ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឹះស្ថានអង្គរ ៖ ចំនួនទេសចរបរទេសទិញសំបុត្រចូលទស្សនាអង្គរ កើនឡើងដល់ជាង៣០០០នាក់ ក្នុងមួយថ្ងៃ

3 ម៉ោង មុន

ខេត្តសៀមរាប ៖ ចុងឆ្នាំ​២០២៥​នេះ ទេសចរ​បរទេស ជា​ពិសេស​ទេសចរ​ឥណ្ឌា មក​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​សន្ទុះ​កើនឡើង ។ នេះ​បើ​យោង​តាម​ផេ​ក មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ ចុងឆ្នាំ​២០២៥​នេះ ទេសចរ​បរទេស ជា​ពិសេស​ទេសចរ​ឥណ្ឌា មក​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​សន្ទុះ​កើនឡើង ។ នេះ​បើ​យោង​តាម​ផេ​ក មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៣០ ខែធ្នូ​នេះ ។

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​បញ្ជាក់​ថា បើ​តាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ បាន​បង្ហាញ​ថា ក្នុង​រយៈពេល​មួ​យស​ប្ដា​ហ៍ ចុងខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ភ្ញៀវ​ទេសចរ​បរទេស ជា​ពិសេស​ទេសចរ​ជនជាតិ​ឥណ្ឌា ហាក់​មាន​សន្ទុះ​កើនឡើង ខណៈ​គ្រឹះស្ថាន​អង្គរ រំពឹង​ថា និន្នាការ​នៃ​ទេសចរ​ឥណ្ឌា អាច​កើនឡើង​ច្រើន​បន្ថែម​ទៀត នា​ដើម​ខែមករា ឆ្នាំ​២០២៦​ខាង​មុខ ។

លោក លី សែ អគ្គនាយក​គ្រឹះស្ថាន​អង្គរ ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥​ថា រយៈពេល​មួ​យស​ប្ដា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​២០ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ ភ្ញៀវ​ទេសចរ​បទេស​ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មានការ​កើនឡើង​ច្រើន ក្នុង​នោះ រួម​មាន​ទេសចរ​ជនជាតិ​ជប៉ុន កូរ៉េ និង​ទេសចរ​ប៉ែក​អឺរ៉ុប ជា​ពិសេស​ក៏​មាន​ទេសចរ​ជនជាតិ​ឥណ្ឌា​ច្រើន​ផង​ដែរ ។

លោក​ថា តាំងពី​ថ្ងៃ​ទី​២០ ខែធ្នូ​មក ទេសចរ​បរទេស​ចន្លោះ​២៥០០​នាក់ ទៅ​ដល់​៣៨០០​នាក់ ក្នុង​មួយ​ថ្ងៃ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ។

លោក បាន​ពន្យល់​អំពី​មូលហេតុ​ចម្បង​ៗ ដែល​នាំ​ឱ្យ​ទេសចរ​បរទេស ចាប់ផ្ដើម​មានការ​កើនឡើង​មក​វិញ ជា​ពិសេស គឺ​ទេសចរ​ឥណ្ឌា ក្នុង​នោះ​គ្រឹះស្ថាន​អង្គរ​រំពឹង​ថា នៅ​ដើម​ខែមករា ឆ្នាំ​២០២៦​ខាង​មុខ ទេសចរ​ឥណ្ឌា​នឹង​កាន់តែ​មាន​កំណើន​ថែម​ទៀត ។

លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​ពេល​កម្ពុជា បាន​ទាក់ទាញ​ទេសចរ​ឥណ្ឌា​ចូល​មក​កម្សាន្ត​ហើយ​នោះ យើង​នឹង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ ជា​ពិសេស​ទេសចរ​ឥណ្ឌា​ខ្លួនឯង ក៏​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍​កម្ពុជា​ផង​ដែរ​។

ជាមួយ​គ្នា​នេះ គ្រឹះស្ថាន​អង្គរ រំពឹង​នា​ថ្ងៃ​អនាគត ភ្ញៀវ​ទេសចរ​នឹង​កើនឡើង ខណៈ​ឥណ្ឌា គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ទេសចរណ៍​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com