អតីតតារាសម្តែងនាង វ៉ាង ស្រីណូ បានបង្ហាញអារម្មណ៍ក្តុកក្តួល ហូរទឹកភ្នែក បន្ទាប់ពីនាងបានឃើញវីដេអូដែលត្រូវបានគេចែកចាយពេញបណ្តាញសង្គមបង្ហាញពីសកម្មភាពរបស់វីរកងទ័ពកម្ពុជា បានរៀបចំពិធីខួបកំណើតដោយការផ្លុំទៀននៅក្នុងត្រង់សេដែលខ្លួនកំពុងជ្រកប្រយុទ្ធតតាំងពីការឈ្លានពានរបស់យោធាថៃ ។

តាមរយៈវីដេអូនេះបង្ហាញថា វីរកងទ័ពកម្ពុជាដែលកំពុងនៅក្នុងត្រង់សេជាមួយគ្នាបានរៀបចំពិធីខួបកំណើតឲ្យដល់កងទ័ពរួមអាវុធម្នាក់ ដោយមានទៀតមួយដើមសម្រាប់អោយម្ចាស់ខួបផ្លុំជាមួយនឹងការជូនពរដ៏មានអត្ថន័យផងដែរ ។
វីដេអូមួយនេះ បានក្លាយជាទីចាប់អារម្មណ៍ជាមួយការរំជួលចិត្តយ៉ាងខ្លាំងពីបណ្តាអ្នកលេងបណ្តាញសង្គម ខណៈពេលដែលមហាជនក៏បានចូលរួមជូនពរទៅដល់វីរកងទ័ពកម្ពុជាឲ្យមានសុខសុវត្ថិភាពនៅក្នុងតស៊ូច្បាំងជាមួយសត្រូវឈ្លានពានប្រកបដោយភាពជោគជ័យ ។

ដោយឡែក សម្រាប់តារាសម្តែងនាង វ៉ាង ស្រីណូ ក៏បានបង្ហាញអារម្មណ៍ក្តុកក្តួលផងដែរ បន្ទាប់ពីនាងបានឃើញនូវវីដេអូមួយនេះ ក្នុងពេលដែលនាងក៏បានប្រកាសជួយឧបត្ថម្ភជាថវិកាទៅកាន់វីរកងទ័ពរូបនេះផងដែរ ។
តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម វ៉ាង ស្រីណូ បានលើកឡើងថា ឆ្លងថ្ងៃកំណើតនៅក្នុងត្រង់សេនៃការប្រយុទ្ធដែលមិនអាចស្មានដឹងពីស្ថានភាពអនាគតក្នុងទឹកមុខញញឹម ។ ស្រណោះពាក្យជូនពររបស់បងប្អូន : សូមអោយបាញ់ត្រង់ 😢😢 កំសត់ពេកហើយ ទប់ទឹកភ្នែកមិនជាប់ទេ បងយំហើយ😢😢 ។

បងសូមជូនពរថ្ងៃកំណើតប្អូនបានសុខសប្បាយ ខ្មាំងបាញ់មិនត្រូវមើលមិនឃើញ យកឈ្នះសត្រូវ យកជ័យត្រលប់មកផ្ទះជូនអ្នកមានគុណនឹងប្រទេសជាតិ 🇰🇭 បងសូមជូនថវិកាដល់ប្អូន100$សូមប្អូនទាក់ទងមកបងផង ។
ជាការកត់សម្គាល់ អំឡុងពេលកម្ពុជាកំពុងទទួលនូវសង្គ្រាមឈ្លានពានពីប្រទេសថៃនោះ វ៉ាង ស្រីណូ ក៏ដូចជាអ្នកសិល្បៈផ្សេងទៀតផងដែរ បានចូលរួមសកម្មភាពនានា នៅក្នុងឧបត្ថម្ភ និងគៀងគរថវិកាពីសប្បុរសជននានា ដើម្បីជួយដល់វីរកងទ័ពជួរមុខ ។

ជាក់ស្តែង ការពីពេលថ្មីៗនេះ វ៉ាង ស្រីណូ បានចូលរួមឧបត្ថម្ភអាវក្រោះ និងថវិកាចំនួន១០០០ដុល្លារ ទៅដល់វីរកងទ័ព២រូបដែលបានរងរបួសអំឡុងពេលសង្គ្រាម២១ថ្ងៃជាមួយយោធាថៃ ។
នាងបញ្ជាក់ថា ការជួយរបស់នាងនាពេលនេះ គឺជាទឹកចិត្តនាង និងប្រជាជនខ្មែរដែលស្រលាញ់វីរកងទ័ព🙏🏻 ហើយនាងបានបង្កើតឡើងជាការដឹងគុណចំពោះកងទ័ពដែលបានការពារទឹកដីនឹងពួកយើងទាំងអស់គ្នា🥰 ខណៈពេលនាងក៏បានជូនពរបងទាំងពីរឆាប់ជាសះស្បើយឆាប់បានចូលជួរបំរើជាតិវិញ ៕



ចែករំលែកព័តមាននេះ