សហរដ្ឋអាមេរិក ៖ លោក Elon Musk នៅតែបន្តឈរជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោកដដែល ហើយមកទល់ពេលនេះ ទ្រព្យសុទ្ធរបស់មហាសេដ្ឋីសញ្ជាតិអាមេរិកវ័យ៥៤ឆ្នាំ នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានកើនលើសពី ៧០០ ពាន់លានដុល្លារអាមេរិក ហើយលោកក៏ជាបុគ្គលដំបូងគេលើពិភពលោក ដែលសម្រេចបានកំណត់ត្រានេះផងដែរ។
ត្រឹមតែ ៤ ថ្ងៃ បន្ទាប់ពីក្លាយជាបុគ្គលដំបូងគេនៅក្នុងប្រវត្តិសាស្ត្រមានទ្រព្យសុទ្ធ ៦០០ ពាន់លានដុល្លារនោះ លោក Elon Musk ក៏បានបន្តបោះជំហានឥតឈប់ឈរក្លាយជាបុគ្គលដំបូងគេលើលោក ដែលទ្រព្យសុទ្ធឈានដល់ ៧០០ ពាន់លានដុល្លារ។ យោងតាមទិន្នន័យពីទស្សនារដ្តី Forbes គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ប៉ាន់ប្រមាណថា ទ្រព្យសុទ្ធរបស់លោកបានឈានដល់កម្រិតខ្ពស់បំផុត ៧៤៩ ពាន់លានដុល្លារ។
ការហក់ឡើងតួលេខទ្រព្យសម្បត្តិដ៏មហាសាលរបស់កំពូលមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ កើតឡើងបន្ទាប់ពីតុលាការកំពូលរដ្ឋដេឡាវែ (Delaware) សហរដ្ឋអាមេរិក បានលុបចោលសេចក្តីសម្រេចតុលាការជាន់ទាប ដែលបានលុបចោលកញ្ចប់ជម្រើសភាគហ៊ុន (Stock Options) របស់ក្រុមហ៊ុន Tesla ចំនួន ១៣៩ ពាន់លានដុល្លារ ដែលមានចំណែកផ្តល់ជូនលោក Elon Musk។
កន្លងមក តុលាការជាន់ទាបបានសម្រេចថា ដំណើរការនៃការផ្តល់ជម្រើសភាគហ៊ុនដល់លោក Elon Musk កាលពីឆ្នាំ ២០១៨ គឺអយុត្តិធម៌ ព្រោះបានប៉ះពាល់ដល់ការគ្រប់គ្រងរបស់លោកលើក្រុមប្រឹក្សាភិបាល Tesla។ ទោះយ៉ាងណាក៏ដោយ តុលាការកំពូលបានសម្រេចនៅថ្ងៃទី១៩ ខែធ្នូ ថា ការលុបចោលរបស់តុលាការជាន់ទាប កាលពីឆ្នាំមុន គឺជារឿងអយុត្តិធម៌សម្រាប់លោក Elon Musk។ នៅឆ្នាំ ២០១៨ លោក Elon Musk បានទទួលកញ្ចប់ប្រាក់បៀវត្សរ៍ រួមទាំងភាគហ៊ុនមានតម្លៃ ៥៦ ពាន់លានដុល្លារ ប៉ុន្តែត្រូវបានលុបចោលដោយតុលាការជាន់ទាប។
បន្ថែមពីលើការផ្តល់ជម្រើសភាគហ៊ុន លោកក៏មានភាគហ៊ុនធម្មតា (Common Stock) ចំនួន ១២% របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខា្នតយក្សរបស់អាមេរិកមួយនេះ មានតម្លៃ ១៩៩ ពាន់លានដុល្លារ ធ្វើឱ្យទ្រព្យសកម្មសរុបរបស់លោកទាក់ទងនឹង Tesla កើនដល់ ៣៣៨ ពាន់លានដុល្លារ។ ទោះយ៉ាងណា តួលេខនេះ មិនរាប់បញ្ចូលកញ្ចប់សំណងដាច់ដោយឡែកដែល Tesla បានផ្តល់ជូនលោក Elon Musk កាលពីខែវិច្ឆិកាកន្លងទៅ នូវភាគហ៊ុនបន្ថែមចំនួន ១ ទ្រីលានដុល្លារនោះទេ។
តាមបញ្ជីមហាសេដ្ឋីពិភពលោករបស់ Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Elon Musk បានវ៉ាដាច់សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ដែលជាបុគ្គលមានបំផុតទី ២ លើពិភពលោក ជិត ៥០០ ពាន់លានដុល្លារឯណោះ ខណៈទ្រព្យ មហាសេដ្ឋីអាមេរិកវ័យ៥២ឆ្នាំរូបនេះ ២៥២,៦ ពាន់លានដុល្លារតែប៉ុណ្ណោះ៕ ប្រភព ៖ Forbes, Reuters និង Sky News


ចែករំលែកព័តមាននេះ