ប្រិយមិត្តជាទីមេត្រី! នៅថ្ងៃខួបមួយឆ្នាំនៃសង្គ្រាមអ៊ុយក្រែន ប្រទេសចិនដាក់ចេញសំណើ១២ចំណុច ដែលគូសបញ្ជាក់ពីគោលជំហររបស់ខ្លួន ដើម្បីទុកជាការត្រិះរិះពិចារណានៅក្នុងការចរចាសន្តិភាព។ នៅក្នុងនោះ ប្រទេសចិនប្រើពាក្យ «វិបត្តិអ៊ុយក្រែន» ជំនួសឱ្យពាក្យ «សង្គ្រា.មឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន» ដែលក្រុមបស្ចិមប្រទេសបានហៅ។ ផែនការ១២ចំណុចនោះត្រូវរដ្ឋាភិបាលអ៊ុយក្រែនសម្ដែងការសាទរដោយប្រុងប្រយ័ត្ន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/02/b5743841a21df4644141c04d113d0d06.jpg)
រដ្ឋាភិបាលចិនអំពាវនាវឱ្យភាគីជម្លោះទាំង២ រុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្ដើមការចរចាសន្តិភាព ព្រមទាំងជំរុញឱ្យគ្រប់ភាគីជៀសវាងឱ្យខាងតែបាននូវសង្គ្រាមនុយក្លេអ៊ែរ និងបញ្ឈប់ការវា.យប្រ.ហារទៅលើជនស៊ីវិល។ គួរកត់សម្គាល់ថាសំណើទាំង១២ចំណុចរបស់ប្រទេសចិនសម្រាប់ផែនការសន្តិភាពនៅអ៊ុយក្រែន ដែលប្រទេសចិនហៅថា «គោលជំហររបស់ប្រទេសចិន» ប្រកាសជាសាធារណៈមុនការថ្លែងសុន្ទរកថារបស់លោកស៊ីនជីនពីង ប្រមុខដឹកនាំចិន។ អ្នកវិភាគខ្លះកត់សម្គាល់ថាប្រទេសចិន និងរុស្ស៊ីកំពុងខិតរកគ្នាកាន់តែខ្លាំង។ ប៉ុន្មានថ្ងៃមុនចេញសំណើ១២ចំណុចនេះ ប្រមុខការទូតចិន លោកវ៉ាងអ៊ី បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ និងបានជួបសមភាគីរុស្ស៊ី និងលោកពូទីន។ ចង់ដឹងថាគោលជំហររបស់ប្រទេសចិនទាំង១២ចំណុចនោះមានខ្លឹមសារដើមយ៉ាងណាខ្លះ យើងសូមប្រែសម្រួលក្រៅផ្លូវការដែលមានសេចក្ដីដូចខាងក្រោម។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/02/ae779d4fe45c34245d2c2bfb9bb70689.jpg)
គោលជំហររបស់ប្រទេសចិនចំពោះដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន
១- អំពីការគោរពអធិបតេយ្យភាពប្រទេសទាំងអស់
ត្រូវបន្តឃ្លាំមើលការអនុវត្តច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសាកល រួមទាំងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ត្រូវរក្សាឱ្យបានប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់។ ប្រទេសទាំងអស់ មិនថាធំឬតូច, ខ្លាំងឬខ្សោយ, មានឬក្រ សុទ្ធតែជាសមាជិកស្មើមុខស្មើមាត់គ្នានៅក្នុងសហគមន៍អន្តរជាតិ។ ភាគីទាំងអស់គប្បីរួមគ្នាថែរក្សាឱ្យបាននូវបទដ្ឋានជាមូលដ្ឋានគ្រឹះដែលមានវិសាលភាពគ្របដណ្ដប់ទៅលើទំនាក់ទំនងអន្តរជាតិ ហើយគប្បីរួមគ្នាការពារយុត្តិធម៌ជាអន្តរជាតិ។ គប្បីលើកកម្ពស់ការអនុវត្តច្បាប់អន្តរជាតិដោយសមភាព និងដោយឥតលម្អៀង ហើយត្រូវបដិសេធការអនុវត្តស្តង់ដារពីរ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/02/3eace95aa79979e887bb33c432c1cb26-1.jpg)
២- អំពីការជម្រុះចោលផ្នត់គំនិតសង្គ្រាមត្រជាក់
ប្រទេសមួយកុំដើម្បីសន្តិសុខផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ប្រទេសដទៃ។ សន្តិសុខនៅក្នុងតំបន់មិនអាចកើតមានតាមរយៈការពង្រឹង ឬពង្រីកប្លុកយោធានោះទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយដោយសមស្របចំពោះបញ្ហាសន្តិសុខ និងអ្វីដែលជាក្ដីកង្វល់របស់ប្រទេសទាំងអស់។ គ្មានឡើយដំណោះស្រាយដ៏ងាយស្រួលសម្រាប់បញ្ហាដែលមានភាពស្មុគស្មាញប្រទាក់ក្រឡាគ្នា។ ភាគីទាំងអស់គប្បីបង្កើតរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុបដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងចីរភាព (តបតាមក្ដីសុបិនដែលចង់បានសន្តិសុខរួម គ្រប់ជ្រុងជ្រោយ ចេះសហការគ្នា និងចីរភាព, និងតបតាមការប្រាថ្នាចង់បានសន្តិភាព និងស្ថិរភាពពិភពលោកយូរអង្វែង)។ គ្រប់ភាគីគប្បីប្រឆាំងជំទាស់ទៅនឹងនឹងការគិតតែពីសន្តិសុខខ្លួនឯង សុខចិត្តធ្វើឱ្យប៉ះពាល់សន្តិសុខប្រទេសដទៃ, គប្បីទប់ស្កាត់មិនឱ្យមានការប្រឈមមុខដាក់គ្នារវាងប្លុកមួយនិងប្លុកមួយទៀត និងគប្បីធ្វើការរួមគ្នាដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពនៅលើដែនដីអាស៊ី-អឺរ៉ុប។
សហរដ្ឋអាមេរិកត្រូវគេមើលឃើញថាបានចូលរួមនៅក្នុងបក្សសម្ព័ន្ធយោធា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាជាច្រើនដែលមានជាអាទិ៍៖ អង្គការណាតូ, អូខឺស និងខ្វត ដើម្បីអ្វីដែលសហរដ្ឋអាមេរិកហៅថាជា «ការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ការបង្កើតបក្សសម្ព័ន្ធច្រើនស្អេកស្កះនេះហើយដែលប្រទេសចិននិយាយថាសន្តិសុខមិនអាចកើតមានដោយសារការពង្រីកប្លុកយោធា (នៅក្នុងរូបនេះ លោកចូ បៃឌឹនចូលរួមកិច្ចប្រជុំអង្គការណាតូ)
សហរដ្ឋអាមេរិកត្រូវគេមើលឃើញថាបានចូលរួមនៅក្នុងបក្សសម្ព័ន្ធយោធា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាជាច្រើនដែលមានជាអាទិ៍៖ អង្គការណាតូ, អូខឺស និងខ្វត ដើម្បីអ្វីដែលសហរដ្ឋអាមេរិកហៅថាជា «ការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក» (នៅក្នុងរូបនេះ លោកចូ បៃឌឹន ចូលរួមកិច្ចប្រជុំកំពូលខ្វត។ ពីឆ្វេងមកស្ដាំ នាយករដ្ឋមន្ត្រីអូស្ត្រាលី, លោកចូបៃឌឹន, នាយករដ្ឋមន្ត្រីជប៉ុន និងនាយករដ្ឋមន្ត្រីឥណ្ឌា)
សហរដ្ឋអាមេរិកត្រូវគេមើលឃើញថាបានចូលរួមនៅក្នុងបក្សសម្ព័ន្ធយោធា កិច្ចព្រមព្រៀង និងសន្ធិសញ្ញាជាច្រើនដែលមានជាអាទិ៍៖ អង្គការណាតូ, អូខឺស និងខ្វត ដើម្បីអ្វីដែលសហរដ្ឋអាមេរិកហៅថា «ការទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក» (នៅក្នុងរូបនេះ លោកចូ បៃឌឹន ចូលរួមកិច្ចប្រជុំកំពូលអូខឺស ដែលមានអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក)
ហេតុផលមួយនៅក្នុងចំណោមហេតុផលដទៃទៀតដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូលើកឡើងពីភាពសមហេតុផលដើម្បីវា.យប្រ.ហារអ៊ុយក្រែនគឺពាក់ព័ន្ធនឹងការចូលជាសមាជិកអង្គការណាតូ នេះជាអ្វីដែលប្រទេសចិនបានលើកឡើងនៅក្នុងចំណុចទី២។ ទោះបីប្រទេសចិនមិនបានសំដៅចំឈ្មោះប្រទេសណា ប៉ុន្តែគេអាចកាត់យល់ថាបើអ៊ុយក្រែនចូលជាសមាជិកណាតូប្រៀបបាននឹងការដើរហួសបន្ទាត់ក្រហម។ ដូច្នេះ ប្រទេសរុស្ស៊ីមិនអាចទទួលយកបានជាដាច់ខាត។ បើគេយល់មិនច្រឡំទេ រុស្ស៊ីវា.យប្រ.ហារអ៊ុយក្រែន ទាន់អ៊ុយក្រែនមិនទាន់ចូលជាសមាជិកអង្គការណាតូ (ពីឆ្វេងទៅស្ដាំ៖ លោកហ្សេលែនស្គី ប្រធានាធិបតីអ៊ុយក្រែន, លោកស្តុលថឹនបឺក អគ្គលេខាធិការអង្គការណាតូ)
៣- អំពីការបញ្ចប់អរិភាព
ជម្លោះប្រដាប់អាវុ.ធ និងសង្គ្រាមគ្មានផលចំណេញសម្រាប់នរណាម្នាក់ទេ។ ភាគីទាំងអស់ត្រូវមានគំនិតសុភវិនិច្ឆ័យ និងត្រូវចេះអត់ធ្មត់, មិនត្រូវចាក់សាំងថែមទៅលើភ្លើងដែលកំពុងឆេះ និងមិនត្រូវចាក់សាំងទៅលើភាពតានតឹងដែលកំពុងឡើងកម្ដៅខ្លាំង, ត្រូវខិតខំទប់ស្កាត់មិនឱ្យវិបត្តិធ្លាក់ដុនដាបកាន់តែខ្លាំង ឬឈានដល់ដំណាក់កាលគ្រប់គ្រងសភាពការណ៍លែងបាន។ ភាគីទាំងអស់គប្បីគាំទ្រឱ្យភាគីរុស្ស៊ី និងភាគីអ៊ុយក្រែនប្រកាន់យកទិសដៅស្របគ្នា និងគប្បីគាំទ្រឱ្យភាគីទាំង២ចាប់ផ្ដើមការសន្ទនាគ្នាដោយផ្ទាល់សាជាថ្មីកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យស្ថានការណ៍ថយកម្ដៅបន្តិចម្ដងៗ រហូតដល់ឈានទៅសម្រេចបាន «បទឈប់បាញ់ប្រកបដោយភាពហ្មត់ចត់គ្រប់ជ្រុងជ្រោយ»។
«ភាគីទាំងអស់ត្រូវចេះអត់ធ្មត» ជាឃ្លាដែលប្រទេសចិនឧស្សាហ៍ប្រើប្រាស់ជាញឹកញាប់ ជាពិសេស នៅក្នុងបញ្ហាកូរ៉េខាងជើង (នៅពេលដែលកូរ៉េខាងជើងបាញ់សាកល្បងគ្រាប់មីស៊ីលម្ដងៗ ដែលអាចនឹងមានការបញ្ចេញប្រតិកម្មពីប្រទេសដទៃដូចជាពីសំណាក់ប្រទេសជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង)។ ប្រទេសចិនចាត់ទុកថាការអត់ធ្មត់ជាកត្តាសំខាន់ ព្រោះស្ថានការណ៍ដែលកំពុងតែឡើងកម្ដៅស្រាប់ទៅហើយ បើយើងមិនខិតខំថ្នាក់ថ្នមសភាពការណ៍ឱ្យនៅត្រឹមប៉ុណ្ណឹង យ៉ាងហោចណាស់កុំពង្រីកបញ្ហា។ ភាសាសាមញ្ញាថា «កុំហួចហៅខ្យល់»។
៤- អំពីការចាប់ផ្ដើមកិច្ចចរចាសន្តិភាពជាថ្មី
ការសន្ទនា និងការចរចា បើយើងមើលនៅក្នុងទិដ្ឋភាពជាក់ស្ដែង ជាដំណោះស្រាយដែលអាចទៅរួចដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ ត្រូវលើកទឹកចិត្ត និងគាំទ្រចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលអាចបានជាប្រយោជន៍ដល់ដំណោះស្រាយសន្តិភាពដើម្បីបិទបញ្ចប់វិបត្តិនេះ។ សហគមន៍អន្តរជាតិគប្បីប្រកាន់គោលជំហរគាំទ្រអភិក្រមដ៏ត្រឹមត្រូវសំដៅលើកកម្ពស់ការចរចាសន្តិភាព។ គប្បីជួយឱ្យភាគីជម្លោះអាចបើកទ្វារទទួលយកដំណោះស្រាយកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ និងគប្បីបង្កើតលក្ខខណ្ឌ និងក្របខណ្ឌសម្រាប់ការចរចាគ្នាឡើងវិញ។ ប្រទេសចិននឹងបន្តបំពេញតួនាទីបែបស្ថាបនានៅក្នុងបញ្ហានេះ។
ប្រទេសនានាទូទាំងពិភពលោកទទួលស្គាល់ថាការចរចាជាជម្រើសសំខាន់ និងល្អបំផុតសម្រាប់ដោះស្រាយជម្លោះ និងស្វែងរកសន្តិភាព។ ប៉ុន្តែគេគិតថារាល់ការចរចាក៏ត្រូវតែធ្វើឡើងដោយស្មើមុខ ស្មើមាត់គ្នាផងដែរ។ នៅក្នុងសំណុំរឿងអ៊ុយក្រែន បញ្ហាប្រទាញប្រទង់គ្នានៅត្រង់ថាខាងភាគីរុស្ស៊ីទាមទារឱ្យអ៊ុយក្រែនទទួលស្គាល់តំបន់ផ្ដាច់ខ្លួនចំនួន៤ និងឧបទ្វីបគ្រីម៉េជាទឹកដីស្របច្បាប់របស់ប្រទេសរុស្ស៊ី។ ចំណែកលោកហ្សេលែនស្គីទើបតែបានបញ្ជាក់កាលពីពេលថ្មីៗនេះថាលោកមិនអាចបណ្ដោយឱ្យបាត់បង់ទឹកដីដើម្បីដូរយកសន្តិភាពនោះទេ។
៥- អំពីការដោះស្រាយវិបត្តិមនុស្សធម៌
ត្រូវលើកទឹកចិត្ត និងគាំទ្ររាល់ការដាក់ចេញវិធានការទាំងឡាយណាដែលអាចបានជាប្រយោជន៍ដល់ការដោះស្រាយវិបត្តិមនុស្សធម៌។ កិច្ចប្រតិបត្តិការមនុស្សធម៌នេះទៀតសោតគប្បីអនុវត្តស្របទៅតាមគោលការណ៍អព្យាក្រឹតឥតលម្អៀង។ ម៉្យាងទៀត បញ្ហាមនុស្សធម៌មិនគួរឡូកឡំជាមួយបញ្ហានយោបាយទេ។ ត្រូវធ្វើយ៉ាងណាការពារសុវត្ថិភាពជូនជនស៊ីវិលឱ្យខាងតែបាន ហើយគប្បីបង្កើតច្រករបៀងសម្រាប់ការជម្លៀសជនស៊ីវិលចេញពីតំបន់ជម្លោះ។ ចាំបាច់ត្រូវខិតខំបង្កើនការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់តំបន់នានា, លើកកម្ពស់ស្ថានភាពមនុស្សធម៌ និងផ្ដល់ជំនួយបន្ទាន់ ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង ដោយឈរលើគោលការណ៍ធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យកើតមានវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ។ គប្បីគាំទ្រការបំពេញតួនាទីរបស់អង្គការសហប្រជាជាតិដើម្បីសម្របសម្រួលការបង្កើតច្រកផ្លូវដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់មានជម្លោះ។
សង្គ្រាមអ៊ុយក្រែននាំឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ តាមការឱ្យដឹងរបស់យូអឹនអេចស៊ីអ័រ ដែលជាសេនាធិការរបស់អង្គការសហប្រជាជាតិ ជនស៊ីវិលអ៊ុយក្រែនរាប់លាននាក់ត្រូវបង្ខំចិត្តផ្លាស់ប្ដូរទីលំនៅនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីគេចចេញពីការប្រយុទ្ធគ្នា។ ក្រៅពីនេះ ជនជាតិអ៊ុយក្រែនយ៉ាងតិច៨លាននាក់ភៀសខ្លួនទៅប្រទេសដទៃ។ នៅក្នុងចំណោមពួកគេទាំងនោះ អ្នកខ្លះវិលត្រឡប់មកវិញ រីឯអ្នកខ្លះទៀតបង្ហួសដំណើរទៅប្រទេសដទៃទៀតនៅទ្វីបអឺរ៉ុប។ អ្នកខ្លះធ្វើដំណើររសាត់អណ្ដែតទៅឆ្ងាយៗរហូតដល់ចក្រភពអង់គ្លេសក៏មាន។
កាលពីពេលកន្លងមក ប្រទេសរុស្ស៊ីធ្លាប់យល់ព្រមអនុញ្ញាតឱ្យបង្កើតច្រកផ្លូវរបៀងដើម្បីជួយសម្រួលដល់ការជម្លៀសខ្លួនជនស៊ីវិលអ៊ុយក្រែនចេញពីតំបន់មានជម្លោះ។ កិច្ចព្រមព្រៀងនេះអាចសម្រេចទៅបានដោយមានការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែជាក់ស្ដែង ច្រករបៀងនេះមានតែនៅលើកិច្ចព្រមព្រៀងប៉ុណ្ណោះ។ បុគ្គលិករបស់អង្គការផ្ដល់ជំនួយមនុស្សធម៌ប្រាប់ថាពួកគេពិបាក ឬមិនអាចចូលទៅចែកអំណោយសម្រាប់ជនស៊ីវិលនៅតំបន់មានជម្លោះបានទេ។
៦- អំពីការគាំពារជនស៊ីវិល និងឈ្លើយសឹក
ភាគីជម្លោះគប្បីគោរពឱ្យបានខ្ជាប់ខ្ជួនទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ, គប្បីជៀសវាងការវា.យប្រ.ហារទៅលើជនស៊ីវិល ឬទីតាំងរបស់ជនស៊ីវិល, គប្បីគាំពារស្ត្រី កុមារ និងជនរងគ្រោះដទៃទៀតដោយសារជម្លោះប្រដាប់អាវុ.ធ, និងគប្បីគោរពសិទ្ធិជាមូលដ្ឋានរបស់ឈ្លើ.យសឹក។ ប្រទេសចិនគាំទ្រការដោះដូរឈ្លើ.យសឹករវាងភាគីរុស្ស៊ី និងភាគីអ៊ុយក្រែន និងអំពាវនាវឱ្យគ្រប់ភាគីសម្រួលលក្ខខណ្ឌល្អៗសម្រាប់បុព្វហេតុនេះ។
ការដូរឈ្លើ.យសឹ.កគ្នារវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនតែងតែធ្វើឡើងជាហូរហែ។ នៅក្នុងរូបភាពនេះ អ៊ុយក្រែនដូរឈ្លើ.យសឹកទាហាននៅតំបន់ផ្ដា.ច់ខ្លួនជាមួយឈ្លើ.យសឹកអ៊ុយក្រែន។
៧- អំពីការរក្សាសុវត្ថិភាពនៅរោងចក្រនុយក្លេអ៊ែរ
ប្រទេសចិនប្រឆាំងជំទាស់ទៅនឹងការវា.យប្រ.ហាររោងចក្រនុយក្លេអ៊ែរ ឬទីតាំងនុយក្លេអ៊ែរទាំងឡាយណាដែលប្រើប្រាស់នៅក្នុងគោលបំណងសន្តិភាព។ ប្រទេសចិនអំពាវនាវឱ្យគ្រប់ភាគីគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្ដីពីការធានាសុវត្ថិភាពនុយក្លេអ៊ែរផងដែរ។ ប្រទេសចិនអំពាវនាវឱ្យគ្រប់ភាគីជៀសវាងឱ្យខាងតែបាននូវការកើតមានឧបទ្ទវហេតុនុយក្លេអ៊ែរដោយសារស្នាដៃមនុស្ស។ ប្រទេសចិនគាំទ្រការបំពេញតួនាទីបែបស្ថាបនារបស់ទីភ្នាក់ងារអាតូមិចអន្តរជាតិ (អាយអេអ៊ីអេ) ដើម្បីលើកកម្ពស់សុវត្ថិភាព និងសន្តិសុខនៅលើទីតាំងនុយក្លេអ៊ែរដែលប្រើប្រាស់នៅក្នុងគោលបំណងសន្តិភាព។
រោងចក្រនុយក្លេអ៊ែរនៅហ្សាប៉ូរីហ្សៀឧស្សាហ៍កើតមានករណីគ្រា.ប់មីស៊ីលធ្លា.ក់ទៅលើបរិវេណរោងចក្រ។ បញ្ហានេះធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំង ព្រោះបើសារធាតុវិទ្យុសកម្មបែ.កធ្លា.យចេញពីរោងចក្រនេះ ប្រហែលជាមានហានិភ័យខ្ពស់ណាស់។ កន្លងមក ទាំងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែនសុទ្ធតែអះអាងដូចៗគ្នាថាខ្លួនមិនមែនជាអ្នកបា.ញ់រ៉ុកកែត ឬមីស៊ីលចូលទីតាំងរោងចក្រនេះទេ។ រុស្ស៊ីលើកហេតុផលថាខ្លួនមិនត្រូវការបា.ញ់កាំ.ភ្លើងចូលទៅនោះទេព្រោះរោងចក្រនេះកំពុងស្ថិតនៅក្រោមការកាន់កា.ប់របស់ខ្លួន។ ចំណែកអ៊ុយក្រែនលើកហេតុផលថាបើខ្លួនបា.ញ់ចូលទីតាំងរោងចក្រនោះ អ្នកដែលរងគ្រោះខ្លាំងជាងគេគឺប្រទេសអ៊ុយក្រែនខ្លួនឯង។ សូមបញ្ជាក់ថាពាក្យ «រោងចក្រនុយក្លេអ៊ែរ» មិនមែនមានន័យថារោងចក្រហ្នឹងផលិតអា.វុធនុយក្លេអ៊ែរទេ។ វាជារោងចក្រផលិតថាមពលអគ្គិសនី ដោយប្រើប្រាស់ឧបករណ៍បម្លែងសារធាតុវិទ្យុសកម្មកម្រិតស្រាលទៅជាថាមពលអគ្គិសនី។ គេឱ្យឈ្មោះឧបករណ៍បម្លែងនេះថាម៉ាស៊ីនរ៉េអាកទ័រនុយក្លេអ៊ែរ ឬម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរ។
៨- អំពីការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ
មិនត្រូវប្រើប្រាស់អា.វុធនុយក្លេអ៊ែរ និងមិនត្រូវឱ្យមានសង្គ្រាមនុយក្លេអ៊ែរជាដាច់ខាត។ គប្បីប្រឆាំ.ងចំពោះការគំរា.មប្រើប្រាស់អាវុ.ធនុយក្លេអ៊ែរ និងប្រឆាំ.ងចំពោះការប្រើប្រាស់អាវុ.ធនុយក្លេអ៊ែរ។ ត្រូវតែទប់ស្កាត់ការរីកសាយភាយអា.វុធនុយក្លេអ៊ែរ ហើយត្រូវតែជៀសវាងមិនឱ្យកើតមានវិបត្តិនុយក្លេអ៊ែរ។ ប្រទេសចិនប្រឆាំងជំទាស់នឹងការស្រាវជ្រាវ ការអភិវឌ្ឍ និងការប្រើប្រាស់អា.វុធគីមី និងអា.វុធជីវសាស្ត្រពីសំណាក់ប្រទេសណាមួយ ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ។
ប្រទេសនានានៅក្នុងពិភពលោកពិតជាព្រួយបារម្ភខ្លាំងចំពោះលទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើគេបណ្ដោយឱ្យសង្គ្រាមអ៊ុយក្រែនរីករាលដាលកាន់តែខ្លាំង។ ការព្រួយបារម្ភនេះមិនមែនឥតហេតុផលទេ។ លោកពូទីនឧស្សាហ៍ក្រើនរម្លឹកពីបញ្ហានុយក្លេអ៊ែរប្រាប់ទៅបស្ចិមប្រទេសដើម្បីកុំឱ្យពួកគេមើលស្រាលសមត្ថភាពនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ី។ ថ្មីៗនេះ លោកពូទីនសម្រេចចិត្តព្យួរទុកនូវកិច្ចសហការគ្រប់គ្រងអាវុ.ធនុយក្លេអ៊ែរ ឬសន្ធិសញ្ញាញូស្តាត។ លោកថែមទាំងព្រលយពាក្យថាកងទ័ពរុស្ស៊ីកំពុងដាក់ពង្រាយអាវុ.ធនុយក្លេអ៊ែរនៅលើទីតាំងយុទ្ធសាស្ត្រសំខាន់ៗ។ អ្នកខ្លះវិភាគឃើញថាលោកពូទីនមិនអាចបាក់មុខនៅក្នុងសង្គ្រាមនេះទេ។ បានជាជ្រុលដុតបញ្ឆេះភ្លើងសង្គ្រាមនេះហើយ លោកមិនអាចដកកងទ័ពថយទៅវិញទាំងដៃទទេ និងដោយក្ដីអាម៉ាស់បែបនេះឡើយ។ សូម្បីតែលោកពូទីនខ្លួនឯងក៏ធ្លាប់មានប្រសាសន៍ដែរថា «រុស្ស៊ីត្រូវតែឈ្នះសង្គ្រាម។ បើប្រើអា.វុធធម្មតាមិនឈ្នះទេ នឹងឈានដល់ការប្រើអា.វុធនុយក្លេអ៊ែរ»។
៩- អំពីការជួយសម្រួលការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ
គ្រប់ភាគីចាំបាច់ត្រូវចូលរួមអនុវត្តឱ្យបានពេញទំហឹងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដោយឥរិយាបថឥតលម្អៀងនូវ «កិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនធញ្ញជាតិកាត់តាមច្រកសមុទ្រខ្មៅ» ដែលចុះហត្ថលេខាដោយប្រទេសរុស្ស៊ី តួកគី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ។ គ្រប់ភាគីចាំបាច់ត្រូវគាំទ្រការបំពេញតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិនៅក្នុងបញ្ហានេះ។ ការដែលប្រទេសចិនបំផុសឱ្យមាន «កិច្ចសហការគ្នានៅក្នុងវិស័យសន្តិសុខស្បៀងសាកល» បានផ្ដល់ជាដំណោះស្រាយដ៏ល្អប្រសើរសម្រាប់ជួយស្រោចស្រង់វិបត្តិស្បៀងអាហារសាកល។
ប្រទេសអ៊ុយក្រែនចូលរួមចំណែកដ៏សំខាន់នៅក្នុងវិស័យសន្តិសុខស្បៀងសាកល។ ជាពិសេស ប្រទេសនេះអាចផលិតស្រូវសាលីបានរាប់សិបលានតោននៅក្នុងមួយឆ្នាំៗ ហើយអាចនាំចេញទៅកាន់ទីផ្សារពិភពលោកជាងម្ភៃលានតោន។ ប្រទេសនេះក៏នាំចេញប្រេងឆាដែលផលិតពីផ្កាឈូករ័ត្នយ៉ាងច្រើនផងដែរ។ ប៉ុន្តែសង្គ្រាមបានបិទខ្ទប់ការនាំចេញដោយសារប្រទេសរុស្ស៊ីលើកហេតុផលថាខ្លាចក្រែងអ៊ុយក្រែនលួចបន្លំដឹកអាវុ.ធតាមរយៈកប៉ាល់ដឹកធញ្ញជាតិ។ គ្រាន់តែប្រទេសរុស្ស៊ី និងអ៊ុយក្រែនអាចផ្គត់ផ្គង់គ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារពិភពលោកប្រមាណ៣០%។ ត្រឹមខែមករា ឆ្នាំ២០២៣ ប្រទេសអ៊ុយក្រែននាំចេញស្រូវសាលី និងកសិផលប្រភេទគ្រាប់ធញ្ញជាតិដទៃទៀតប្រមាណជាង១៨លានតោនទៅកាន់ទីផ្សារពិភពលោក។
បន្ទាប់ពីប្រទេសលោកខាងលិចដាក់ទណ្ឌកម្មមិនឱ្យរុស្ស៊ីនាំចេញទំនិញ (រួមទាំងកសិផលផងដែរ) និងបន្ទាប់ពីរុស្ស៊ីបិទខ្ទប់មិនឱ្យអ៊ុយក្រែនដឹកធញ្ញជាតិតាមច្រកសមុទ្រខ្មៅទៀត ធ្វើឱ្យពិភពលោកខ្វះខាតស្បៀងអាហារ។ ប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅប៉ែកអាហ្វ្រិក។ វិបត្តិស្បៀងអាហារក៏ធ្វើឱ្យមានអតិផរណាហក់ឡើងខ្ពស់ផងដែរ។ ដោយសារវិបត្តិស្បៀងអាហារនេះ អង្គការសហប្រជាជាតិខិតខំចរចា និងសម្រុះសម្រួលគ្នាជាហូរហែ ដោយមានការជួយជ្រោមជ្រែងពីប្រទេសតួកគី ដើម្បីបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូអនុញ្ញាតឱ្យអ៊ុយក្រែនអាចនាំចេញគ្រាប់ធញ្ញជាតិ។ ប៉ុន្តែការដឹកជញ្ជូនត្រូវធ្វើឡើងតាមរយៈកប៉ាល់របស់ក្រុមហ៊ុនប្រទេសដទៃ។
១០- អំពីការបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគី
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគី និងការដាក់សម្ពាធជាអតិបរមា មិនអាចដោះស្រាយបញ្ហាបានទេ។ វិធានការទាំងនេះបានត្រឹមតែបង្កើតបញ្ហាថ្មីៗបន្ថែមទៀតប៉ុណ្ណោះ។ ប្រទេសចិនប្រឆាំងជំទាស់ទៅនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីដែលមិនបានធ្វើឡើងនៅក្រោមក្របខណ្ឌរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសដែលជាប់ពាក់ព័ន្ធនានាគប្បីឈប់អនុវត្តទាំងបំពាននូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគី និងការអនុវត្តច្បាប់ហួសព្រំដែនកំណត់ទៅលើប្រទេសដទៃ។ ធ្វើបែបនេះបានទើបអាចចូលរួមចំណែកនៅក្នុងការបន្ធូរបន្ថយវិបត្តិអ៊ុយក្រែន និងជួយបង្កលក្ខណៈឱ្យប្រទេសកំពុងអភិវឌ្ឍអាចរីកចម្រើនសេដ្ឋកិច្ច ហើយប្រជាជនមានជីវភាពរស់នៅកាន់តែប្រសើរ។
ជានិច្ចកាល ប្រទេសចិនប្រកាន់គោលជំហរប្រឆាំងជំទាស់នឹងការដាក់ទណ្ឌកម្មជាឯកតោភាគី ដែលមិនធ្វើឡើងតាមយន្តការរបស់អង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កន្លងមក បស្ចិមប្រទេសច្រើនប្រើប្រាស់យន្តការឯកតោភាគីដើម្បីដាក់ទណ្ឌកម្ម។ ពួកគេធ្លាប់សាកល្បងយកសំណើដាក់ទណ្ឌកម្មទៅឆ្លងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ប៉ុន្តែសំណើរបស់ពួកគេត្រូវបានបោះឆ្នោតជំទាស់ (វេតូ)។ ជាគោលការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ បើនៅក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥ (ប្រទេសចិន រុស្ស៊ី បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក) មានប្រទេសតែ១ជំទាស់ គឺមិនអាចចេញសេចក្ដីសម្រេចបានទេ។ ឧទាហរណ៍ នៅក្នុងសំណុំរឿងអ៊ុយក្រែន ដែលមានភាគីរុស្ស៊ីនៅក្នុងហ្នឹងដែរ។ បើយកសំណើសុំដាក់ទណ្ឌកម្មរុស្ស៊ីទៅឆ្លងក្រុមប្រឹក្សាសន្តិសុខ យ៉ាងហោចណាស់ក៏ត្រូវប្រទេសរុស្ស៊ីបោះឆ្នោតជំទាស់ដែរ។
១១- អំពីការរក្សាលំនឹងសង្វាក់ឧស្សាហកម្ម និងផ្គត់ផ្គង់
គ្រប់ភាគីគប្បីខិតខំថែរក្សាឱ្យបានគង់វង្សនូវប្រព័ន្ធសេដ្ឋកិច្ចសាកលដែលនៅជាធរមាន ហើយគប្បីប្រឆាំងជំទាស់ទៅនឹងការយកសេដ្ឋកិច្ចសាកលធ្វើជាឧបករណ៍ ឬអា.វុធសម្រាប់បម្រើឱ្យនយោបាយផ្ទាល់ខ្លួន។ ចាំបាច់ត្រូវតែខិតខំរួមគ្នាដើម្បីបន្ធូរបន្ថយវិបត្តិដែលឡើងកម្ដៅខ្លាំង និងទប់ស្កាត់មិនឱ្យវិបត្តិនេះបន្ទច់បង្អាក់ដល់កិច្ចសហការជាអន្តរជាតិនៅក្នុងវិស័យថាមពល ហិរញ្ញវត្ថុ ស្បៀងអាហារ ពាណិជ្ជកម្ម និងដឹកជញ្ជូន។ ត្រូវខំទប់ស្កាត់មិនឱ្យវិបត្តិនេះប៉ះពាល់ខ្លាំងដល់ដំណើរការស្ដារសេដ្ឋកិច្ចសាកលឡើងវិញ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/02/c1c6b14e9b291ed664d9b5b3ae7b1671.jpg)
១២- អំពីការលើកកម្ពស់ការស្ដារឡើងវិញតំបន់មានជម្លោះ
សហគមន៍អន្តរជាតិចាំបាច់ត្រូវដាក់ចេញវិធានការនានាសំដៅគាំទ្រការស្ដារឡើងវិញតំបន់ដែលមានជម្លោះ។ ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ការគាំទ្រ និងត្រៀមដើរតួនាទីបែបស្ថាបនានៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕
ចែករំលែកព័តមាននេះ