ខេត្តបាត់ដំបង ៖ យុវជនម្នាក់ ដែលបានបំរើការនៅក្នុងស្ដានីយ៍ផលិតទឹកស្អាតមួយ បានសម្រេចធ្វើអត្តឃាត (ចងក) បញ្ចប់ជីវិតទាំងសៅហ្មង ព្រោះតែខឹងឪពុកម្ដាយ បដិសេធមិនព្រមចូលស្ដីដណ្ដឹងប្រពន្ធឲ្យខ្លួន ។
សមត្ថកិច្ចបានរាយការណ៍ថា ករណីនេះ បានកើតឡើងនៅក្នុងសស្ថានីយ៍ផលិតទឹកស្អាត ដែលជនរងគ្រោះធ្វើការ នៅរសៀលថ្ងៃទី២៧ តុលា ស្ថិតក្នុងភូមិព្រៃអម្ពាន់ ឃុំស្ដុតប្រវឹក ស្រុករុក្ខគិរី ។ ជនរងគ្រោះឈ្មោះ ព្រឿង ដារិទ្ធ អាយុ២៧ឆ្នាំ ជាកម្មករផលិតទឹកស្អាត ។
សមត្ថកិច្ចបានបញ្ជាក់ថា យុវជនរូបនេះ បានប្រើប្រាស់ខ្សែគោយកទៅចងកសម្លាប់ខ្លួន នៅក្នុងកន្លែងធ្វើការងារតែម្ដង ក្នុងស្ថានភាពស្លាប់លុតជង្គង់ ។ ពុំមានអ្នកដឹងអំពីមូលហេតុជាក់លាក់ដែលនាំឲ្យយុវជននេះ សម្រេចបញ្ចប់ជីវិតខ្លួនឯងបែបនេះ ក្រៅតែអំពីក្រុមគ្រួសារទេ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច ដែលបានស្រង់សម្ដីក្រុមគ្រួសារថា កម្មករទឹកស្អាតរូបនេះចង់បានប្រពន្ធ តែឪពុកម្ដាយនៅតែពន្យារពេលមិនព្រមចូលស្ដីដណ្ដឹងនាងម្នាក់ដែលខ្លួនស្រលាញ់ ទើបយុវជនរូបនេះ សម្រេចបញ្ចប់ជីវិតទាំងសៅហ្មងបែបនេះទៅ ។
សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះបានចងកនៅក្នុងរោងកន្លែងធ្វើការ ដោយស្លាប់ក្នុងស្ថានភាពលត់ជង្គង់ ។ មន្ត្រីជំនាញបានចុះទៅកាន់ទីតាំងកើតហេតុភ្លាមៗ ដើម្បីពិនិត្យសាកសព ក្រោយពីទទូលបានព័ត៌មាននេះ ។ ជនរងគ្រោះ ពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនមែន ។ ព្រោះតែមានវិបត្តិផ្ទាល់ខ្លួនរឿង«ចង់បានប្រពន្ធ តែម្ដាយមិនទាន់ដណ្ដឹងឲ្យ» ៕
ចែករំលែកព័តមាននេះ