ទីក្រុងម៉ូស្គូ, ប្រទេសរុស្ស៊ី៖ លោកពូទីនថ្លែងថាលោកបានពិនិត្យរួចហើយទៅលើផែនការសន្តិភាព១២ចំណុចដែលស្នើឡើងដោយប្រទេសចិនសំដៅដោះស្រាយជម្លោះប្រដាប់អាវុធនៅប្រទេសអ៊ុយក្រែន។ លោកនឹងពិភាក្សាសំណើនេះនៅពេលជួបគ្នាជាមួយលោកស៊ីជីនពីង។ សំណើនេះត្រូវប្រទេសចិនដាក់ចេញកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ចំថ្ងៃខួប១ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន។
![Picture]()
លោកពូទីនថ្លែងថាលោកបានសិក្សាលម្អិតទៅលើសំណើនោះដែលលោកយល់ថាជាសំណើផ្អែកទៅលើគោលការណ៍យុត្តិធម៌ និងការពិនិត្យសង្កេតទៅលើលក្ខខណ្ឌជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ និងសន្តិសុខរបស់បុគ្គលសម្រាប់គ្រប់ប្រទេសទាំងអស់។ លោកពូទីនយល់ថាប្រទេសចិនប្រកាន់គោលជំហរយុត្តិធម៌ និងឥតលម្អៀងទៅខាងភាគីណាមួយនោះទេ។
![Picture]()
លោកពូទីនបញ្ជាក់ថាលោកប្រកាន់គោលជំហរបើកទូលាយសម្រាប់លទ្ធភាពនៃការចរចាគ្នា។ លោកថាយើងនឹងពិភាក្សាគ្នាទៅលើបញ្ហាទាំងនេះ។ នៅក្នុងចំណោមនោះ ក៏ពិភាក្សាគ្នាពីគំនិតផ្ដួចផ្ដើមរបស់ប្រទេសចិនដោយសេចក្ដីគោរពផងដែរ។ នៅក្នុងឱកាសជួបគ្នារវាងលោកពូទីន និងលោកស៊ីជីនពីង, ថា្នក់ដឹកនាំទាំង២ហៅគ្នាថា «មិត្តសម្លាញ់ ឬសម្លាញ់អាប់ – dear friend»។
![Picture]()
គួរកត់សម្គាល់ថានៅក្នុងសំណើសន្តិភាពដែលស្នើឡើងដោយប្រទេសចិននោះក៏មានរួចបញ្ចូលទាំងការ «បិទបញ្ចប់អរិភាព» និង «ការចរចាសន្តិភាពឡើងវិញ» ផងដែរ។ ប៉ុន្តែក្រុមបស្ចិមប្រទេស ជាពិសេស អាមេរិកយល់ថានេះជា «យុទ្ធសាស្ត្រទិញពេលវេលា ឬយុទ្ធសាស្ត្រពន្យារពេល – stalling tactic» របស់សម្ព័ន្ធមិត្តចិន និងរុស្ស៊ី។ «ស្រួលមិនស្រួល, ពិភពលោកអាចនឹងចាញ់កលល្បិចរបស់ពួកគេក៏អាចថាបាន»។
![Picture]()
លោកអេនតូនី ប្លីងខិន ប្រមុខការទូតអាមេរិក ថ្លែងថាពិភពលោកមិនត្រូវបណ្ដយខ្លួនឱ្យរុស្ស៊ីពង្វក់បាន (fooled) ដោយមានប្រទេសចិន ឬប្រទេសណាមួយដើរតួធ្វើជាឡប់ឡែចាំបញ្ឆោតពីក្រោយខ្នងនោះទេ។ លោកថានេះអាចជាតាក់ទិចរបស់រុស្ស៊ីដើម្បីចង់ផ្អាកសង្គ្រាមនេះសិនដោយអនុវត្តទៅតាមលក្ខខណ្ឌរបស់រុស្ស៊ី។
![Picture]()
លោកប្លីងខិនហាក់ដូចជាមានទុទិដ្ឋិនិយមចំពោះសំណើសន្តិភាពរបស់ប្រទេសចិន។ លោកថានៅក្នុងសំណើនោះក៏មាននិយាយពីការស្នើសុំឱ្យមានបទឈប់បាញ់ផងដែរ។ ប៉ុន្តែមិនបានស្នើសុំឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនទាំងអស់ពីទឹកដីអ៊ុយក្រែនទេ។ លោកប្លីងខិនយល់ថាត្រង់ចំណុចនេះចង់ឬមិនចង់ គេអាចកាត់យល់ថាប្រទេសចិនផ្ដល់សច្ចាប័នចំពោះអំពើវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
![Picture]()
សំណើសន្តិភាពរបស់ប្រទេសចិនមិនបាននិយាយឱ្យបានច្បាស់ៗថារុស្ស៊ីត្រូវតែដកទ័ពពីអ៊ុយក្រែននោះទេ។ ការដកទ័ពនេះជាចំណុចសំខាន់ ដែលអ៊ុយក្រែនបាន និងកំពុងតែបន្តទាមទារឱ្យរុស្ស៊ី ត្រូវតែគោរពជាដាចខាត មុននឹងអ៊ុយក្រែនយល់ព្រមចូលតុចរចា ឬហៅម៉្យាងទៀតថា «បុរេលក្ខខណ្ឌ – precondition»៕
ប្រភព៖ Tass, BBC
អត្ថបទដែលពាក់ព័ន្ធ
តើប្រទេសចិនស្នើលក្ខខណ្ឌអ្វីខ្លះសម្រាប់ផែនការសន្តិភាពអ៊ុយក្រែន?
ខួប១ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន តើអ្វីៗគ្រប់យ៉ាងវិវត្តដល់ណាហើយ?
ចែករំលែកព័តមាននេះ