ខេត្តកំពង់ស្ពឺ៖ ក្រោមការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានបន្តដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត អញ្ជើញនាំយកសម្ភារៈ ថវិកាមួយចំនួនចុះសួរសុខទុក្ខ វីរកងទ័ព ដែលរងរបួសនៅសមរភូមិ នឹងរងគ្រោះដោយផ្សែងពុលរបស់កងទ័ពឈ្លានពានសៀម ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ចំនួន០២ទីតាំងស្ថិតនៅ ក្រុងឧដុង្គម៉ែជ័យ និងស្រុកបសេដ្ឋ។
ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកទឹកចិត្ត និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះ វីរភាពអង់អាចក្លាហានដែលហ៊ានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ រដ្ឋបាលខេត្តនឹងមិនបោះបង់ចោលវីរកងទ័ព និងគ្រួសារកងទ័ពឡើយ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមបានជំរុញឱ្យវីរកងទ័ពខិតខំថែទាំសុខភាព ស្ដាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ នឹងត្រឡប់ទៅកាន់សមរភូមិវិញ ដើម្បីការពារបូរណភាពទឹកដីកម្ពុជាឱ្យខានតែបាន។
សូមបញ្ជាក់ផងដែរថា៖ វីរកងទ័ពដែលកំពុងសម្រាកព្យាបាលមាន ឈ្មោះ ម៉ៅ ភារម្យ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិតាម៉ឺន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នឹងក្រុងឧដុង្គម៉ែជ័យ វីរកងទ័ពឈ្មោះ ហួន ចាន់ ភេទប្រុស អាយុ ៥១ឆ្នាំ បម្រេីការងារនៅអង្គភាពភូមិភាគ៥ តំបនសឹករងព្រះវិហារ ឈរជើងនៅអានសេះ រងគ្រោះដោយផ្សែងពុលរបស់កងទ័ពឈ្លានពានសៀម និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
បន្ទាប់ពីបានធូរ ស្បេីយ ក៏បានមកលេងប្រពន្ធកូន នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ដោយឆន្ទះមោះមុតអង្គអាចក្លាហានវីរកងទ័ពយើងប្តេជ្ញាថា បើលោកមានអការៈធូស្បើយ លោកនឹងត្រឡប់ទៅសមរភូមិវិញ ដើម្បីការពារបូរណភាពទឹកដីកម្ពុជាពីសត្រូវឈ្លានពាន៕








ចែករំលែកព័តមាននេះ