អ្នកជំនួញថៃម្នាក់ ត្រូវបានកា.ត់ទោសឱ្យជាប់ពន្ធនាគារជាង ៨០០ឆ្នាំពីបទឆបោ.ក
ទីក្រុងបាងកក ៖ តុលាការព្រហ្មទណ្ឌថៃ បានកាត់ទោសអ្នកជំនួញ លោក ប្រាសិទ្ធិ ជៀវកុក (Prasit Jeawkok) ឱ្យជាប់ពន្ធនាគារសរុបចំនួន…
ទីក្រុងបាងកក ៖ តុលាការព្រហ្មទណ្ឌថៃ បានកាត់ទោសអ្នកជំនួញ លោក ប្រាសិទ្ធិ ជៀវកុក (Prasit Jeawkok) ឱ្យជាប់ពន្ធនាគារសរុបចំនួន…
ទីក្រុងបាងកក ៖ តុលាការព្រហ្មទណ្ឌថៃ បានកាត់ទោសអ្នកជំនួញ លោក ប្រាសិទ្ធិ ជៀវកុក (Prasit Jeawkok) ឱ្យជាប់ពន្ធនាគារសរុបចំនួន ១ ២១០ ឆ្នាំ ពីបទរៀបចំគម្រោងរៃអង្គាសប្រាក់ខុសច្បាប់ ដែលបានបោកប្រាស់ជនរងគ្រោះរាប់រយនាក់។ នេះបើតាមការចេញផ្សាយកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
ប្រភពដដែលបានបន្តថា ព្រះរាជអាជ្ញាមកពីការិយាល័យឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងធនធានរបស់ថៃ បានចោទប្រកាន់លោក ប្រាសិទ្ធិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Nuea Lok Co, Ltd. និងក្រុមហ៊ុន Web Sawasdee Public Co, Ltd. ថាបានឃុបឃិតគ្នា ប្រព្រឹត្តអំពើក្លែងបន្លំបន្តបន្ទាប់ ដោយរំលោភលើច្បាប់ស្តីពីការរៃអង្គាសប្រាក់ពីសាធារណជន និងច្បាប់ស្តីពីឧក្រិដ្ឋកម្មកុំព្យូទ័រ ដោយបានល្បួងមនុស្សមួយចំនួនឱ្យចូលរួមក្នុងគម្រោងវិនិយោគក្លែងក្លាយជាមួយនឹងការសន្យាថានឹងទទួលបានផលចំណេញខ្ពស់។
បន្ទាប់ពីការកាត់ក្តី តុលាការបានសម្រេចថា លោក ប្រាសិទ្ធិ និងក្រុមហ៊ុនពាក់ព័ន្ធទាំងពីរបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរជាច្រើន រួមទាំងការក្លែងបន្លំហិរញ្ញវត្ថុ និងការរៃអង្គាសប្រាក់ខុសច្បាប់ទ្រង់ទ្រាយធំ។ លោក ប្រាសិទ្ធិ ត្រូវបានផ្តន្ទាទោសពីបទចោទប្រកាន់ចំនួន ២៤២ ករណី ហើយបទចោទនីមួយៗមានទោសជាប់ពន្ធនាគារ ៥ ឆ្នាំ ដែលធ្វើឱ្យទោសសរុបរបស់លោកកើនដល់ ១ ២១០ ឆ្នាំ។ ក្រុមហ៊ុនទាំង ២ របស់អ្នកជំនួញរូបនេះ ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ១២១ លានបាត (៣,៩ លានដុល្លារ) ប៉ុន្តែក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម ៨០ លានបាត (២,៥លានដុល្លារ) ដោយសារកិច្ចសហប្រតិបត្តិការមិនពេញលេញ ស្របពេលដែលទោសសរុបរបស់លោក ប្រាសិទ្ធិ ក៏ត្រូវបានបន្ថយមកត្រឹម ៨០៦ ឆ្នាំ និង ៨ ខែផងដែរ។
ជនជាប់ចោទម្នាក់ទៀត ដែលត្រូវបានស្គាល់ថា លោក វីមហ្គ្រីត (Wimgrit) ត្រូវបានផ្តន្ទាទោសពីបទជួយ និងញុះញង់ឱ្យមានការក្លែងបន្លំ ដោយបានប្រឈមមុខនឹងបទចោទប្រកាន់ចំនួន ៣៧ ករណី ហើយបទចោទនីមួយៗមានទោស ៣ ឆ្នាំ និង ៤ ខែ សរុប ១១១ ឆ្នាំ និង ១៤៨ ខែ ដែលក្រោយមកត្រូវបានបន្ថយមកត្រឹម ៧៤ ឆ្នាំ ៨ ខែ និង ២៩ ថ្ងៃវិញ។ ទោះយ៉ាងណាក៏ដោយ យោងទៅតាមច្បាប់ថៃ ទោសជាប់ពន្ធនាគារអតិបរមាសម្រាប់ជនជាប់ចោទម្នាក់ៗគឺមានរយៈពេលត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ ដែលមានន័យថា ទាំងលោក ប្រាសិទ្ធិ និងលោក វីមហ្គ្រីត នឹងត្រូវទទួលទោសជាប់ពន្ធនាគារអតិបរមាត្រឹម ២០ ឆ្នាំប៉ុណ្ណោះ។ តុលាការក៏បានបញ្ជាឱ្យលោក ប្រាសិទ្ធិ និងក្រុមហ៊ុនពាក់ព័ន្ធទាំងរួមគ្នាផ្តល់សំណងដល់ជនរងគ្រោះចំនួន ២៦៧ នាក់ សម្រាប់ការខាតបង់ផងដែរ។
សូមជម្រាបថា នេះមិនមែនជាការផ្តន្ទាទោសលើកដំបូងសម្រាប់លោក ប្រាសិទ្ធិ នោះទេ។ ជាក់ស្តែង នៅក្នុងខែកក្កដា ឆ្នាំ២០២៣ លោកត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១ ១៥៥ឆ្នាំក្នុងករណីក្លែងបន្លំដាច់ដោយឡែក ដែលក៏មានកំណត់ការជាប់ពន្ធនាគារត្រឹម ២០ ឆ្នាំផងដែរ ហើយត្រូវបានបញ្ជាឱ្យសងប្រាក់ជាង១ពាន់លានបាត (៣១លានដុល្លារ) ដល់ជនរងគ្រោះ៕ ប្រភព ៖ Bangkok Post, Znews និង VnExpress


ចែករំលែកព័តមាននេះ