបៀង «​ប៉ុ​ស្ដ៏​គីឡូ​៩» ស្ថិត​ក្នុង​ទឹកដី ស្រុក​សំពៅ​លូន​។

បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ បាន​ផ្សាយ​ថា ពលរដ្ឋ​កម្ពុជា ទាំង​០២​នាក់​ដែល​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​នោះ ម្នាក់​ឈ្មោះ កៀត កាយ ប្រុស​អាយុ​៣១​ឆ្នាំ និង ម្នាក់​ទៀត​ឈ្មោះ ខា​យ សៀន ប្រុស​អាយុ​២២​ឆ្នាំ​។ ជនជាតិ​ខ្មែរ​ទាំង​០២​នាក់ ត្រូវ​កម្លាំង​ទាហាន​ព្រំដែន​ថៃ ចាប់ខ្លួន ពេល​កំពុង​ឈរ​រ៉េ​រា​ក្បែរ​មាត់​អូរ​ព្រំដែន ខាង​ទឹកដី​ថៃ ជាមួយនឹង​កា​រ៉ុ​ង​ច្រក​បារី ដែល​នាំ​ចេញពី​ទឹកដី​ខ្មែរ ត្រង់​ច្រករបៀង​«​គីឡូ​៩» ក្នុងភូមិ​សាស្ត្រ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ឈម​នឹង​ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។ នៅ​ចំណុច​ច្រករបៀង​«​ប៉ុ​ស្ដ៏​គីឡូ​៩» ក្នុង​ទឹកដី​ស្រុក​សំពៅ​លូន ជាប់​ព្រំដែន កម្ពុជា ថៃ ជា​ភូមិសាស្ត្រ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ «​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧» ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៏​ឯក ម៉​ង់ ស៊ី ជា​មេបញ្ជាការ​។

កោះសន្តិភាព បាន​ព្យាយាម​ទំនាក់ទំនង​តាម​ទូរ​ស័​ព្ធ សុំ​ការ​បំភ្លឺ​ពី​លោក ម៉​ង់ ស៊ី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ដែល​គ្រប់គ្រង​ច្រករបៀង គីឡូ​៩ តែ​ទូរស័ព្ទ​របស់​លោក​មន​អាច​ទំនាក់ទំនង​បាន​ឡើយ គិត​ត្រិ​ម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ០៦ កក្កដា​។ បើ​តាម​ប្រភព​ព័​ត៏​មាន ច្រករបៀង​មួយ​នេះ កន្លង​មក​គេ​សង្កេត​ឃើញ ជា​ច្រក​ដ៏​មមាញឹក​បំផុត​សម្រាប់​ជន​ទុច្ចរិត​នាំ​ទំនិញ​ឆ្លង​ដែន​ខុសច្បាប់ រាប់​ទាំង​ការ​លួច​នាំ​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ផង​។ ជុំវិញ​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​០២​នាក់ ជាមួយនឹង​បារី​ជា​ច្រើន​កា​រ៉ុ​ង ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ បាន​និយាយ​ថា ជនជាតិ​ខ្មែរ​ទាំង​០២​នាក់​នោះ បាន​ជញ្ជូន​កា​រ៉ុ​ង​ច្រក​បារី ដល់​ម្ខាង​អូរ​ព្រ​ដែន ខាង​ដី​ថៃ ចំ​ពេល​ក្រុម​ទាហាន​ដើរ​ល្បាត​ក៏​ប្រ​ទ​ហ​ឃើញ​មុខសញ្ញា​នេះ​។

ដោយ​មានការ​សង្ស័យ ក្រុម​ទាហាន​ថៃ ក៏​ឃាត់​សួរនាំ និង ឆេ​ក​ឆេរ​កា​រ៉ុ​ង ក៏​ឃើញ​សុទ្ធតែ​បារី​ខុសច្បាប់ ទើបត្រូវ​ចាប់ខ្លួន​តែ​ម្ដង​។ គេ​មិន​បាន​ប្រាប់​ពី​ប្រភេទ​បារី​ទេ តែ​បាន​ច្រក​ជា​ច្រើន​កា​រ៉ុ​ង មាន​ចំនួន​ជាង​១៥,០០០​កញ្ចប់​។

ពាក់ព័ន្ធ​នឹង​ឈ្មួញ​ជូ​ញ​ដូរ​បារី​ដោយ​ខុសច្បាប់​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ​នេះ បើ​តាម​ប្រភព​ព័​ត៏​មាន ដែល​បានដឹង​ខ្លះ​ៗ បាន​បង្ហើប​ឲ្យ​ដឹង​ថា មេ​ឈ្មួញ​រត់ពន្ធ​បារី​នេះ គឺជា​អ្នក​រស់នៅ​ក្នុង ស្រុក​សំពៅ​លូន តែ​ម្ដង​។

ប្រភព​ដដែល​ៗ​បាន​បង្ហើប​ទៀត​ថា អ្នកស្រុក​សំពៅ​លូន ភាគច្រើន បាន​ស្គាល់​ទាំង​មុខ ស្គាល់​ទាំង​សមាសភាព​មេខ្លោង​រត់ពន្ធ​បារី​។ ហើយ​ជនជាតិ​ខ្មែរ​ទាំង​០២​នាក់ ដែល​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន ជាមួយនឹង​បារី​ជាង​១៥,០០០​កញ្ចប់​នោះ គឺ ជា​កូនចៅ​របស់​មេ​ឈ្មួញ​នៅ​ស្រុក​សំពៅ​លូន នេះ​តែ​ម្ដង​។

នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​ពួក​ឈ្មួញ​ទុច្ចរិត​លួច​នាំ​បារី​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ​។ ថ្នាក់លើ​គូរ​តែ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​វែកមុខ​មេ​ឈ្មួញ​ទុច្ចរិត​រត់ពន្ធ​បារី​ឆ្លង​ដែន​ខុសច្បាប់ ខណៈ​ដែល​ព្រំដែន​កម្ពុជា ថៃ ត្រូវ​បាន​ភាគី​ទាំង​ពីរ​បិទ​ខ្ទប់​ទាំងស្រុង​ទៅ​ហើយ បែរជា​ពួក​ឈ្មួញ​ទុច្ចរិត នៅ​តែ​អាច​ឃុម​ឃិ​ត​គ្នា លួច​រត់ពន្ធ​ទំនិញ​ឆ្លង​ដែន​បាន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ