ខេត្តប៉ៃលិន ៖ បច្ចុប្បន្ននៅក្នុងខេត្តប៉ៃលិន មានការអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងក្នងក្រុង និងនៅតាមតំបន់ជនបទដាច់ស្រយាល ជាក់ស្តែងនៅតាមផ្លូវមួយចំនួន ក្នុងក្រុងប៉ៃ អាជ្ញាធរកំពុងសាង់សង់ និងរុះរើរំដោះចំណីផ្លូវ ដើម្បីងាយស្រួលធ្វើដំណើរ និងរៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយ ហើយបង្កើតឱ្យមានសោភណ្ឌភាពទីក្រុងថែមទៀត ។
ដោយអោយប្រជាពលរដ្ឋចូលរួមផ្តល់ជាមតិ ទើបនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក ចក់ ឬទ្ធី អភិបាលរងក្រុងប៉ៃលិន បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរុះរើសំណង់ ដែលកំពុងសាងសង់នៅលើដីចំណីផ្លូវរបស់រដ្ឋ តាមបណ្តោយផ្លូវបេតុង ចំណុចបេឡានថ្មី ស្ថិតនៅភូមិអូរតាពុកលើ ភូមិបឌិននៀវ សង្កាត់ប៉ៃលិន និងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ជួបជាមួយនឹងមន្ត្រីជំនាញរដ្ឋបាលក្រុងប៉ៃលិន អាជ្ញាធរសង្កាត់ប៉ៃលិន និងសង្កាត់ទួលល្វា ព្រមទាំងប្រជាពលរដ្ឋពាក់ព័ន្ធ នៅក្នុងសាលប្រជុំសាលាក្រុងប៉ៃលិន ដែលមានប្រជាពលរដ្ឋចូលរួមជិត៣០នាក់ ។
បើតាមការលើកឡើងពីលោក ចក់ ឬទ្ធី អភិបាលរងក្រុងប៉ៃលិន បានលើកហេតុផលពីច្បាប់ភូមិបាល និងច្បាប់ផ្សេងៗថា ដីរបស់បងប្អូនប្រជាពលរដ្ឋសុទ្ធតែមានប្លង់ប្រព័ន្ធត្រឹមត្រូវអស់ហើយ ខាងអាជ្ញាធរក៏អភិវឌ្ឍន៍ តែលើដីចំណីផ្លូវប៉ុណ្ណោះ មិនអោយចូលក្នុងប្លង់របស់ប្រជាពលរដ្ឋណាម្នាក់ឡើយ ។
លោកបន្តទៀតថា ហើយផ្លូវចំណុចបេនឡានថ្មីនេះ គឺផ្លូវនិងចំណីផ្លូវ២០ម៉ែត្រ។ តែដោយមានការសំណូមពរពីប្រជាពលរដ្ឋជំហានទី១នេះ គឺអោយបងប្អូនប្រជាពលរដ្ឋរុះរើវាស់សំយាបពីចិញ្ចើមផ្លូវ ប្រវែង៣ម៉ែត្រប៉ុណ្ណោះ។ តែចំណីផ្លូវ មិនអាចអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់សាងសង់សំណង់រឹងបានឡើយ គឺគ្រាន់តែទុកសម្រាប់ចតឡាន ឬម៉ូតូរបស់ខ្លួន ។
លោកអភិបាលរងក្រុង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងសាង់សង់សំណង់រឹងផ្សេងៗ ត្រូវតែសុំច្បាប់ជាមុនសិន ទើបខាងជំនាញចុះវាស់វែងកំណត់ព្រំត្រឹមត្រូវ ហើយហាមសាងសង់លើចំណីផ្លូវសាធារណៈជាដាច់ខាត ។
ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋបានយល់ព្រមតាមការកំណត់របស់រដ្ឋបាលក្រុង ហើយពួកគាត់ម្នាក់ៗ មានក្តីរំភើបរីករាយ ក្នុងការសហការរុះរើសំយាបផ្ទះ ដែលចូលលើចំណីផ្លូវ ដោយការយល់ស្រប និងសូមអរគុណដល់រដ្ឋបាលក្រុង ដែលសម្របសម្រួលក្នុងជំហានទី១ ៕








ចែករំលែកព័តមាននេះ