ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បីថែរក្សា និងអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរាបន្តលើកទឹកចិត្តដល់ពលរដ្ឋឱ្យចូលរួមដាំកូនឈើឱ្យបានកាន់តែច្រើន

1 នាទី មុន

ខេត្តសៀមរាប៖ ដើម្បីថែរក្សា និងអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរា បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមដាំកូនឈើឱ្យបានកាន់តែច្រើន។ យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៧ ខែតុលានេះ បានឱ្យដឹងថាជារៀងរាល់ឆ្នាំ ក្នុងទិសដៅដើម្បីថែរក្សា…

ខេត្តសៀមរាប៖ ដើម្បីថែរក្សា និងអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរា បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមដាំកូនឈើឱ្យបានកាន់តែច្រើន។

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៧ ខែតុលានេះ បានឱ្យដឹងថាជារៀងរាល់ឆ្នាំ ក្នុងទិសដៅដើម្បីថែរក្សា និងអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរាបានបណ្ដុះ​កូនឈើ​រាប់ម៉ឺនដើម ដើម្បីដាំបំពេញបន្ថែមនៅក្នុងរមណីយដ្ឋានអង្គរ។ ការថែរក្សាគម្របព្រៃឈើឱ្យបានល្អ ជាចំណែកដ៏សំខាន់សម្រាប់ទាក់ទាញភ្លៀង និងកាត់បន្ថយភាពក្តៅនៅតំបន់ប្រាសាទ។

ក្នុងបេសកកម្មមួយនេះ អាជ្ញាធរជាតិអប្សរាបានបង្កើតស្ថានីយបណ្តុះកូនឈើសរុបចំនួន១២ ដើម្បីបណ្ដុះ និងចែកចាយទៅពលរដ្ឋនៅតំបន់ខាងក្រៅផងដែរ។

ក្នុងឆ្នាំ២០២៥នេះ កូនឈើចំនួន ២៥,៥៥៣ដើម ត្រូវបានចែកចាយទៅដល់ព្រះសង្ឃ ប្រជាពលរដ្ឋ តាមស្ថាប័នរដ្ឋ អង្គការ និងក្រុមហ៊ុនឯកជនជាដើម។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដូចរាល់ឆ្នាំអាជ្ញាធរជាតិអប្សរាបានបន្តបណ្តុះកូនឈើរាប់ម៉ឺនដើម ដើម្បីដាំបន្ថែមក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយទៅខាងក្រៅ។

លោកបន្តថា ដើមឈើទាំងនោះមាន​ដើមឈើប្រណិត រុក្ខជាតិ និងផ្កាលម្អ។ ក្នុងនោះដែរ អាជ្ញាធរបានបណ្ដុះដើមរាំងទឹក និងដើមត្នោត សម្រាប់ដាំនៅតាមជើងទំនប់ទឹកនានា ការពារពីការហូរច្រោះបាក់ដីជាដើម។ ហើយបន្ថែមពីនេះ អាជ្ញាអរជាតិអប្សរាបានធ្វើកិច្ចសហការបង្កើតឧទ្យានដាំកូនឈើជាមួយស្ថាប័នឯកជនផងដែរ​ ដែលបានដាំកូនឈើសរុបជាង ៤ម៉ឺនដើមរួចហើយ។

មន្រ្តីដដែលបានបញ្ជាក់ថា ក្រោយពីដាំរួចអាជ្ញាធរជាតិអប្សរាបន្តថែរក្សា ដូចជាស្រោចទឹក ដាក់ជី កាត់ស្មៅ និងកាត់ក្រីមែកជាដើម ដើម្បីឱ្យដើមឈើទាំងអស់លូតលាត់បានល្អ និងឆាប់ធំ។

លោក ញ៉ែម រស្មី ពន្យល់ថា​ យើងមានការថែទាំត្រឹមត្រូវ ពីព្រោះមុនបានកូនឈើដាំយើងចំណាយច្រើន រាប់តាំងពីការប្រមូលគ្រាប់ពូជយកមកបណ្តុះ និងរហូតដល់ធំ។ ដូច្នេះហើយយើងត្រូវការថែទាំកុំឱ្យវាងាប់ ទើបដាំហើយត្រូវការ​​ស្រោចទឹក កាត់ស្មៅ ដាក់ជី និងកាត់ក្រីថែទាំដើម្បីឱ្យវាលូតលាស់ល្អ​។

បន្ថែមពីនេះ លោក ញ៉ែម រស្មី បានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមចូលរួមដាំដើមឈើឱ្យបានច្រើន និងអាចដាក់ពាក្យស្នើសុំកូនឈើពីអាជ្ញាធរជាតិអប្សរាយកទៅដាំ ហើយការផ្តល់ជូននេះ គឺដោយឥតគិតថ្លៃ។ ការនេះក្នុងគោលដៅសំខាន់ គឺលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាព្រៃឈើ និងបង្កើតប្រភពបៃតងនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ដែលព្រៃឈើមានអត្ថប្រយោជន៍​ជាច្រើនដល់ភពផែនដី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ