ទីក្រុងហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំក្រោយ នឹងមិននាំចូលអង្ករសម្រាប់ការប្រើប្រាស់ ឬសម្រាប់ឧស្សាហកម្ម ដោយលើកឡើងពីផលិតកម្មក្នុងស្រុកគ្រប់គ្រាន់។ ការសម្រេចនេះ ត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំសម្របសម្រួលរបស់រដ្ឋមន្ត្រីកាលពីថ្មីៗនេះ នៅក្នុងទីក្រុងហ្សាកាតា ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងសម្របសម្រួលសន្តិសុខស្បៀង ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារស្ថិតិកណ្តាលផងដែរ។
លោក Tatang Yuliono អនុប្រធានសម្របសម្រួលពាណិជ្ជកម្ម និងចែកចាយនៃក្រសួងសម្របសម្រួលសន្តិសុខស្បៀង បានលើកឡើងថា តម្រូវការក្នុងស្រុកទាំងអស់ រួមទាំងអង្ករសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ និងការកែច្នៃឧស្សាហកម្ម នឹងត្រូវបានបំពេញយ៉ាងពេញលេញដោយផលិតកម្មក្នុងស្រុក។
រដ្ឋាភិបាលក៏បានបដិសេធសំណើរបស់ក្រសួងឧស្សាហកម្ម ដើម្បីនាំចូលអង្ករជិត ៣៨១ ០០០ តោនសម្រាប់ការប្រើប្រាស់ក្នុងឧស្សាហកម្មនៅឆ្នាំក្រោយ ដោយជឿជាក់ថា ការផ្គត់ផ្គង់ក្នុងស្រុកនឹងគ្រប់គ្រាន់។ គោលនយោបាយមិននាំចូលអង្ករនឹងត្រូវអនុវត្តទូទាំងប្រទេស រួមទាំងតំបន់ពាណិជ្ជកម្មសេរី ដូចជា ទីក្រុងសាបាង (Sabang) ក្នុងខេត្តអាឆេ (Aceh) ជាដើម។ លោក Tatang Yuliono បានបន្ថែមទៀតថា ក្រសួងពាក់ព័ន្ធនឹងបន្តពិនិត្យឡើងវិញនូវគោលនយោបាយនាំចូលស្បៀងអាហារ តាមរយៈកិច្ចប្រជុំតុល្យភាពទំនិញនាពេលខាងមុខ។
ទំនុកចិត្តរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីបានមកពីការអនុវត្តវិស័យកសិកម្មដ៏រឹងមាំនៅឆ្នាំនេះ នៅពេលដែលប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ បានបញ្ឈប់ការនាំចូលអង្ករ និងពោត ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងសន្តិសុខស្បៀងជាតិ។ នៅពាក់កណ្តាលឆ្នាំ ២០២៥ ទុនបម្រុងអង្កររបស់ឥណ្ឌូណេស៊ី បានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រហែល ៤ លានតោន ដែលជួយធ្វើឱ្យទីផ្សារមានស្ថិរភាព ក៏ដូចជាគាំទ្រដល់តំបន់រងផលប៉ះពាល់ដោយគ្រោះមហន្តរាយថែមទៀតផង។
យោងតាមទិន្នន័យផ្លូវការបង្ហាញថា ការផលិតអង្កររបស់ឥណ្ឌូណេស៊ី នៅឆ្នាំ ២០២៥ ត្រូវបានព្យាករថានឹងឈានដល់ ៣៤,៧៧ លានតោន កើនឡើង ១៣,៥៤% ធៀបនឹងឆាំ្នមុន ដែលជំរុញដោយអាកាសធាតុអំណោយផល និងគោលនយោបាយគាំទ្រកសិករក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto)។ ចំណែកទិន្នផលពោតក៏ត្រូវបានរំពឹងថានឹងឈានដល់ប្រហែល ៤ លានតោននៅចុងឆ្នាំនេះផងដែរ ដោយធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងវិស័យបសុបក្សី៕ ប្រភព ៖ VNA

ចែករំលែកព័តមាននេះ