រាជធានីភ្នំពេញ ៖ កម្ពុជា-ឡាវ-វៀតណាមបានឯកភាពគ្នា បន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ ជាពិសេស ការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គិសនី និងការទូទាត់តាមឌីជីថល ។ នៅថ្ងៃទី២៧ តុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានរៀបចំអាហារពេលព្រឹកការងារជាមួយ លោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម និងលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួបនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ បានអបអរសាទរការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដោយមានការចូលរួមជាសាក្សីពីលោកប្រធានាធិបតិសហរដ្ឋអាមេរិក Donald J. Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេស ការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គិសនី និងការទូទាត់តាមឌីជីថល ។ ជាមួយនឹងប្រទេសឡាវ សម្ដេចបវរធិបតី បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការជ្រើសរើសទីតាំងសាងសងស្ពានឆ្លងកាត់ទន្លេរពៅ-ទន្លេសេឡាំផាវ ។

ជាមួយប្រទេសវៀតណាម សម្ដេចបវរធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការកំណត់ទីតាំងការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ុកបៃ ។ ក្នុងវិស័យទេសចរណ៍, ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានឯកភាពនឹងណែនាំឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងបី បន្តពិភាក្សាជាមួយគ្នា សំដៅជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌ “ប្រទេស៣ គោលដៅ១” ។ សម្តេចបវរធិបតី បានគូសបញ្ជាក់អំពីសារសំខាន់នៃការចូលរួមរបស់វិស័យឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។

មុននឹងបញ្ចប់សម្ដេចបវរធិបតី បានអរគុណវៀតណាម និងឡាវ បានគាំទ្រ និងចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នាពេលកន្លងមក ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគាំទ្រនិង ចូលរួមនៅក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តទៀត ។

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ