ទីក្រុងតូក្យូ៖ លោកត្រាំបានធ្វើដំណើរទៅដល់ប្រទេសជប៉ុន និងត្រូវបានទទួលស្វាគមន៍ពីសំណាក់ព្រះចៅអធិរាជណារូហ៊ីតុ (Naruhito)។ នេះជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃដែលលោកត្រាំសង្ឃឹមថានៅក្នុងឱកាសនេះអាចនឹងមានកិច្ចព្រមព្រៀងជាមួយប្រទេសចិនដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មនៅពេលលោកជួបលោកស៊ីជីនពីងនៅប្រទេសកូរ៉េខាងត្បូង។
លោកត្រាំទើបតែប្រកាសឱ្យដឹងអំពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការធ្វើនិស្សារណកម្មរ៉ែសំខាន់ៗ (ការចម្រាញ់យករ៉ែពីក្នុងដី) ជាមួយបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួនបួននៅពេលលោកដាក់ជើងជាន់ទឹកដីម៉ាឡេស៊ីមុនគេ។ តាមគម្រោង លោកនឹងជួបលោកស៊ីជីនពីងនៅថ្ងៃព្រហស្បតិ៍នៅពេលលោកទាំង២ចូលរួមកិច្ចប្រជុំកំពូលអេប៉ិច(APEC)។
ការចរចាគ្នារវាងក្រុមការងាររបស់ចិន និងអាមេរិកបានសម្រេចបានក្របខណ្ឌនៃកិច្ចព្រមព្រៀងជាគោលៗកាលពីថ្ងៃអាទិត្យដើម្បីបន្ធូរបន្ថយឱ្យគ្នាទៅវិញទៅមក។ ខាងអាមេរិកដែលចង់ដំឡើងពន្ធគយ១០០%បន្ថែមទៀតទៅលើទំនិញចិនត្រូវព្យួរទុកសិន។ ចំណែកប្រទេសចិនដែលរឹតត្បិតការនាំចេញរ៉ែកម្រទៅអាមេរិកនោះក៏អនុញ្ញាតឱ្យនាំចេញដូចធម្មតាឡើងវិញ។នេះបើយោងតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលអាមេរិក។ នេះជាដំណឹងល្អ ធ្វើឱ្យតម្លៃភាគហ៊ុននៅផ្សារមូលប័ត្រទ្វីបអាស៊ីហក់ឡើងខ្ពស់ត្រដែត។
លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថាលោកសូមផ្ដល់ការគោរពចំពោះប្រធានាធិបតីចិន លោកស៊ីជីនពីង ហើយលោកសង្ឃឹមថាអាចនឹងមានកិច្ចព្រមព្រៀងជាមួយគ្នា។ លោកទើបតែទទួលការសន្យាពីជប៉ុនដើម្បីវិនិយោគទឹកប្រាក់៥៥០ពាន់លានដុល្លារនៅអាមេរិកជាថ្នូរនឹងការបន្ធូរបន្ថយពន្ធគយពីអាមេរិក។ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក និងសមភាគីជប៉ុនជាអ្នកផ្ចុងផ្ដើមការចរចាគ្នារហូតដល់សម្រេចបានកិច្ចព្រមព្រៀងនេះ។ វិស័យថាមពលទំនងជាគម្រោងវិនិយោគដែលមានសក្ដានុពលជាងគេរបស់ជប៉ុននៅអាមេរិក។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាគីអ៊ីឈិ (Takaichi) សង្ឃឹមថាលោកត្រាំនឹងពេញចិត្តពេញថ្លើមបន្ថែមទៀតនៅពេលលោកស្រីបញ្ជាក់ប្រាប់លោកនៅថ្ងៃស្អែកនេះនូវគម្រោងទិញរថយន្តភិកអាប់ (pickup), សណ្ដែកសៀង និងឧស្ម័នពីអាមេរិក។ ក្រៅពីនេះ លោកស្រីក៏នឹងប្រកាសអំពីកិច្ចព្រមព្រៀងសាងសង់នាវាផងដែរ។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ