ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក ! ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ស្តី​ពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ នៅ​ថ្ងៃស្អែក​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ស្តី​ពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ នៅ​ថ្ងៃស្អែក​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ស្តី​ពី​ស្ថានភាព​បច្ចុប្បន្ន រវាង​កម្ពុជា និង​ថៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី តប​តាម​ការ​សម្រេច​របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី កម្ពុជា និង​ថៃ នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ ។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ពិសេស​នេះ នឹង​ពិភាក្សា​អំពី​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ស្ថានការណ៍ ក្នុង​គោលដៅ​បង្កើន​ការ​យោគយល់​ពី​គ្នា និង​ជំនឿ​ទុកចិត្ត​ទៅ​វិញ​ទៅ​មក ជំរុញ​ការ​បន្ថយ​ភាព​តានតឹង និង​ស្តារ​ឡើង​វិញ​នូវ​សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិតខាង​ល្អ ។

ប្រភព​បាន​បញ្ជាក់​ថា​៖ កម្ពុជា​នឹង​បញ្ជាក់​ជា​ថ្មី​ឡើង​វិញ​នូវ​គោល​ជំហរ​យ៉ាង​មុតមាំ​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​ទំនាស់ និង​ជម្លោះ​ទាំងឡាយ តាម​គ្រប់​មធ្យោបាយ​សន្តិវិធី​ការ​សន្ទនា និង​ផ្លូវ​ការទូត ស្រប​តាម​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​។

នា​ឱកាស​នៃ​កិច្ចប្រជុំ​នេះ ឯកឧត្តម ប្រាក់ សុ​ខុន នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​អាស៊ាន ផ្សេង​ទៀត​ផង​ដែរ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ជំរុញ​វិធានការ​កសាង​ទំនុកចិត្ត​បន្ថែម​ទៀត ។ ការ​ចូលរួម​របស់​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ពិសេស​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​សន្តិភាព សន្តិសុខ និង​វិបុលភាព ក្នុង​តំបន់​ក៏​ដូច​ជា ការ​លើកកម្ពស់ ម​ជ្ឈ​ភាព និង​ឯកភាព​អាស៊ាន ដែល​នឹង​ពង្រឹង​ដល់​ការ​រួមចំណែក​ដ៏​យូរអង្វែង​របស់​អាស៊ាន​ចំពោះ សហគមន៍​អន្តរជាតិ​ទាំងមូល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ