ប្រទេសថៃ ៖ បើយោងតាមគេហទំព័រ Compare The Market របស់ចក្រភពអង់គ្លេស បានឱ្យដឹងថា ទីក្រុងបាងកករបស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ដ៏អាក្រក់បំផុតនៅទូទាំងពិភពលោក ជាទីក្រុងពោរពេញដោយករណីចោរកម្មលូកហោប៉ៅ និងករណីឆបោកអនឡាញ (Scam) ញឹកញាប់បំផុត។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានវៀតណាម VNExpress កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។
«បាងកក» រាជធានីបេះដូងរបស់ប្រទេសថៃ ទទួលបាន ៨៣,៤៥ ពិន្ទុ គឺជាចំណាត់ថ្នាក់ខ្ពស់បំផុតនៃចំណុចក្តៅ ករណីការចោរកម្មលូកហោប៉ៅ និងការឆបោកអនឡាញទូទាំងពិភពលោក។ ព្រះបរមរាជវាំងថៃ ដែលជាទីតាំងសម្គាល់ភាពល្បីល្បាញបំផុតមួយនៃទីក្រុងបាងកក ត្រូវបានសម្គាល់ថាជាទីតាំងអាក្រក់បំផុតលើពិភពលោក សម្រាប់ឧក្រិដ្ឋកម្មទេសចរណ៍ ដោយក្នុងការវាយតម្លៃពីបណ្តាអ្នកទេសចរបានលើកឡើងពីការឆបោក និងករណីលួចច្រើនជាងគេ។ កន្លែងដ៏ពេញនិយម ២ ផ្សេងទៀត រួមមាន វត្តផូ (Wat Pho) និងផ្សារចុងសប្តាហ៍ Chatuchak ក៏លេចធ្លោសម្រាប់ចំនួនរបាយការណ៍លូកកាបូប និងការឆបោកផងដែរ។
សូមជម្រាបថា ការសិក្សារបស់គេហទំព័រ Compare the Market បានវាយតម្លៃទីក្រុង លើសពី ៧៥ នៅទូទាំងពិភពលោក ដោយផ្អែកលើហានិភ័យដែលបានយល់ឃើញនៃសកម្មភាពទាំងនេះ ដោយប្រើចំនួននៃរបាយការណ៍លើកឡើងអំពីការឆបោក និងការលូកហោប៉ៅ នៅក្នុងចំណោមការវាយតម្លៃរបស់អ្នកទេសចរចំនួន ១,០០០នាក់។
ការផ្តល់ពិន្ទុពីបណ្តាអ្នកទេសចរក្នុងគេហទំព័រ Compare The Market បានបង្ហាញលទ្ធផលចំណាត់ថ្នាក់កំពូលទាំង ១០ ដូចខាងក្រោម ៖
ទីក្រុងបាងកក ប្រទេសថៃ ៨៣,៤៥ពិន្ទុ
ទីក្រុងប៉ារីស ប្រទេសបារាំង ៦៨.៨១ពិន្ទុ
ទីក្រុងប្រាក (Prague) សាធារណរដ្ឋឆែក ៥២,១៦ពិន្ទុ
ទីក្រុងសៀងហៃ ប្រទេសចិន ៥១,៨៣ពិន្ទុ
ទីក្រុងអាហ្គ្រា (Agra) ប្រទេសឥណ្ឌា ៤៧,៤៨ពិន្ទុ
ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ៤៥,៥៣ពិន្ទុ
ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ៤៤,៤៣ពិន្ទុ
ទីក្រុងភូកេត ប្រទេសថៃ ៤០,៥២ពិន្ទុ
ទីក្រុងសិនជិន (Shenzhen) ប្រទេសចិន ៣៩,៥១ពិន្ទុ
ទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា ៣៦,៨៦ពិន្ទុ៕
ចែករំលែកព័តមាននេះ