ទីក្រុងបាងកក, ប្រទេសថៃ៖ រដ្ឋសភាថៃមិនយូរទេនឹងត្រូវរលាយក្រោមស្នាដៃរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាមុនថ្ងៃបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិថ្មីដែលគ្រោងរៀបចំនៅម្ដុំដើមខែឧសភា។ លោកប្រាយុទ្ធចាន់អូចាថ្លែងថាលោកបានរៀបចំក្រឹត្យមួយដើម្បីស្នើសុំរំលាយរដ្ឋសភា។ នេះមិនមែនជារឿងថ្មី ហើយប្លែកនោះទេ ព្រោះរាជរដ្ឋាភិបាលថៃសព្វថ្ងៃនេះឈានដល់សប្ដាហ៍ចុងក្រោយនៃការដឹកនាំប្រទេសរយៈពេល៤ឆ្នាំ។

ក្រឹត្យនេះនៅពេលរៀបចំស្អាតបាតហើយ ត្រូវយកទៅថ្វាយព្រះមហាក្សត្រដើម្បីព្រះអង្គទត និងឡាយព្រះហស្ថលេខា។ បន្ទាប់មក នឹងចុះផ្សាយនៅលើព្រឹត្តិបត្រជាផ្លូវការរបស់ព្រះបរមរាជវាំង ដើម្បីចូលជាធរមាន។ យោងតាមច្បាប់រដ្ឋធម្មនុញ្ញ, ប្រទេសថៃត្រូវរៀបចំការបោះឆ្នោតក្រោយការរំលាយរដ្ឋសភាចន្លោះពី៤៥ថ្ងៃទៅ៦០ថ្ងៃ។ លោកប្រាយុទ្ធចាន់អូចាថ្លែងថាលោកបានបញ្ជូនក្រឹត្យរួចហើយ។ យើងត្រូវរងចាំមើលសេចក្ដីប្រកាសនៅក្នុងព្រឹត្តិបត្រព្រះបរមរាជវាំង។

ការបោះឆ្នោតលើកនេះត្រូវគេសម្លឹងឃើញថាគឺជាទីលានប្រកួតប្រជែងនយោបាយដ៏ធំមួយនៃគ្រួសារថាក់ស៊ីន និងបក្សនយោបាយដទៃទៀតដែលមានសមានចិត្តចំពោះរបបរាជានិយម ឬក្រុមអភិរក្សនិយម។ ប្រទេសថៃកើតមានការប្រជែងអំណាចគ្នាដ៏ល្វីងជូរចត់រវាងក្រុមទាំង២នេះរយៈពេល១៨ឆ្នាំមកហើយ។ ឧត្ដមសេនីយ៍ប្រាយុទ្ធចាន់អូចា ដែលបានកាន់អំណាចដឹកនាំរាជរដ្ឋាភិបាលចាប់តាំងពីលោកផ្ដួលរំលំលោកស្រីយីងឡាក់ពីតំណែងកាលពីឆ្នាំ២០១៤ នឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីមកពី «គណបក្សរួមថៃសាងជាតិ»។

លោកត្រូវប្រកួតប្រជែងជាមួយកូនស្រីពៅលោកថាក់ស៊ីន គឺលោកស្រីផែថងថាន (Paetongtarn) អាយុ៣៦ឆ្នាំ។ លទ្ធផលស្ទង់មតិបង្ហាញថាលោកស្រីទទួលបានការគាំទ្រខ្ពស់ជាងលោកប្រាយុទ្ធ និងបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សដទៃទៀត។ ប៉ុន្តែលទ្ធផលឆ្នោតជាក់ស្ដែងយ៉ាងណានោះ មានតែរង់ចាំអ៊ុតទាំងអស់គ្នា។ ថ្លែងនៅក្នុងពិធីតែងតាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ, លោកស្រីផែថងថានមានជំនឿយ៉ាងមុតមាំថាគណបក្សលោកស្រីនឹងឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនៅអាណត្តិថ្មី។

លើកនេះ លោកស្រីសង្ឃឹមថាគណបក្សភឿថៃអាចនឹងដណ្ដើមបានអាសនៈច្រើនគ្រប់គ្រាន់ដែលអាចបង្កើតរាជរដ្ឋាភិបាលនៅអាណត្តិថ្មីតែម្នាក់ឯង។ ដូច្នេះ លោកស្រីសង្ឃឹមថាគ្មានអ្វីដែលត្រូវមកប្រទាំងប្រទើសផ្នែកនយោបាយតទៅទៀតទេ។ តាមពិត រាល់ការបោះឆ្នោតគ្រប់អាណត្តិកន្លងមក មិនថាបក្សភឿថៃ ឬបក្សណាទេ ឱ្យតែជាក្រុមរបស់ត្រកូលថាក់ស៊ីន តែងតែទទួលបានអាសនៈច្រើនជាងគេតែរហូតហ្នឹង។ ប៉ុន្តែកាន់អំណាចពាក់កណ្ដាលអាណត្តិសុខៗក៏របូតពីអំណាចដោយសាររដ្ឋប្រហារ ឬដោយសារសេចក្ដីសម្រេចរបស់តុលាការ៕
ប្រភព៖ Reuters
អត្ថបទពាក់ព័ន្ធនឹងប្រទេសថៃ
ភឿថៃសន្យាឡើងប្រាក់ខែជាង៧រយដុល្លារ បើខ្លួនជាប់ឆ្នោតអាណត្តិថ្មី
នាយករដ្ឋមន្រ្តីថៃ នឹងប្រកាសរំលាយសភានៅខែក្រោយ
លោកប្រាយុទ្ធចាន់អូចាកំពុងតែធ្លាក់ខ្លួនឈឺ, សម្រាកនៅមន្ទីរពេទ្យ!
មិនធម្មតា! លោកប្រាយុទ្ធចាន់អូចាសុខចិត្តទៅធ្វើការទាំងឈឺដើម្បីជាតិ!

ចែករំលែកព័តមាននេះ