សមុទ្រចិនខាងត្បូង ៖ ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងម៉ារីនអាមេរិក និងយន្តហោះប្រដេញមួយគ្រឿងរបស់អាមេរិកដែរ បានធ្លាក់ក្នុងសមុទ្រចិនខាងត្បូង ចន្លោះពេលគ្នាត្រឹម៣០នាទីកាលពីថ្ងៃទី២៦តុលា។ នេះបើតាមការអះអាងរបស់ទូរទស្សន៍ABC NEWS។
គ្រោះថ្នាក់បែបនេះ តាមធម្មតាអាចបណ្ដាលឲ្យមានជនរងគ្រោះច្រើននាក់ តែសំណាងល្អបណ្ដាមនុស្សស្ថិតក្នុងឧទ្ធម្ភាគចក្រ និងក្នុងយន្តហោះដែលធ្លាក់ពុំមាននរណាម្នាក់រងគ្រោះឡើយ។
ឧទ្ធម្ភាគចក្រនិងយន្តហោះប្រដេញដែលធ្លាក់សុទ្ធតែបំពេញបេសកកម្មជាទម្លាប់ ពេលជួបគ្រោះថ្នាក់ ហើយត្រូវចុះលើនាវាផ្ទុកយន្តហោះUSS NIMITZ ។ ឧទ្ធម្ភាគចក្រធុនMH-60R SEA HAWK របស់កងម៉ារីនបានធ្លាក់នាវេលាម៉ោង១៤ និង៤៥នាទីម៉ោងក្នុងស្រុក ជាមួយមនុស្ស៣នាក់ជិះក្នុងនោះ។ សមាជិកក្រុមយានិកទាំង៣នាក់នោះ ត្រូវបានស្រង់ពីទឹកដោយសុខសប្បាយដោយកងម៉ារីនអាមេរិក។
៣០នាទីប៉ុណ្ណោះ បន្ទាប់ពីនេះគឺនាវេលាម៉ោង១៥និង១៥នាទី យន្តហោះប្រដេញធុនF/A-18F SUPER HORNET មួយក៏បានធ្លាក់ក្នុងទឹកសមុទ្រចិនខាងត្បូងដែរ ពេលហោះហើរបំពេញប្រតិបត្តិការជាទម្លាប់ពីនាវាUSS NIMITZ ។
សមាជិកក្រុមយានិកនៃយន្តហោះនោះទាំង២នាក់ អាចលោតចេញទាន់ពេលតាមឆ័ត្រយោង និងត្រូវសង្គ្រោះស្រង់ចេញពីទឹក ។ ស្ថានភាពសុខភាពរបស់អ្នកទាំង២មិនមានអ្វីគួរឲ្យបារម្ភឡើយ។ មូលហេតុនៃគ្រោះថ្នាក់ទាំង២នោះបច្ចុប្បន្នជាកម្មវត្ថុនៃការស៊ើបអង្កេត៕
ចែករំលែកព័តមាននេះ